កសិករនៅខេត្តត្បូងឃ្មុំ​ ត្អូញត្អែរពីការធ្លាក់ចុះ​តម្លៃម្រេច​

ចម្ការ​ម្រេច​(រូបភាពពី​ហ្វេស​ប៊ុក​​លោក​បណ្ឌិត យ៉ង់ សាំងកុមារ ​)

កសិករ​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ បង្ហាញក្តីព្រួយបារម្ភ​ពី​ការធ្លាក់ថ្លៃម្រេចជាបន្តបន្ទាប់ ហើយថាពួកគេអាចបោះបង់ការដាំដុះ​ដំណាំនេះ ដោយបារម្ភថា ការប្រមូលផលមិនបានរួចថ្លៃដើម។

កសិករដាំម្រេចនៅស្រុកមេមត់ លោក កាង ឈាន ប្រាប់ VOD ថា តម្លៃម្រេចបន្តធ្លាក់ថ្លៃមកជាប់រហូតមកដល់ឆ្នាំនេះ ដោយថា លក់មិនបានចំណេញទេ ព្រោះមិនមានទីផ្សារ គឺមានតែឈ្មួញកណ្តាលនិងឈ្មួញវៀតណាមមកទិញផ្ទាល់តែប៉ុណ្ណោះ។

លោក កាង ឈាន មានប្រសាសន៍ថា៖ «វាជាក់ស្តែងហើយ! យើងនិយាយថាភាពចំណេញ វាមិនដឹងថា តើឲ្យទូទាត់ទៅចំណេញរបៀបម៉េចទេ? ព្រោះម្រេចយើង ត្រូវការប្រើស្រោចទឹកវាជាប្រចាំ មិនថាខែប្រាំងឬខែវស្សាទេ ហើយសម្រាប់ការថែទាំវា យើងត្រូវការប្រើថ្នាំ ប្រើជីអញ្ចឹងវាចុះច្រើន។ ប៉ុន្តែ អាហ្នឹងយើងវាមិនដឹងថា តើគួរទៅនិយាយរបៀបម៉េច? បើតូតាល់ (សរុប) ទៅនឹងអាតម្លៃដែលយើងធ្វើហ្នឹង វានិយាយលែងចំទៅហើយ វាមិនចំណេញ!»

អ្នកដាំម្រេចមួយរូបទៀតនៅស្រុក​មេមត់ដែរ លោក វង់ បុប្ផា ថ្លែងថា ម្រេចពីរឆ្នាំចុងក្រោយនេះចុះថោកខ្លាំងណាស់ធ្វើមិនបានចំណេញទេ។

លោក វង់ បុប្ផា មានប្រសាសន៍ថា៖ «ដល់ពីរឆ្នាំហ្នឹង! តម្លៃថោកមែនទែន! ឥឡូវហ្នឹងនៅសល់៨៥០០ ម្រេចខ្មៅលេខមួយណា៎ យើងធ្វើ ហាលវាអីរួច អុំវាឲ្យស្អាតបាន៨៥០០។ ហើយនៅខាងក្រសួងកសិកម្មហ្នឹង ឮតែគេផ្សាយថា ម្រេចឡើងថ្លៃៗ អត់មានឃើញឡើងអីផងហ្នឹង? ឥឡូវដំណាំហ្នឹងចុះថ្លៃចឹងទៅ ធ្វើឲ្យប្រជាកសិករខ្លះបោះបង់ចោល!»

ទាំងលោក ឈាន និង លោក បុប្ផា បានសំណូមពរដល់អ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលឲ្យជួយរកទីផ្សារដល់កសិករម្រេចផង ដោយបញ្ជាក់ថា ពុំមានអ្នកណាមកជួយទេកន្លងមក គឺកសិករដើររកទីផ្សារដោយខ្លួនឯង។

ប្រធានសហព័ន្ធម្រេចកម្ពុជា លោក សុង សារ៉ន ឲ្យដឹងថា ម្រេចធ្លាក់ថ្លៃដូច្នេះ ដោយសារតែសម្ពាធមកពីប្រទេសផ្សេងដែលគេមានវិបត្តិលក់មិនបាន ដោយលោកបញ្ជាក់ថា នៅប្រទេសគេមានការផលិតច្រើនដែរទើបធ្វើឲ្យប៉ះពាល់មកដល់ប្រទេសយើង។

លោក សុង សារ៉ន មានប្រសាសន៍ថា៖«ទូទាំងសកលលោក! វាមានវិបត្តិទីផ្សារលក់អត់បាន ដោយសារផលិតច្រើនពេក គាត់ដាំច្រើនណា៎! អញ្ចឹងវាមានបញ្ហាហ្នឹងមួយដែលធ្វើឲ្យទីផ្សារយើងហ្នឹងមិនមានការកើនដូចការដាំទេ។ អញ្ចឹងហើយបានកន្លងមក យើងឃើញថាសម្ពាធទីផ្សារហ្នឹងកាន់តែធ្ងន់ទៅៗ ជាពិសេសប្រទេសវៀតណាមដែលជាប្រទេសទិញពីយើងច្រើន!»

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី សុំការបំភ្លឺបានទេមកដល់រសៀលនេះ ដោយទូរសព្ទជាប់រវល់។

បើតាមកសិករដាំម្រេចនៅមេមត់ឲ្យដឹងថា នៅតំបន់លោក ដាំម្រេចបានរាប់តោនក្នុងមួយឆ្នាំៗ ហើយតម្លៃម្រេចចាប់​​ផ្តើម​បន្តធ្លាក់តាំងពីឆ្នាំ២០១៥មក ដែលកាលណោះលក់បាន៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម រហូតមកដល់៨៥០០រៀលនៅឆ្នាំនេះ។ ពួកគេ សំណូមពរឲ្យភាគី​ពាក់​ព័ន្ធជួយធ្វើយ៉ាងណាឲ្យម្រេច​អាចលក់ចេញបាន​ពី​២ម៉ឺនរៀលឡើងទៅក្នុងមួយគីឡូ​ក្រាម​ ទើប​អាចចំណេញបាន​ខ្លះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ