លោក ហ៊ុន សែន ថា អឺរ៉ុប​យកពន្ធ​លើ​អង្ករ​​កម្ពុជា​ប៉ះពាល់ធ្ងន់ធ្ងរដល់ខ្មែរនៅអឺរ៉ុប

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ (រូបភាព៖ ហេង វិចិត្រ)

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានអះអាងថា ការសម្រេចយកពន្ធលើ​អង្ករកម្ពុជា​ពីសំណាក់សហភាពអឺរ៉ុប មិន​មែនធ្វើឱ្យកសិករខ្មែរនៅក្នុងស្រុករងផលប៉ះពាល់ធ្ងន់ធ្ងរទេ ប៉ុន្តែ លោកថា វានឹងប៉ះពាល់ខ្លាំងដល់ពលរដ្ឋខ្មែរដែលរស់នៅអឺរ៉ុបតែម្តង។

ថ្លែងក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និង​លើកទិសដៅសម្រាប់ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃ​នេះ លោក ហ៊ុន សែន បានអះអាងជាថ្មីថា ដោយសារអង្ករកម្ពុជាឆ្ងាញ់ទើបមានការទប់ស្កាត់អង្ករកម្ពុជា មិនចង់ឱ្យនាំចេញទៅលក់នៅទឹកដីអឺរ៉ុប ដោយគ្មានការបង់ពន្ធ។

លោកថា នៅពេល​អឺរ៉ុបយកពន្ធអង្ករកម្ពុជា ​អ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺពលរដ្ឋខ្មែរដែលនៅអឺរ៉ុប ដោយសារប្រឈមនឹងការពិបាករកអង្ករឆ្ងាញ់បរិភោគ និងត្រូវចេញថ្លៃក្នុងការបង់ពន្ធនោះ។ ​

លោក ហ៊ុន សែន ថ្លែង​ថា៖ «ហើយអង្ករកម្ពុជាបង់ពន្ធ ប៉ុន្តែ អ្នករងគ្រោះពិតប្រាកដមិនមែនកសិករកម្ពុជាម្នាក់ឯងទេ គឺខ្មែរដែលរស់នៅអឺរ៉ុបឯណោះ ដែលធ្លាប់ស៊ីអង្ករខ្មែរអីណោះ គឺជាអ្នកបង់ថ្លៃទេ។ សូមកុំភ័ន្ត​ច្រឡំ បងប្អូនខ្មែរនៅក្រៅប្រទេសទាំងឡាយ អង្ករកម្ពុជា​មិនអាចនាំទៅអឺរ៉ុប​តាមរយៈដោយគ្មានការបង់ពន្ធ មិនមែនបណ្តាលមកពីបញ្ហានយោបាយទេ បណ្តាលមកពីការទាមទារ​របស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ​»

កាលពីថ្ងៃទី​១៧ ខែ​មករា​កន្លង​មក​នេះ ​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ នៅ​ក្នុង​​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នា ដោយការសម្រេចនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី​១៨ ខែមករា​តទៅ ​។

ក្នុង​របាយការណ៍​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨​ អង្ករ​កម្ពុជា​ជិត ២៧​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​មាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ