​ពលរដ្ឋមួយចំនួន​មានជម្លោះដីធ្លីនៅខេត្តកំពង់ធំ គេចខ្លួនដោយបារម្ភពីសុវត្ថិភាព

ទាហាន ដែលគេដាក់ពង្រាយនៅភូមិ នៅក្បែរដីមានទំនាស់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ រូបភាព៖ អាដហុកកំពង់ធំ

ពលរដ្ឋដែលចេញមុខតវ៉ា ករណីដីធ្លីនៅខេត្តកំពង់ធំ ទទួចឱ្យអាជ្ញាធរខេត្តនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ពិសេសបញ្ឈប់ការគំរាមកំហែងយកដីជាកម្មសិទ្ធិរបស់ពួកគាត់ទៅចែកឲ្យប្រជាពលរដ្ឋដទៃ។​

ពលរដ្ឋនៅឃុំដូងមួយរូប លោក រុន រួន ឱ្យដឹងថា លោកបានរត់គេចចេញពីភូមិមួយរយៈពេល ដោយបារម្ភពីសុវត្ថិភាពខ្លាចក្រែងមានការចាប់ខ្លួនដោយប្រការណាមួយ។

លោកថា អាជ្ញាធរមូលដ្ឋានចេះតែមករកលោកដល់ផ្ទះ និងបង្ខំឱ្យផ្តិតមេដៃប្រគល់ដីរបស់ខ្លួនឱ្យអាជ្ញាធរយកទៅបញ្ចូលជាដីសម្បទានសង្គមកិច្ចឱ្យពលរដ្ឋក្រីក្រ ប៉ុន្តែ លោកបដិសេធប្រគល់ឱ្យ ដោយលោកថា ដីនោះជាអាយុជីវិតសម្រាប់ធ្វើស្រែចិញ្ចឹមគ្រួសារ។

លោកបន្ថែមថា៖ «ខ្ញុំចង់ដោះស្រាយដីស្រែប្រជាពលរដ្ឋឱ្យហើយ និងហាមមិនឱ្យមកគំរាម ប្រជាពលរដ្ឋនៅតាមភូមិ ណាបង!»។  

ពលរដ្ឋមួយរូបទៀត លោក ទី តាល់ ឱ្យដឹងថា អ្នកភូមិដែលមិនព្រមផ្តល់ស្នាមមេដៃ​ ដែលជាការបញ្ជាក់ថា បានប្រគល់ដីឱ្យអាជ្ញាធរនោះ មានការព្រួយបារម្ភពីសុវត្ថិភាព ហើយនាំគ្នារត់គេចពីការគំរាមកំហែង ដោយអ្នកខ្លះគេចទៅនៅក្នុងព្រៃពេលថ្ងៃ លុះយប់ឡើងទើបហ៊ានចូលផ្ទះ និងអ្នកខ្លះគេចខ្លួនទៅនៅខេត្តផ្សេងជាដើម។

រូបថតពលរដ្ឋអង្គុយ គឺ ពលរដ្ឋនៅឃុំដូង នាំគ្នាទៅចាប់ឆ្នោត យកដីសម្បទានសង្គមកិច្ច ថត កាលពីថ្ងៃ៦ មករា ២០១៩។ រូបភាព៖ អាដហុកកំពង់ធំ

លោកបន្តថា ការគំរាមកំហែង និង ដកហូតដីពលរដ្ឋម្ចាស់ដើម យកទៅប្រគល់ឱ្យពលរដ្ឋក្រីក្រដោយបង្ខំបែបនេះ ជារឿងមិនត្រឹមត្រូវ ដែលធ្វើឱ្យអ្នកភូមិកាន់តែជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅ។

លោកបន្តថា៖ «បាទ! យើងខ្ញុំសុំអំពាវនាវដល់សម្តេច មេត្តាជួយធ្វើអន្តរាគមន៍ និងជួយដោះស្រាយណាបង ដើម្បីឱ្យបងប្អូនរបស់យើងទាំងអស់គ្នារួចផុតពីគំនាបរបស់គេ ហើយក៏ដោះស្រាយដោយសន្តិវិធី»។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃនេះថា អាជ្ញាធរមិនបានធ្វើទុក្ខបុកម្នេញឬ គំរាមកំហែងពលរដ្ឋនោះទេ។ លោកបន្តថា គម្រោងផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋក្រីក្រ ជាគម្រោងរបស់រដ្ឋាភិបាលតាំងពីឆ្នាំ២០១៤ ហើយជាដីរបស់រដ្ឋដោយមិនពាក់ព័ន្ធដីអ្នកភូមិឡើយ។

លោកបញ្ជាក់ថា ​គម្រោងដីនោះ បច្ចុប្បន្នមានទំហំជិត២ពាន់ហិកតា(១៩៩២) ដែលនឹងត្រូវចែកជូនពលរដ្ឋក្នុងឃុំដូង ចំនួនជាង៧រយគ្រួសារ(៧២៦) ហើយអាជ្ញាធរបានផ្តល់ជូនពលរដ្ឋជាង៥រយគ្រួសាររួចហើយ។ លោកថា ការរក្សាកម្លាំងសមត្ថកិច្ចនៅតំបន់ដីជម្លោះ ដោយថា ដើម្បីការពារគ្រឿងចក្រ និងរក្សាសណ្តាប់ធ្នាប់ប៉ុណ្ណោះ ​។

លោកមានប្រសាសន៍ថា៖ «ខ្ញុំ! គណៈបញ្ជាការខេត្តសម្រេចដាក់កម្លាំងការពារ ក្រែងបងប្អូនយើងគាត់មិនយល់។ មានអ្នកខ្លះគាត់ទៅធ្វើបញ្ហាផ្តេសផ្តាស់ ទៅចាប់មន្ត្រីយើង។ សុំជម្រាបថា នៅថ្ងៃទី២៩ គាត់ចាប់មន្ត្រីរបស់យើង៣ ឃាត់មន្ត្រីរបស់យើងបីរូបនេះ បើតាមច្បាប់គាត់ខុសហើយ។ ប៉ុន្តែ ខ្ញុំមិនចង់ឱ្យបងប្អូនយើងមិនយល់ ហើយបន្តការខុសទៀតទេ។ អីចឹង យើងត្រូវដាក់កម្លាំងការពារគ្រឿងចក្រ ដើម្បីឱ្យគាត់យល់ថា គាត់មិនអាចទៅធ្វើអីផ្តេសផ្តាស់បានទេ» ។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ធំ លោក សុក រដ្ឋា មើលឃើញថា ទម្រង់នៃការផ្តល់ដីសម្បទានសង្គមកិច្ចជូនទៅពលរដ្ឋនៅឃុំដូង នៅមានមន្ទិលគួរឱ្យសង្ស័យច្រើន ដោយអាជ្ញាធរមិនបានពន្យល់ឱ្យពលរដ្ឋដឹងច្បាស់ពីគោលការណ៍ទទួលបានដីនោះជាមុនទេ។

ចំណែកការដាក់កងកម្លាំងប្រដាប់អាវុធ ដាក់ប្រចាំការនៅទីតាំងដីទំនាស់ឬ តាមដានពលរដ្ឋ លោកថា បើមានករណីនេះមែន គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពពលរដ្ឋ និងរំលោភទៅលើគោលការណ៍សិទ្ធិមនុស្សផងដែរ។ ​

លោកមានប្រសាសន៍ថា៖ «អីចឹង កាលណាមានសកម្មភាពហ្នឹងកើតឡើង វាប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋាន​របស់ពួកគាត់ហ្នុង។ អីចឹង អាហ្នឹង វានឹងធ្វើឱ្យសិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹង វាពិបាកក្នុងការប្រើប្រាស់ ហើយបើកាលណាពិបាកក្នុងការប្រើប្រាស់ វាផ្ទុយទៅនឹងគោលការណ៍ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជាហ្នឹង។ បាទ! មិនត្រឹមតែផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្ស​ទេ ​ ប៉ុន្តែវាផ្ទុយពីគោការណ៍រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយើងទៀត  »។   

ពលរដ្ឋ​អះអាង​ថា មានអ្នកភូមិប្រមាណ៦ រយគ្រួសារ ដែលតវ៉ាចំពោះការយកដីរបស់ពួកគាត់ទៅឱ្យអ្នកផ្សេង ប៉ុន្តែអភិបាលខេត្តកំពង់ធំបញ្ជាក់ថា ពលរដ្ឋមិនពេញចិត្តមានចំនួន១១ គ្រួសារប៉ុណ្ណោះ ហើយពួកគេមិនព្រមចូលដោះស្រាយជាមួយមន្ត្រីជំនាញឡើយ។  ​

កាលពីថ្ងៃ​ទី​២៩ ខែមករា ពលរដ្ឋរាប់រយនាក់មកពី​ភូមិចំនួន៥ នៅ​ឃុំ​ដូង បាននាំគ្នាទៅឃាត់គ្រឿងចក្រ​ឈូសឆាយនៅតំបន់ដីសម្បទានសង្គមកិច្ច ដោយ​ទាមទារ​ដីធ្លី​របស់ខ្លួនមកវិញ ប៉ុន្តែក្នុងហេតុការណ៍កម្លាំងចម្រុះបានចាប់ខ្លួនពលរដ្ឋ២នាក់ ក្នុងនោះស្រីម្នាក់ ប៉ុន្តែពួកគាត់ត្រូវបានសមត្ថកិច្ចដោះលែងវិញនៅព្រលប់ថ្ងៃដដែល ក្រោយពេលធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតវ៉ាណាមួយបន្តទៀត៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ