សាច់ញាតិអ្នកជាប់ឃុំ នៅខេត្តព្រះសីហនុក្នុងជម្លោះដីធ្លី ស្នើឱ្យតុលាការ និងអាជ្ញាធរខេត្តនេះ ដោះលែង អតីតចៅសង្កាត់រងលោក ឆាយ រដ្ឋ និងបុគ្គលិកសហភាពការងារកម្ពុជា លោក ទូច សុផា ឱ្យមានសេរីភាពឡើងវិញ ដោយថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
ភរិយាអតីតចៅសង្កាត់រងសង្កាត់១ មកពីគណបក្សសង្រ្គោះជាតិ លោក ឆាយ រដ្ឋ គឺអ្នកស្រី សំ សារ៉ាត់ ឱ្យដឹងថា ក្រោយការឃុំខ្លួនប្តីរបស់អ្នកស្រី ធ្វើឱ្យស្ថានភាពគ្រួសារជួបបញ្ហាប្រឈម ដោយគ្រួសារគាត់មានតែមនុស្សស្រី គ្មានកម្លាំងមនុស្សប្រុសជួយគ្រួសារដូចពេលមុនទេ។
អ្នកស្រីសង្ឃឹមថា តុលាការនឹងដោះលែងប្តីរបស់គាត់ និងមន្ត្រីសហជីពម្នាក់ទៀតឱ្យមានសេរីភាពឡើងវិញ ដោយថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
អ្នកស្រីបន្តថា៖ «ឯកឧត្តមអភិបាលខេត្ត យន្ត មីន និងអភិបាលរងខេត្ត លោក ស្រុន ស្រន់ ដែលគាត់ជាម្ចាស់ទឹកដី ជាឪពុកជាម្តាយគេនៅហ្នឹង សុំឱ្យគាត់ហ្នឹងជួយ។ ហើយនិងមួយទៀតក៏អាស្រ័យលើតុលាការដែរ ឱ្យគាត់ហ្នឹងឯងសម្រេចដោះលែងប្តីបង ព្រោះគាត់អត់មានកំហុសអីទេ»។
ចំណែកអ្នកសម្របសម្រួលសហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា ក៏ស្នើឱ្យតុលាការដោះលែងពួកគេទាំងពីរនាក់ឱ្យមានសេរីភាពឡើងវិញ ត្បិតការឃុំខ្លួនអ្នកទាំងពីរធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ពួកគាត់។
លោកបន្ថែមថា៖ «តាមធម្មតា បើគាត់នៅពន្ធនាគារ គាត់អត់មានសេរីភាព គាត់អត់មានបានទៅរកស៊ីអីទេ។ ដូចលោកពូ ទេព សុផា គាត់មានប្រពន្ធវ័យចំណាស់ ហើយគាត់ក៏ចាស់។ រាល់ថ្ងៃហ្នឹង គាត់ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប បានម៉ាន(ប៉ុន្មាន)ហូបប៉ុណ្ណឹង អីចឹងណា។ ត្បិតគាត់ជាបុគ្គលិកសហភាពការងារកម្ពុជា ប៉ុន្តែគាត់ជាអ្នកស្ម័គ្រចិត្ត។ អីចឹង រាល់ថ្ងៃហ្នឹងប្រពន្ធគាត់ពិបាកខ្លាំងហើយ»។
មេធាវីម្នាក់ក្នុងចំណោមមេធាវីបីនាក់ដែលការពារក្តីឱ្យអ្នកទាំងពីរ គឺ លោក សំ សុគង់ មានប្រសាសន៍ថា ក្រុមមេធាវីលោកបានដាក់ពាក្យស្នើសុំឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន ប៉ុន្តែ មិនទាន់មានការឆ្លើយតបពីតុលាការនៅឡើយ។ លោកថា ប្រសិនបើកូនក្តីរបស់ខ្លួនត្រូវបានបដិសេធនៅក្រៅឃុំ ក្រុមមេធាវី នឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត។
លោកបន្តថា៖ « មកសភាស៊ើបសួរសាលាឧទ្ធរណ៍ ដើម្បីពិនិត្យអំពីការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុឡើងវិញ ថាតើមូលហេតុអីមិនឱ្យនៅក្រៅឃុំ ដោយមូលហេតុអី ដើម្បីឱ្យសភាស៊ើបសួរនៅសាលាឧទ្ធរណ៍ហ្នឹង ពិនិត្យ និងសម្រេចឡើងវិញ»។
អ្នកនាំពាក្យតុលាការខេត្តព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត មានប្រសាសន៍ថា ខាងតុលាការទទួលបានពាក្យស្នើសុំរបស់ក្រុមមេធាវីហើយ ប៉ុន្តែ លោកមិនបាននិយាយរឿងអ្វីទៀតនោះទេ ។ លើសពីនេះ លោកក៏មិនទាន់ទទួលបានការឆ្លើយតបពីចៅក្រមស៊ើបសួរនោះដែរ។
លោកបន្ថែមថា៖ «យើងអ្នកនាំពាក្យ ប៉ុន្តែ ខ្ញុំអត់អ្នកស៊ើបអង្កេតរឿងអីចឹង វាអត់ដឹងរឿងថាគេចាត់ការដល់ណា អីយ៉ាងម៉េចៗ វាអត់ដឹង។ ប៉ុន្តែ ឃើញដាក់ពាក្យនេះ ខ្ញុំឃើញហើយ ឃើញខាងមេធាវីខាងគាត់ដាក់ពាក្យសុំហើយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ករណីចាប់ខ្លួនអ្នកទាំងពីរ នៅមានភាពមិនប្រក្រតីច្រើន ដោយថា ត្រូវមានការបង្កើតគណៈកម្មការឯករាជ្យថ្នាក់ជាតិមួយ ចុះស៊ើបអង្កេតករណីនេះ។ លោកបន្តថា ការឃុំខ្លួនដោយមិនបានស៊ើបអង្កេតច្បាស់លាស់ គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងផ្ទុយពីច្បាប់កំពូលរបស់ជាតិផងដែរ។
លោកមានប្រសាសន៍ថា៖ «អីចឹង យើងចង់ស្នើឱ្យអាជ្ញាធរថ្នាក់ជាតិទៅវិញមើល៎! តើអាចចុះធ្វើការស៊ើបអង្កេតរឿងហ្នឹងឱ្យបានពិតប្រាកដមើល៎! ជៀសវាងយើងចេះតែធ្វើការចាប់មនុស្សយកទៅឃុំតាមអំពើចិត្តអីចឹង វារំលោភទៅលើគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយើងផង ក៏ជាការរំលោភទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជាបានចុះហត្ថលេខី យកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាដែរ»។
អតីតចៅសង្កាត់រងសង្កាត់១ ក្រុងព្រះសីហនុមកពីគណបក្សសង្រ្គោះជាតិ លោក ឆាយ រដ្ឋ និង មន្ត្រីសហភាពការងារកម្ពុជា លោក ទេព សុផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមករា នៅតំបន់ដីជម្លោះក្បាលឆាយ។
ពួកគេទាំងពីរនាក់ត្រូវបានតុលាការចោទប្រកាន់ពីបទ បោះបង្គោលព្រំដីបំណងកាន់កាប់ដីរបស់រដ្ឋជាកម្មសិទ្ធិ និងរារាំងការអនុវត្តច្បាប់របស់អាជ្ញាធរ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីយប់ថ្ងៃទី២៣ ខែមករា ៕