លោក ស ខេង ថា ការយកកម្លាំងយោធា​ចុះ​អនុវត្ត​សាល​ដីកា​ជា​រឿង​ខុសច្បាប់

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង/ Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យរដ្ឋបាលខេត្តទាំងអស់ពង្រឹងការអនុវត្តច្បាប់ឲ្យ​បានត្រឹមត្រូវ​ ពិសេស​ការចុះអនុវត្តសាលដីការបស់តុលាការ ​ដោយថាការប្រើប្រាស់កម្លាំងយោធា​ណាមួយ គឺជារឿងខុសច្បាប់។

លោក ស ខេង បាន​ថ្លែងបែបនេះក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកម្សិលមិញនេះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងករណីខេត្តចំនួនពីរ ដែលប្រើប្រាស់កម្លាំងយោធាទៅបង្ក្រាបទាំងកម្រោលលើពលរដ្ឋ ក្នុងការអនុវត្តសាលដីការបស់តុលាការគឺ ​ខេត្តព្រះសីហនុ និង ​ខេត្តក្រចេះ ​ដោយថាជាការប្រព្រឹត្តខុសទាំងស្រុង។

លោកបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នការប្រើប្រាស់កម្លាំងទៅបង្រ្កាបឬ ដោះស្រាយទំនាស់ជាមួយពលរដ្ឋគឺ មិនបានឡើយ ហើយទៅថ្ងៃមុខក៏រឹតតែមិនបានថែមទៀត ដោយលោកថាអ្នកកាន់អំណាចមិនអាចពឹងលើកាំភ្លើង​នោះទេ ប៉ុន្តែគេត្រូវរកវិធី​ដោះស្រាយឈរនៅលើផ្លូវច្បាប់ ប្រកបដោយភាពយុត្តិធម៌។

លោកបន្ថែមថា៖ «ហើយយើងរដ្ឋបាលខេត្តប៉ុណ្ណាណី អត់ដឹងច្បាប់។ ណែប្រយ័ត្នដល់ខេត្តផ្សេងទៀត ដែលមិនបានប្រាប់ ហើយរមៀលទៅអីចឹងទៀត មានអីនឹកឃើញយោធា ទៅប្រើយោធាអនុវត្តច្បាប់ អន្តរធានហើយ។ មន្ត្រីអនុវត្តច្បាប់ វាមានតែនគរបាល មានកងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ហើយរឿងវាមិនទាន់ត្រូវធ្វើផង។ វាមិនទាន់ចាំបាច់ត្រូវធ្វើខានមិនបានផង។ ខ្ញុំនិយាយច្រើនដងហើយអាហ្នឹង ប៉ុន្តែខ្ញុំនឹងនិយាយទៀត ថាបើធ្វើទៅ បើយើងមិនធ្វើខុស ប៉ុន្តែដល់ពេលធ្វើ យើងធ្វើខុសច្បាប់ អាហ្នឹងក៏កាន់តែខុសទៅទៀត »។

មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែន​ករុណា គាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយថាការប្រើកម្លាំង​ចុះអនុវត្តច្បាប់ឬដោះស្រាយបញ្ហាកន្លងមក មានភាពមិនច្បាស់​លាស់ គ្មានការបណ្តុះបណ្តាលត្រឹមត្រូវ និងផ្ទុយពីច្បាប់ទៀតផង។

លោកថា កម្លាំងទាំងនោះ មានមួយចំនួនក្នុងជួរកងរាជអាវុធហត្ថ កម្លាំងទាហាន និងកម្លាំងសន្តិសុខឬ ប្រជាការងារជាដើម ដោយថាការប្រើប្រាស់កម្លាំងខុសច្បាប់ ជាការរំលោភសិទ្ធិពលរដ្ឋ។

លោកបន្ថែមថា៖ «ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចដែលមានការបណ្តុះបណ្តាលទៅតាមនីតិវិធីច្បាប់ហ្នឹង គឺ គាត់ដឹងពីសិទ្ធិក្នុងការអនុវត្តតួនាទីរបស់គាត់ទៅតាមមុខងាររៀងៗខ្លួនហ្នឹង។ ហើយការអនុវត្តហ្នឹងគាត់តែងយកច្បាប់ជាធំ យកការគោរពសិទ្ធិទៅលើប្រជាពលរដ្ឋជាធំ។ ក្នុងហ្នឹងយើងដឹងហើយ បើនិយាយពីផ្លូវច្បាប់វិញ ពាក់ព័ន្ធក្រមសីលធម៌អ្នកអនុវត្តច្បាប់ ហើយក្នុងហ្នឹងក៏មានការរំលោភ ទៅខាងសេចក្តីប្រកាស នានារបស់អន្តរជាតិ ផងដែរ ពាក់ព័ន្ធការប្រើប្រាស់កម្លាំងដែលមិនតុល្យភាពបង្ក្រាបទៅលើប្រជាពលរដ្ឋហ្នឹង »។

ជាមួយគ្នានេះ លោក ស្នើឱ្យកែប្រែក្នុងការប្រើប្រាស់កម្លាំងទាំងនោះឡើងវិញ ព្រមទាំងដាក់ទោសទណ្ឌចំពោះមន្ត្រីទាំងឡាយណា ទាំងអ្នកអនុវត្តន៍ផ្ទាល់ និងអ្នកបញ្ជា ដែលបានអនុវត្តខុសពីនីតិវិធីច្បាប់។

កាលពីខែមីនា ឆ្នាំ២០១៨ អាជ្ញាធរខេត្តក្រចេះ បានប្រើកម្លាំងចម្រុះ ដោយមានយោធារាប់សិបនាក់ផង បានបង្រ្កាបដោយហិង្សា និងមានទាំងបាញ់ប្រហារ​ ទៅលើពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកស្នួល ​ ដែលបណ្តាលឱ្យពលរដ្ឋជាច្រើននាក់រងរបួស។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីតុលាការ និងអាជ្ញាធរខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះ ពិសេសមានកម្លាំងទាហានជាច្រើននាក់​ចុះអនុវត្តសាលដីការបស់តុលាការ។ ពេលនោះ ពលរដ្ឋ និងសមត្ថកិច្ចមានការប៉ះទង្គិចគ្នា​ រហូតដល់មានការបាញ់ប្រហារទៅលើពលរដ្ឋ បណ្តាលឱ្យកម្មករសំណង់ម្នាក់ត្រូវគ្រាប់កាំភ្លើងរហូត​ដល់​ស្ពឹកមួួយចំហៀងខ្លួនទៀតផង។ ក្នុងហេតុការណ៍នេះ ក៏ឃើញមានទាហានម្នាក់ យកកាំភ្លើងវែងរបស់ខ្លួនទៅវាយលើបុរសម្នាក់ ខណៈបុរសរូបនោះជាប់ខ្នោះដៃព័ទ្ធទៅក្រោយ ទោះបី​លុតជង្គង់លើដីរួចហើយក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ