ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអង្គការសមាគមទៅចុះបញ្ជីពន្ធដារយ៉ាងយូរត្រឹមចុងខែមីនា

កិច្ចប្រជុំលើកទី ៧ នៃក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, នាព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអង្គការសមាគមទៅចុះបញ្ជីពន្ធដារយ៉ាងយូរត្រឹមចុងខែមីនា ដើម្បីទទួលបានការអនុគ្រោះមួយចំនួន។​​

សេចក្តីណែនាំកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដែល VOD ទើបទទួលបាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ណែនាំឲ្យសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានរៀបចំឡើង និងដំណើរការទាំងក្នុងនិងមិនស្ថិតក្នុងក្របខ័ណ្ឌគោលដៅសុទ្ធសាធ ហើយមិនទាន់បានចុះបញ្ជីពន្ធដារ ត្រូវទៅចុះបញ្ជីពន្ធដារយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

សេចក្តីណែនាំបន្តថា ក្រោយពីចុះបញ្ជីពន្ធដាររួច អង្គការសមាគមត្រូវអនុវត្តការតព្វកិច្ចដូចជា ការដាក់លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក និងពន្ធនានាទាក់ទិននឹងសកម្មភាពជាគោលដៅសុទ្ធសាធនិងមិនសិ្ថតក្នុងគោលដៅសុទ្ធសាធ ចាប់ពីកាលបរិច្ឆេទមានប្រសិទ្ធិភាពនៃការចុះបញ្ជីពន្ធដារ ដោយពុំមានប្រតិសកម្មឡើយ។

សេចក្តីណែនាំបញ្ជាក់ថា ការចុះបញ្ជីពន្ធដារក្នុងអំឡុងពេលខាងលើ នឹងត្រូវបានអនុគ្រោះដូចជា ទោសទណ្ឌលើការប្រព្រឹត្តអំពើរាំងស្ទះ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវចំពោះការបង់ពន្ធនានាទាក់ទងនឹងការចុះបញ្ជី។ បន្ថែមលើនេះ ក្រសួងក៏នឹងលើកលែងទោសទណ្ឌនានាដល់អង្គការសមាគមដែលបានចុះបញ្ជីរួចហើយ ក្នុងការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត និងបង់ប្រាក់បន្ថែមចំពោះការបង់ប្រាក់ខ្វះកន្លងមក ឲ្យបានរួចរាល់ត្រឹមថ្ងៃទី៣១មីនានេះដែរ។

នាយិកាប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍នៅកម្ពុជា អ្នកស្រី​ រស់ សុភាព ថ្លែងថា អ្នកស្រីទើបតែបានទទួលសេចក្តីណែនាំនៅថ្ងៃនេះដែរ និងសមាគមអង្គការភាគច្រើនធ្វើមិនទាន់ ដោយថា ប្រព័ន្ធរបស់រដ្ឋាភិបាលធ្វើឲ្យពិបាក។

អ្នកស្រី​ រស់ សុភាព មានប្រសាសន៍ថា៖«លិខិតបទដ្ឋានរបស់យើងទាំងប៉ុន្មានដែលយើងធ្វើទៅក្រសួងហ្នឹង ហាក់ដូចជាមិនសូវទទួលការស្វាគមន៍ប៉ុន្មានទេ! អញ្ចឹងធ្វើឲ្យយើងមានការលំបាក! ហើយបើសិនយើងទៅខាងពន្ធទៀត រឹតតែស្មុគ្រស្មាញទៀត ហើយពេលវេលានេះគឺធ្វើឲ្យយើងអាចមិនបានជោគជ័យក្នុងការបំពេញតួនាទីរបស់យើង ដើម្បីចុះបញ្ជីឬបង់ពន្ធឲ្យបានត្រឹមត្រូវទេណា គឺមានការលំបាកណាស់ មិនស្រួលទេ!»

ប្រធានអង្គការធ្វើការផ្នែកសិទ្ធិមនុស្សរូបនេះ សំណូមពរឲ្យរដ្ឋាភិបាលគួរតែមានសេវាពិសេសណាមួយដើម្បីឲ្យសង្គមស៊ីវិលអាចធ្វើការងារនេះឲ្យបានទាន់ពេលវេលា។

សម្រាប់នាយិកាប្រចាំប្រទេសអង្គការអុបស្វាម អ្នកស្រី លឹម សូលីន យល់ថា នេះជាការល្អ ប៉ុន្តែអ្នកស្រីចង់ឲ្យរដ្ឋាភិបាលបន្តយោគយល់ដល់សង្គមស៊ីវិលដើម្បីបាននៅចូលរួមក្នុងការងារអភិវឌ្ឍន៍។

អ្នកស្រី លឹម សូលីន មានប្រសាសន៍ថា៖​ «សំណូមពរឲ្យរដ្ឋាភិបាលនៅតែបន្តយោគយល់ និងអធ្យាស្រ័យទៅដល់ស្ថាប័ន NGO ទាំងអស់ ទៅលើរឿងកតព្វកិច្ចពន្ធនេះ ដើម្បីជាកត្តាមួយជំរុញលើកទឹកចិត្តឲ្យស្ថាប័នទាំងអស់ហ្នឹង នៅតែបន្តការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតទៅមុខទៀត»

ក្នុងសេចក្តីណែនាំខាងលើ ក្រសួងសេដ្ឋកិច្ចក៏បានរំលឹកពីច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីរួចហើយដោយស្ថាប័នមានសមត្ថកិច្ច ត្រូវមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ យ៉ាងយឺតបំផុត ១៥ថ្ងៃក្រោយមានសកម្មភាពសេដ្ឋកិច្ច។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ អង្គការសមាគមមានជាង៥០០០ស្ថាប័ន ប៉ុន្តែ របាយការណ៍ចុះបញ្ជីបង់ពន្ធនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានតែជាង៥០០អង្គការសមាគមតែប៉ុណ្ណោះ។

គួររំលឹកដែរថា កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនោះដែរ ក្រសួងសេដ្ឋកិច្ចក៏បានបង្កើត​ក្រុមការងារចម្រុះរវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាពន្ធរបស់អង្គការសង្គមស៊ីវិល។ ការបង្កើតនេះបន្ទាប់ពីតំណាងអង្គការសង្គមស៊ីវិលបានស្នើកាលពីខែសីហាឆ្នាំមុន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ