លោក ហ៊ុន សែន ប្រកាសពីយុទ្ធសាស្ត្របញ្ចប់ជីវិតនយោបាយរបស់ លោក សម រង្ស៊ី

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជាថ្មីទៀតតាមរយៈសម្លេងដែល​បែកធ្លាយ​ពីបណ្ដាញសង្គម​ពីយុទ្ធសាស្ត្រកម្ចាត់ លោក សម រង្ស៊ី និងថា​ត្រូវធ្វើឡើងភ្លាមៗ ប្រសិនបើអតីតមេ​បក្សប្រឆាំងរូបនេះ ហ៊ានឈានជើងចូលដីកម្ពុជាមែន។

តាមរយៈសំឡេងដែលត្រូវបានចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីម្សិលមិញ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាសំឡេងនោះ ជាការបញ្ចេញទៅ​ក្រុមអ្នកនាំពាក្យទាំងអស់អំពីវិធីសាស្ត្រ បន្សាបឥទ្ធិពល និងឈានទៅបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី។

ក្នុងសំឡេងដដែល លោកហ៊ុន សែន ក៏បានប្រាប់ទៅមន្ត្រីទាំងឡាយ ពិសេសអ្នក​នាំពាក្យទាំងអស់មិនត្រូវឆ្លើយតប ឬ ប្រតិកម្មនឹងលោក សម រង្ស៊ី ទៀតឡើយ គឺមានតែអនុវត្តតាមសាលដីកាចាប់ខ្លួន ហើយបើមានកម្លាំងណាមួយតដៃ អនុញ្ញាតឱ្យកម្ចេចចោលកម្លាំងទាំងនោះតែម្តង។

សំឡេងដដែលនេះ បានបញ្ជាឱ្យមន្ត្រីទាំងអស់ប្រើប្រាស់បញ្ហា​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA  ជាឱកាសដើម្បីពង្រឹងខ្លួនឯង និងដើម្បីកម្ចេចចោលក្រុមបក្សប្រឆាំងដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាឱ្យបានឆាប់រហ័ស ដោយមិនអនុញ្ញាតឱ្យពួកនេះមានជីវិតឡើយ។

សំឡេងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៖ «ទីមួយបង្កើនការខិតខំ ដើម្បីធ្វើកំណែទម្រង់ផ្ទៃក្នុង។ ទីពីរ កំចាត់ចោលកម្លាំងបក្សប្រឆាំងទាំងអស់ ដែលជាបណ្តាញរបស់អតីតសង្គ្រោះជាតិ ដោយមិនឱ្យពួកនេះរើក្បាលរួច។ ហើយមិនឱ្យមានលទ្ធភាពឱ្យពួកនេះ មកចូលធ្វើការ មកចូលរួមសម្រាប់ការបោះឆ្នោតឆ្នាំ២០២២ ហើយក៏មិនអាចបន្តទៅឆ្នាំ ២០២៣ដែរ។ អាហ្នឹងត្រូវឱ្យច្បាស់ អំពីវិធីសាស្ត្រដោះស្រាយបញ្ហា។ ឯខ្ញុំក៏ងាយស្រួលដែរ គឺគ្មាននរណាមកអាច មកចលនាខ្ញុំ ឱ្យលើកលែងទោសឱ្យអា កឹម សុខា ឬ លើកលែងទោសឱ្យ អា សម រង្ស៊ី បានទៀតទេ »។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មិនបញ្ជាក់អំពីសំឡេងនេះទេ ប៉ុន្តែលោកថា វាមិនមែនជារឿងគួរឱ្យចាប់អារម្មណ៍ឡើយ ដោយថា ​វិធានការទប់ស្កាត់លោក សម រង្ស៊ី និងក្រុមបក្សប្រឆាំង ដែលលោកហៅថាជា ខ្មាំងសត្រូវ គឺជារឿងធម្មតា ហើយលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែងតែប្រកាសជាសាធារណៈរួចទៅហើយដែរ។

លោក សុខ ឥសាន្ត មានប្រសាសន៍ថា៖ «សម្តេចតែងតែប្រកាសជាសាធារណៈរួចហើយ បានណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់។ ហើយអានេះជាភារកិច្ចស្នូលរបស់អាជ្ញាធរសមត្ថកិច្ចទេ ព្រោះមនុស្សហ្នឹង វាមានសាលក្រមតុលាការស្ថាពរ និងមានដីកាចាប់ខ្លួនរបស់តុលាការរួចហើយ។ ដូច្នេះ មិនបាច់បង្កាប់បញ្ជាអីច្រើន ក៏ត្រូវតែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដែរ បាទ!»។

ទោះបីជាយ៉ាងនេះក្តី អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរ​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នៅឆ្នាំ ២០១៩ នេះ លោកនឹងចូលស្រុកឱ្យបាន ហើយនៅថ្ងៃនេះ លោកបញ្ជាក់ទៀតថា លោកនឹងចូលមកកម្ពុជាប្រមូលកម្លាំងឲ្យច្រើនជាងឆ្នាំ២០១៣ ទៀត ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជាឲ្យទាល់តែបាន។

អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការប្រកាសជំហមិនឆ្លើយតបទៅនឹងលោក សម រង្ស៊ី គឺជារឿងល្អ ប៉ុន្តែ ការប្រកាសពីវិធានការកម្ទេចលោក សម រង្ស៊ី និងក្រុមបក្សប្រឆាំង លោកថា ជាការបង្ហាញពី​ស្ថានភាពអាក្រក់ក្នុងសង្គមខ្មែរកាន់តែខ្លាំង។

លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «ហ្នឹង គឺឆ្លុះបញ្ចាំងអាដែលស្ថានភាពប្រហែលជាធ្ងន់ធ្ងរនៅក្នុងសង្គមយើង ហើយអាចប៉ះពាល់ដល់អំណាចគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ »។

កាលពីថ្ងៃទី១១ ខែកុម្ភៈ សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពីដំណើការនីតីវិធី​ឈាន​ដល់ការ​ព្យួរជាបណ្ដោះ​អាសន្ននូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ​ពីកម្ពុជា ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ សហរដ្ឋអាមេរិកថា ​កម្ពុជា​​នៅតែ​មាន​​ឱកាស​ជៀសផុតពីផលវិបាកអវិជ្ជមាន​ផ្នែកសេដ្ឋកិច្ច​ នៃការដកការអនុគ្រោះពន្ធ EBA ប្រសិនបើថ្នាក់ដឹកនាំកម្ពុជា ស្តារឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា។

បន្ថែមពីនេះ ត្រូវ​ទម្លាក់​ចោល​​នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់​តាមទំនើងចិត្តទាំងអស់ប្រឆាំង​នឹងអ្នក​ទោស​នយោបាយដទៃទៀត។ លើសពីនេះ រដ្ឋាភិបាលត្រូវអនុញ្ញាតអោយ​​សហជីព អង្គការ​សារព័ត៌មានឯករាជ្យ និងក្រុម​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិត​។

សហរដ្ឋអាមេរិក ក៏បាន​អំពាវនាវផងដែរ​ឲ្យ​​មេដឹកនាំកម្ពុជាតម្កល់សុខុមាល​​​ភាពរបស់ប្រទេសឲ្យ​ខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ