មន្ត្រី​អះអាង​ថា ពន្ធនាគារ​ខេត្ត​ព្រះវិហារ​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​សម្រាប់​ប្រើ​ប្រាស់​

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីក្រសួង អាជ្ញាធរ កំពុងជួយសម្របសម្រួលបញ្ហរៀបចំប្រព័ន្ធទឹកសម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារខេត្ត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក

មន្ត្រី​ពន្ធនាគារខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ពន្ធនាគារ​ខេត្ត​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់ និងកំពុងជីកអណ្តូងថ្មីដើម្បី​ទាញ​យក​ទឹក​មក​ផ្គត់ផ្គង់តម្រូវការ។

ប្រធានពន្ធនាគារខេត្តព្រះវិហារ លោក យុន ម៉ានី ឲ្យ ​VOD ដឹងនៅព្រឹកនេះថា ទឹក​ស្រះ និង​ទឹក​អណ្ដូង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្ត​នេះ បាន​រីង​ស្ងួត​ស្ទើ​រអស់​នៅ​ពេល​រដូវ​ក្ដៅ​ចូល​មកដល់។

មន្ត្រី​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួងធនធានទឹកកំពុងជួយជីកអណ្តូងថ្មីដែលមានជម្រៅជ្រៅជាងមុន និងអាចផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់វិញបាន។

លោក យុន ម៉ានី មានប្រសាសន៍ថា៖ «ក្រសួងធនធានទឹកជួយអណ្តូងស្នប់អាខ្នាតធំបំពាក់ម៉ូទ័របូម។ បាទ! ឥឡូវនេះ គឺកំពុងតែដំណើរការជិតរួចហើយ បូមខួងហើយ ប៉ុន្តែ គាត់បំពាក់ទុយោអីសម្រាប់បូមប្រើប្រាស់ យើងរៀបបណ្តាញទុយោរួច គឺបូមប្រើបាន។ ដោយសារអាកាសធាតុក្តៅហើយ យើងមើលស្ថានភាពជាក់ស្តែង គឺវារីងរាំងខ្លាំងទៅ គឺវារាំងប្រភពទឹកក្រោមដីមួយចំនួន ហើយអណ្តូងស្នប់ដែលយើងបុកកន្លងទៅ វារាក់ ត្រឹមតែ ៣០ ទៅ ៤០ម៉ែត្រ! ដល់អញ្ចឹងអាខ្សែទឹកវាអត់គ្រប់គ្រាន់!»

អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បាន​អះ​អាង​ថា ក្រៅ​ពី​ពន្ធនាគារ​ខេត្ត​ទេ ដែល​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​នោះ តំបន់​ផ្សេងៗ​ទៀត​នៃ​ខេត្ត​ព្រះវិហារ ​មិន​ទាន់​ជួប​ប្រទះ​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នោះ​ឡើយ។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា៖ «នៅតំបន់ផ្សេង គឺអត់ទាន់មានបញ្ហាប្រឈមទេ! ទើបតែបានណែនាំឲ្យអាជ្ញធរស្រុក ហើយនិងក្រុងពិនិត្យតាមដាននូវសភាពការណ៍ទាំងឡាយដែលកើតឡើង។ ក្នុងករណីមានបញ្ហាប្រឈម គឺសុំរាយការណ៍មកខេត្តជាបន្ទាន់ ដើម្បី​ខេត្តទៅអន្តរាគមន៍ជួយ។ អត់ទាន់មានបានព័ត៌មានអី ឬក៏មិនទាន់មានបញ្ហាប្រឈមខ្វះទឹកទេសម្រាប់ប្រជាពលរដ្ឋ​ទេ»

ពន្ធនាគារខេត្តព្រះវិហារដែលស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ មានស្រះទឹកចាស់ចំនួនមួយ អណ្តូងចំនួនបួន និងមានមន្ត្រីបម្រើការងាររួមទាំងជន​ជាប់​ឃុំសរុបចំនួនជាង ៥០០នាក់។

រដ្ឋាភិបាល​បាន​ប្រកាស​កាល​ពី​ចុង​ឆ្នាំ​កន្លង​មក​នេះ ឲ្យ​​ពលរដ្ឋ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ដោយ​ថា កម្ពុជា​ប្រឈម​មុខ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ និង​ការ​កើន​ឡើង​កម្ដៅ​រហូត​ដល់​ ៤២​អង្សា​នៅ​អំឡុង​ខែ​មេសា និង​ខែ​ឧសភា​ខាង​មុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ