រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកដំណើរការសណ្ឋាគារចំនួនពីរ បន្ទាប់ពីរកឃើញថាសណ្ឋាគារទាំងពីរនោះគ្មានអាងចម្រោះទឹកកខ្វក់។
ក្នុងលិខិតចំនួនពីរចុះថ្ងៃទី៨ ខែកុម្ភៈនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាដល់ម្ចាស់សណ្ឋាគារ Legend Online និងសណ្ឋាគារ Ly Hao International hotel ដែលមានទីតាំងក្នុងសង្កាត់លេខ៣ នៃក្រុងព្រះសីហនុឲ្យផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្នចាប់ពីថ្ងៃនេះតទៅ។ មូលហេតុដែលអាជ្ញាធរផ្អាកសណ្ឋគារទាំងពីរ ដោយសារម្ចាស់ទីតាំងមិនបានអនុវត្តទៅតាមការណែនាំរបស់ក្រុមការងារចម្រុះខេត្ត ទាក់ទងនឹងការសាងសង់អាងច្រោះទឹកកខ្វក់។
លិខិតនោះ សរសេរថា៖ «ឃើញថា សណ្ឋាគារខាងលើមានអាងស៊ិបទិច តែពុំទាន់មានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយម្ចាស់ទីតាំងបានឯកភាពចំពោះការណែនាំរបស់ក្រុមការងារ និងបានសន្យាថា នឹងអនុវត្តតាមការណែនាំដែលមានក្នុងខ្លឹមសារ កំណត់ហេតុចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ម្ចាស់សណ្ឋាគារនៅតែមិនទាន់អនុវត្តតាមការណែនាំនៅឡើយ» ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរលោក ជា សុផារ៉ា បានបញ្ជាទៅអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យចាត់វិធានការផ្អាកការសាងសង់ ឬផ្អាកការធ្វើអាជីវកម្មជាបណ្ដោះអាសន្នរាល់សំណង់អាគារទាំងឡាយណា ដែលគ្មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូ ក្នុងទីតាំងអាជីវកម្មរបស់ខ្លួនរហូតដល់អាជីវកម្មទាំងនោះមានការរៀបចំប្រព័ន្ធទាំងនេះរួចរាល់។
វិធានការនេះគឺបន្ទាប់ពីមានការចុះផ្សាយជាច្រើនអំពីបញ្ហាបរិស្ថានដែលកើតឡើងក្នុងខេត្ត ដែលបណ្ដាលមកពីការបង្ហូរទឹកស្អុយចូលសមុទ្រស្ថិតក្នុងឆ្នេរអូរឈើទាល និងឆ្នេរផ្សេងៗទៀតដោយបង្កក្លិនស្អុយប៉ះពាល់ដល់ភ្ញៀវទេសចរ៕