ប្រទេសវៀតណាមសម្រេចបើកទីផ្សារឲ្យកម្ពុជានាំចូលអង្ករដល់ទៅ ៣០ម៉ឺនតោន និងថ្នាំជក់ទំហំ ៣ពាន់តោន ចូលទៅក្នុងប្រទេសរបស់ខ្លួនសម្រាប់រយៈពេល ២ឆ្នាំខាងមុខដោយពុំចាំបាច់បង់ពន្ធ ទៅតាមការស្នើសុំពីភាគីកម្ពុជា។
ក្នុងហ្វេសបុករបស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ បានឲ្យដឹងថា តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ដូ វឹកហឹង (Do Quoc Hung) បានបញ្ជាក់ចំពោះរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន់ សូរស័ក្កិ ថា ក្នុងឆ្នាំ២០១៩ និង២០២០ ភាគីវៀតណាមសម្រេចផ្ដល់ភាពអនុគ្រោះពន្ធអត្រាសូន្យភាគរយសម្រាប់ទំនិញកម្ពុជា ៣២ប្រភេទ រួមជាមួយការនាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងស្លឹកថ្នាំជក់ចំនួន ៣ពាន់តោន ខណៈភាគីកម្ពុជាផ្ដល់ភាពអនុគ្រោះពន្ធសូន្យភាគរយវិញដែរសម្រាប់ទំនិញវៀតណាម ២៦ប្រភេទផងដែរ ដែលនឹងត្រូវនាំចូលមកកម្ពុជា។
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ដើម្បីបញ្ជាក់បន្ថែមបានទេនៅថ្ងៃនេះ។
ប្រទេសវៀតណាមបានសម្រេចបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន ស្នើសុំទៅវៀតណាមឲ្យជួយប្រមូលទិញ និងរក្សាតម្លៃស្រូវរបស់កសិករកម្ពុជាកាលពីចុងខែមករាកន្លងទៅ។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក ហ៊ុន ឡាក់ យល់ថាអង្កររបស់កម្ពុជាមិនអាចទៅប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសវៀតណាមបាននោះទេដោយសារតែតម្លៃនៃអង្ករកម្ពុជាថ្លៃជាង ហើយលោកជំរុញឲ្យមានការនាំចេញស្រូវទៅប្រទេសនេះវិញ។
លោកថា៖ « ពេលល្អគឺពេលប្រមូលផលស្រូវគឺវៀតណាមមកជួយទិញគឺវាល្អដល់ប្រជាកសិករ អាចមានការប្រកួតប្រជែងតម្លៃ អញ្ចឹងកសិករផលិតស្រូវគាត់នឹងមានឱកាសចំណេញបានច្រើន។ តែអ្វីដែលមិនល្អនោះគឺរោងម៉ាស៊ីនស្រូវនៅពេលក្រោយរដូវប្រមូលផលស្រូវប្រសិនជាមានការបញ្ជាទិញអង្ករច្រើន ហើយអង្ករយើងហូរចេញទៅ(វៀតណាម) វាអាចនឹងធ្វើឲ្យខ្វះស្តុកស្រូវ ដែលធ្វើឲ្យស្រូវឡើងថ្លៃដែលជាហេតុធ្វើឲ្យរោងម៉ាស៊ីនខ្វះស្រូវសម្រាប់កែច្នៃលក់ដែរ » ។
ទីប្រឹក្សាអង្គការកសិកម្មសេដាក លោក សម វិទូ យល់ថា អង្ករកម្ពុជាមិនអាចប្រកួតប្រជែងជាមួយអង្កររបស់វៀតណាមបាននោះទេ បើទោះបីវៀតណាមផ្ដល់កូតាដល់អង្ករកម្ពុជាក៏ដោយ ដោយសារតែតម្លៃអង្ករកម្ពុជាថ្លៃជាងអង្ករដែលវៀតណាមផលិតបាន។
លោក សម វិទូ មានប្រសាសន៍ថា៖ «រឿងនេះអាចថា ជារឿងនយោបាយ ឬក៏ស្អីទេ? បើតាមលក្ខណៈសេដ្ឋកិច្ចតែម្តង ប្រហែលជាមិនអាចមានការប្រកួតប្រជែងបានទេ»។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែមករាកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យដឹងថា ប្រទេសចិនក៏បានសម្រេចបើកទីផ្សាររបស់ខ្លួនឲ្យកម្ពុជានាំចូលអង្ករដល់ទៅចំនួន ៤០ម៉ឺនតោនផងដែរនៅឆ្នាំ២០១៩នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីអឺរ៉ុបចាប់ផ្ដើមយកពន្ធលើអង្ករកម្ពុជាកាលពីខែមករាកន្លងមកនេះ។
តួលេខពីរដ្ឋាភិបាលកម្ពុជាបង្ហាញថា កម្ពុជាបាននាំចេញអង្ករជាង ៦២ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៨កន្លងមក ដោយក្នុងនោះ កម្ពុជាបាននាំចេញអង្ករដល់ទៅជិត ២៧ម៉ឺនតោនទៅកាន់ទីផ្សារអឺរ៉ុប ដែលធ្វើឲ្យអឺរ៉ុបក្លាយជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា មានចំណែកដល់ទៅជាង ៤៣ភាគរយនៃតួលេខអង្ករកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៕