អ្នកគាំទ្រកីឡាករ បឺត សង្ឃឹម មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីកីឡារកររូបនេះចាញ់គូប្រកួតក្នុងទឹកទី១ នៃវគ្គ១ ភាគ៤ ព្រឹត្តិការណ៍ជ្រើសរើសជើងឯក Tv5 Boixng Knock Out Series By K-Cement ។
អ្នកគាំទ្រវិស័យកីឡាប្រដាល់បានទស្សទាយថា ព្រឹត្តិការណ៍ជ្រើសរើសជើងឯក Tv5 Boixng Knock Out Series By K-Cement ទំនងជាធ្លាក់ក្នុងដៃរបស់កីឡាករ បឺត សង្ឃឹម ដែលជាអ្នកស្នងតំណែងជើងខ្លាំង បឺត ខាំ និង បឺត សំខាន់ បន្ទាប់ពីលោកមានឱកាសឡើងដល់វគ្គ១ ភាគ៤ ដែលឈ្នះតែមួយប្រកួតទៀត នឹងបានឡើងទៅប្រកួតដណ្ដើមពានជើងឯក។ ប៉ុន្តែកីឡាករ បឺត សង្ឃឹម ធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយចាញ់កីឡាករបង្គោលខៀវជើងថ្មី ធន់ អៀងឡៃ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥នោះ អ្នកគាំទ្រ១០ទាំង១០ ជឿជាក់ទាំងស្រុងថា កីឡាករ បឺត សង្ឃឹម នឹងឈ្នះការប្រកួតលើគូប្រកួតដែលមានប្រវត្តិឡើងរេញតិចជាង។ អញ្ចឹងហើយទើបម្នាក់ៗស្រឡាំងកាំង នៅពេលដែលកីឡាករ បឺត សង្ឃឹម ត្រូវគូប្រកួតវាយឲ្យសន្លប់បញ្ឈរភ្នែកក្នុងទឹកទី១ ដែលមានន័យថា ការប្រកួតមិនទាន់ទាំងបានកន្លះទឹកផង ក៍បែរជាត្រូវគូប្រកួតវាយឲ្យបោះបង់គូប្រកួត។
ការប្រកួតនៅក្នុងកាលពីថ្ងៃសៅរ៍ បង្គោលក្រហម បឺត សង្ឃឹម វាយសម្រុកសិស្សប្អូន ធន់ អៀងឡៃ បានល្អតែនៅប៉ុន្មានស្នៀតដំបូងប៉ុណ្ណោះ បើទោះជាគេប្រឹងសម្រុកដោយមិនសំចៃនៅវិនាទីដំបូង។ ប៉ុន្តែ ក្នុងពេលការប្រកួតស្រាប់តែឡើងកំដៅ ស្រាប់តែកីឡាករសិស្សប្អូន ធន់ អៀងឡៃ មានសំណាងវ័ធត្រូវមួយកែង បណ្ដាលអោយសន្លប់ស្ទើរមិនគួរឲ្យជឿ។
បង្គោលខៀវ ធន់ អៀងឡៃ បានសារភាពថា ខ្លួនអត់មានសង្ឃឹមនឹងឈ្នះកីឡាករ បឺត សង្ឃឹម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ដោយសារតែខ្លួនគ្រាន់តែជាសិស្សប្អូន និងមានប្រវត្តិប្រកួតតិចជាង។

កីឡាករ បឺត សង្ឃឹម បានអះអាងថា ហេតុផលដែលលោកបោះបង់ការប្រកួតក្នុងទឹកទី១នៅក្នុងថ្ងៃនោះ មិនមែនចាញ់ដោយបច្ចេកទេសនោះទេ ប៉ុន្តែ គឺដោយសារតែការវាយទៅវាយមកហើយភ្លាត់ឲ្យត្រូវពេញទំហឹងទាំងមិននឹកស្មាន។ លោកថា បើពេលវេលាអាចវិលថយក្រោយ លោកនឹងមិនវាយសម្រុកដូចគ្នានឹងអ្វីដែលបានកើតឡើងនោះទេ ដោយលោកប្រកាសថា បើវាយមួយៗ គឺកីឡាករ ធន់ អៀងឡៃ មិនអាចយកឈ្នះលើខ្លួនបានទេ។ ផ្អែកលើសមត្ថភាពរបស់លោកដែលក្រៅពីជាកីឡាករល្អស្រាប់ ក៏ជាគ្រូបង្វឹកផង លោកអះអាងថា បើពេលវេលាអាចវិលថយក្រោយ លោកនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រឲ្យខានតែបាន ខណៈដែលលោកសោកស្ដាយស្ទើរតែចង់បោកក្បាល នៅពេលវាយសម្រុកទាំងទទឹងទិស ហើយលទ្ធផលចុងក្រោយគឺភ្លាត់ត្រូវមួយកែងបណ្ដាលអោយចាញ់យ៉ាងក្ដុកក្ដួល។
កីឡាករ បឺត សង្ឃឹម បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ដែលខំតស៊ូតាំងពីកីឡាករ៣២នាក់ជម្រុះចុះឡើងៗ ឡើងដល់៤នាក់ បែរជាមកភ្លាត់ឲ្យចាញ់ ក្រោមដៃកីឡាករស្រករក្រោយដែលលោកយល់ថា មិនពិបាកនឹងដណ្តើមជ័យជំនះ។ លោកថា ការបរាជ័យនោះគឺអនុស្សារីយ៍ដ៏អាក្រក់មួយដែលលោកសោកស្ដាយបំផុត ហើយក៏នឹងទុកជាបទពិសោធន៍ ដើម្បីកុំអោយមើលស្រាលគូប្រកួតនៅពេលក្រោយ៕