មេធាវីអតីតសកម្មជន CNRP នៅស្វាយរៀង សម្រេចប្តឹងឧទ្ធរណ៍ ក្រោយសាលាដំបូងបដិសេធសំណើនៅក្រៅឃុំ

​លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក Kong Mas

មេធាវីការពារក្តីឱ្យអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង សម្រេចដាក់ប្តឹងទៅសាលាឧទ្ធរណ៍ ចំពោះដីកាសម្រេចមិនព្រមដោះលែង លោក គង់ ម៉ាស់ ឱ្យនៅក្រៅឃុំ។

មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ ឱ្យ វី.អូ.ឌី ដឹងនៅថ្ងៃនេះថា ខាងលោកបានសម្រេចដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយថា ដើម្បីស្នើឱ្យសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ ចំពោះ​ដីកាសម្រេចមិនព្រមដោះលែងកូនក្តីរបស់លោកបាននៅក្រៅឃុំជាបណ្តោះអាសន្នពេលនេះ។

លោក សំ សុគង់ មានប្រសាសន៍ថា ប្រសិនបើតុលាការនៅតែបន្តឃុំខ្លួនកូនក្តីរបស់លោក គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់ពលរដ្ឋផងដែរ។

មិនតែប៉ុណ្ណោះ លោកថា ប៉ះពាល់ដល់ជីវភាព និងសុខភាពកូនរបស់ខ្លួន ម្យ៉ាងលោកថា ករណីនេះ ជា​បទល្មើសតូចតាច ដែលគួរតែមានការដោះលែងឱ្យ លោក គង់ ម៉ាស់ បាននៅឃុំក្រៅជាបណ្តោះ​អាសន្ន។

លោកបន្តថា៖ «ដោយសារបទល្មើសជាបទល្មើសតូចតាច បទល្មើសមជ្ឈឹម ហើយតុលាការគិតតែពីឃុំខ្លួន វាធ្វើឱ្យណែនណាន់តែនតាប់ក្នុងពន្ធនាគារ។ ហើយនេះក៏ជាយុទ្ធសាស្ត្រ ជាបំណងរបស់រដ្ឋាភិបាលអំពីការកាត់បន្ថយអំពីការណែនខ្លាំងចំពោះអ្នកជាប់ឃុំផងដែរ។ ហើយចំណុចមួយទៀតដែលជាចំណុចចុងក្រោយនោះ គឺថាសាធារណជន រឿងរបស់លោកគង់ ម៉ាស់ វាមានពាក់ព័ន្ធរឿងនយោបាយផងដែរ។ អីចឹងគួរតែមានការដោះលែងគាត់ ដើម្បី ជៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ»។

លោក គង់ ម៉ាស់ ជាអតីតសមាជិកក្រុមការងារ​របស់​គណបក្សសង្គ្រោះជាតិ​ប្រចាំ​នៅ​ខេត្តស្វាយរៀង និងជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម។​ លោក​ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ ខែ​មករា នៅ​ក្នុងហាងកាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ។

លោក គង់ ម៉ាស់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តែ ២​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយពី​​លោក ហ៊ុន សែន ថ្លែង​ព្រមានកម្ចេចក្រុមបក្សប្រឆាំងចោល និងមិនអត់ឱនឱ្យក្រុមនេះជាដាច់ខាត ប្រសិនបើសហគមន៍អឺរ៉ុប និងអាមេរិក ដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

​លោក ​ត្រូវបានតុលាការចោទ​ប្រកាន់ពីបទប្រមាថនិងបទ ​ញុះញុងឲ្យ​ប្រព្រឹត្តបទល្មើស ​ តាម​មាត្រា៤៩៥ និង មាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស សកម្មជន​អតីត​បក្ស​ប្រឆាំង​រូប​នេះ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ ទៅ ២​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ