រដ្ឋាភិបាល​ថា ជប៉ុន​បើក​ទីផ្សារ​គ្រោង​ទទួល​យក​ពលករ​ជំនាញ​ពី​កម្ពុជា​

លោក អ៊ិត សំហេង ជួបពិភាក្សាការងារជាមួយ លោក Hidehisa Horinouchi អគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការងារ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ស្តីពី “ពលករជំនាញ”។ រូបភាព៖ ហ្វេសប៊ុក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករជំនាញខ្មែរនៅខែមេសាខាងមុខនេះ បន្ទាប់ពីបានកែសម្រួលច្បាប់របស់ខ្លួន និងត្រៀមចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា។ នេះ​បើតាម​ក្រសួង​ការងារ​កម្ពុជា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីម្សិលមិញថា អំពី​ការកែសម្រួលច្បាប់ថ្មីរបស់ជប៉ុន ដែល​អនុញ្ញាតិឱ្យពលករកម្ពុជា អាចដាក់ពាក្យទទួលបានទិដ្ឋាការកាងារ (Working Visa) ដែលពីមុនពលករកម្ពុជា​ទទួលបានត្រឹមតែជាកម្មសិក្សាការីប៉ុណ្ណោះ។

ក្រសួងឲ្យដឹងបន្តថា ប្រព័ន្ធថ្មីរបស់ជប៉ុននេះ នឹងផ្តល់ឱកាសដល់ពលករកម្រិតជំនាញ និងកម្រិត​បច្ចេកទេស អាចចូលទៅបំពេញតម្រូវការកង្វះខាតកម្លាំងពលកម្មទៅប្រទេសជប៉ុនបន្ថែមទៀត។

ក្រសួងបញ្ជាក់ថា ខ្លួននឹងជំរុញឱ្យក្រុមការងារបច្ចេកទេសពិនិត្យកែសម្រួលសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ហើយគ្រោងទៅចុះហត្ថលេខានៅទីក្រុងតូក្យូក្នុងកំឡុងសប្តាហ៍ទី៣ ខែមីនា​ខាងមុខ​នេះ។

VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បំភ្លឺបន្ថែមបានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលពុំមានអ្នកទទួល។

មន្ត្រីកម្មវិធីអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា បង្ហាញ​ក្ដី​បារម្ភចំពោះសុវត្ថិភាពពលករ បើទោះជាជប៉ុនជាប្រទេសជឿនលឿនក៏ដោយ ដោយថា ពុំឃើញមានបើកឲ្យចូលរួមជជែកពីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសង្គមស៊ីវិលដែលពាក់ព័ន្ធ។

លោក ឌីថេ ហូយ៉ា មានប្រសាន៍ថា៖ «ការដែលបើកលំហរទីផ្សារការងារបញ្ជូនពលករទៅប្រទេសជប៉ុន វាជារឿងមួយដែលគិតថា រកការងារឲ្យប្រជាពលរដ្ឋ ក៏ប៉ុន្តែ ទន្ទឹមនឹងការរកការងារឲ្យប្រជាពលរដ្ឋហ្នឹងណា៎! វាគួរគិតគូរទៅលើប្រព័ន្ធការការពារ និងជួយសង្គ្រោះ។ កន្លងមកយើង​ដឹងហើយ!​ រដ្ឋរបស់យើងគ្មានយន្តការ! យន្តការ! វាមានតែនៅក្នុងសៀវភៅអីចឹងទៅ! បើមែនទែន​ទៅ រហូតដល់ឥឡូវ វាមានមិនក្រោមពី៤០០ប្រភេទនៃយន្តការ ទាំងច្បាប់ ទាំងគោលនយោបាយជាតិអីចឹង ប៉ុន្តែ ការអនុវត្តឲ្យមានប្រសិទ្ធិភាព វាអត់មានណ៎ា! ដូចកន្លងដូចមក នៅម៉ាឡេអីចឹង ក្នុងពេលដែលពួកគាត់ត្រូវបានគេធ្វើបាប ចង់ឲ្យស្ថានទូតជួយ ស្ថានទូតថា អត់មានថវិកា»

ក្រសួងការងារឲ្យដឹងផងដែរថា ជប៉ុនបានផ្តល់ឱកាសដល់កម្មសិក្សាការីកម្ពុជាទៅហាត់ការនៅប្រទេសជប៉ុន ដែលមកដល់បច្ចុប្បន្ននេះមាន​ចំនួន​ប្រមាណជាង ៩ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ