លោក ស ខេង ជំរុញ​ឲ្យ​ពន្លឿននីតិវិធីលើ​អ្នកជាប់ឃុំ ក្រោយ​ក្រុម​សិទ្ធិ​មនុស្ស​រក​ឃើញ​កំណើន​ជន​ជាប់​ឃុំ​លើស​លប់

សកម្មភាពជនជាប់ឃុំធ្វើលំហាត់ប្រាណដើម្បីសុខភាពនៅពេលព្រឹកក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ក្រសួង​នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ដើម្បី​ពន្លឿន​នីតិវិធី​របស់​តុលាការ​​លើ​ជន​ជាប់​ឃុំ​ទាំង​អស់ ដែល​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​រក​ឃើញ​ថា ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំ​លើស​នីតិវិធី ហើយ​ស្ថានភាព​ពន្ធនាគារ​កាន់​តែ​ចង្អៀត។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញ លោក ស ខេង មានប្រសាសន៍ថា អ្នកជាប់ឃុំនៅពន្ធនាគារទាំងអស់មានចំនួន​ជាង ៣ម៉ឺននាក់​នា​ពេល​បច្ចុប្បន្ន​នេះ។

រដ្ឋ​មន្ត្រី​មហាផ្ទៃ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា អ្នកជាប់ឃុំប្រមាណ ២ ភាគ ៣ មាន​ជាប់​ពាក់ព័ន្ធនឹង​បទល្មើស​គ្រឿងញៀន ហើយ​ក្នុងនោះ អ្នក​ជាប់​ឃុំ​ច្រើន មិនត្រូវ​បាន​នាំ​ទៅ​ជម្រះ​ក្ដី​នៅ​ឡើយ​ទេ ដែល​ជាបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ និងអ្នកកំពុងជាប់ឃុំ។

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង/ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

លោក ស ខេង មានប្រសាសន៍ថា៖ «ហើយយើងកំពុងសហការជាមួយស្ថាប័នតុលាការ មិនហ៊ានថា ដូចថា ណែនាំ ជំរុញឱ្យគាត់ពន្លឿនអីយ៉ាងម៉េចទេ ប៉ុន្តែ យើងសហការក្នុងន័យអីចឹងទេ ក្នុងន័យថា ពន្លឿននីតិវិធី ប៉ុន្តែ ការសម្រេចបែបណានោះ ជាការសម្រេចរបស់តុលាការ។ ការកាត់ក្តី ព្រោះថា បើមិនអីចឹងទេ វាសល់ច្រើន សល់ច្រើនចំពោះអ្នកមិនទាន់ការក្តី។ អានោះជាបញ្ហា»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ​ទទួលស្គាល់ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយថា ​​ការអនុវត្តនីតិវិធីទៅលើអ្នកជាប់ឃុំយឺតយ៉ាវ គឺមានមូលហេតុមួយចំនួនពាក់ព័ន្ធបញ្ហារដ្ឋបាល ដូចជាសំណុំរឿងច្រើន ប៉ុន្តែ ចំនួនមន្ត្រីតុលាការមានតិច និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមិនទាន់ទំនើបជាដើម។

យ៉ាងនេះក្តី អ្នក​នាំ​ពាក្យ​រូប​នេះ លើក​ឡើង​ថា កន្លងមក រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចុះដោះស្រាយបញ្ហានេះ និងកំពុងបង្កើតយន្តការបន្ទាន់ ដើម្បីធ្វើការងារនេះ ដោយលោកថា ប្រសិនបើអាចដោះស្រាយបញ្ហានេះបាន នឹង​កាត់បន្ថយការកកស្ទះចំនួនអ្នកជាប់ឃុំបានមួយចំណែកផងដែរ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ រូបភាព៖ ជន ចាន់រ៉ែន

លោក ជិន ម៉ាលីន បន្ថែមថា៖ «យន្តការដែលយើងដោះស្រាយបន្ទាន់​ហ្នឹង គឺការផ្ទៀងផ្ទាត់សំណុំរឿងដែលមាននៅតុលាការ​ជាមួយខាងពន្ធនាគារ ហើយជំរុញឱ្យតុលាការនីមួយៗពន្លឿន​តាមករណីជាក់ស្តែងនីមួយៗ។ អានេះជាអ្វីដែលយើងធ្វើបន្ទាន់ ប៉ុន្តែ ជាទិសដៅវែងឆ្ងាយទៅមុខទៀត ដើម្បីដោះស្រាយបញ្ហានេះ យើងនឹងរៀបក្របខណ្ឌច្បាប់ ក្របខណ្ឌគោលនយោបាយ និងរៀបចំយន្តការមួយចំនួនទៀតដែលមានលក្ខណៈយូរអង្វែង»

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត គាំទ្រចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយថា ការលើកឡើងនេះ ជាការឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៅក្នុងពន្ធនាគារបច្ចុប្បន្ន។

លោកមើលឃើញថា ​ភាពយឺតយ៉ាវក្នុងការអនុវត្តនីតិវិធី​ចំពោះអ្នកជាប់ឃុំ និងការឃុំខ្លួនលើសនីតិវិធី ដែលធ្វើឱ្យមានអ្នកជាប់ឃុំយូរ គឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកជាប់ឃុំ ប៉ះពាល់ដល់ក្រុមគ្រួសារ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។

មន្ត្រីផ្នែកស៊ើបអង្កេត​របស់អង្គការលីកាដូ លោក អំ សំអាត

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖ «តាមប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគាត់ ក៏វាធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិយើងដែរ ពីព្រោះពួកគាត់ក្រីក្រ ពួកគាត់ខ្វះខាតអាហ្នឹងវាជាបញ្ហាមួយដល់សង្គមជាតិយើង។ ហើយបញ្ហាទីពីរ កាលណាឃុំខ្លួន ចង្អៀតណែនអីចឹងទៅ វាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ជនជាប់ឃុំធ្ងន់ធ្ងរផងដែរ »។

របាយការណ៍​របស់​ខ្លួន​មាន​ចំណង​ជើង​ថា «ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ដែល​ចេញ​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ អង្គការ​លីកាដូ​បាន​រក​ឃើញ​ថា ក្នុងចំណោមជនជាប់ឃុំចំនួនជាង ២ម៉ឺននាក់( ២៥ ៩២៦) មានអ្នកជាប់ឃុំចំនួនជិត ១ម៉ឺននាក់(៩.៥២៧) ដែលស្មើជិត ៤០​ភាគរយ(៣៧%) ត្រូវបាន​ដាក់​ឲ្យ​ជាប់ឃុំ​បណ្តោះអាសន្នរង់ចាំសវនាការ។​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ដែល​ធ្វើការងារ​ទៅ​លើ​ពន្ធនាគារ​ចំនួន ១៨​កន្លែង​នៅ​ក្នុង​ចំណោម​ពន្ធនាគារ ២៨​កន្លែង​នៅទូទាំង​ប្រទេស​នោះ បាន​រក​ឃើញ​ទៀត​ថា នៅក្នុងពន្ធនាគារមួយចំនួន ជនជាប់ឃុំបណ្តោះអាសន្ន មានចំនួនពាក់កណ្តាល ឬច្រើនជាងពាក់​កណ្តាល​នៃចំនួនជនជាប់ឃុំសរុប​ទៅ​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ