រដ្ឋាភិបាល​ជំរុញ​វិស័យ​ឯកជន​ចូលរួម​បង់​ពន្ធឲ្យបានត្រឹមត្រូវ

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (រូបភាព៖ ហ្វេសប៊ុក KONG Vibol)

រដ្ឋាភិបាល​ជំរុញ​ដល់​វិស័យ​ឯកជន​ចូលរួម​បង់​ពន្ធ​ឲ្យ​បានគ្រប់គ្នា និងត្រឹមត្រូវទៅតាមច្បាប់ ព្រោះថា ចំណូលពន្ធថយចុះ ដោយសាររដ្ឋាភិបាលធ្វើកំណែទម្រង់លើវិស័យមួយចំនួន ដើម្បីទាក់ទាញអ្នកវិនិយោគទុន។​

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ លោក គង់ វិបុល បាន​ថ្លែង​ក្នុងសិក្ខាសាលា​មួយ​នា​ព្រឹក​នេះ​ក្នុង​​ខេត្ត​សៀម​រាប​ ថា ​វិធាន​ការ​ថ្មី​របស់​រដ្ឋាភិបាល​ដែល​មាន ​ដូច​ជា ​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ការ​លុប​ចោល​ប័ណ្ណ និង​អ្នក​ត្រួត​ពិនិត្យ​លិខិត​បញ្ជាក់​ប្រភព​ដើម​ទំនិញ ការ​លុប​ចោល​កាំសាប និង​កាត់​បន្ថយ​ថ្លៃ​ពិនិត្យ​ទូរ​កុង​តឺន័រ ​ជា​ដើម ​បាន​ធ្វើ​ឲ្យ​ពន្ធដារ​បាត់បង់​ចំណូល​ពន្ធ​ជាច្រើន ហើយ​ដើម្បី​ជំនួស​នូវ​ការ​ខាតបង់​នេះ​ អគ្គនាយក​ជំរុញ​ដល់​ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និង​អ្នក​ជាប់​ពន្ធ​ទាំង​អស់​ចូលរួម​បង់​ពន្ធ​ទាំង​អស់​គ្នា​ ដើម្បី​ជៀស​វាង​នៅ​ការ​ពិន័យ និង​ទោស​ទណ្ឌ។ ​

លោកថា៖ «ប្រទេស​ដែល​គេ​អភិវឌ្ឍន៍​ប្រទេស​នោះ​មាន​អនុលោម​ភាព​ខ្ពស់​ណាស់​ពន្ធដារ​។ អស់​លោក​មិន​ចាំ​បាច់​សុបិន្ត​ពី​ Highway ពីរ​បី​ជាន់ អំពី​ការ​ផ្ដល់​សេវា​ អំពី​សាលា​រៀនUniversity អំពី​សាលារៀន​ វិស័យ​អប់រំ​ល្អ​ប្រសើរ​ទេ បើ​សិន​ថវិកា​ជាតិ​មិន​មាន​នោះ​។ ហើយ​ថវិកា​ជាតិ​បាន​មក​ពី​ណា? គឺ​បាន​ពី​ការ​បង់​ពន្ធ​របស់​អស់​លោក​អ្នក​ហ្នឹង​ហើយ!»

លោក​បន្ថែម​ថា ​ឆ្នាំ​២០១៩​ រដ្ឋ​បាន​រៀប​ចំ​ប្រព័ន្ធ​នៃការ​​​បង់​ពន្ធ​តាម​ប្រព័ន្ធ​អនឡាញ ដែល​មាន​ភាព​ច្បាស់លាស់ ហើយ​អ្នក​ជាប់​ពន្ធ​ទាំង​អស់​នឹង​មិន​អាច​គេច​មិន​បង់​ពន្ធ​បាន​នោះ​ទេ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក យ៉ង ប៉ាក់ គាំទ្រ​ចំពោះ​ការ​រៀប​ចំ​នេះ​ តែ​លោក​លើក​ឡើង​ពី​ក្ដី​បារម្ភ​ទៅ​លើ​ប្រសិទ្ធភាព​ និង​នីតិវិធី​នៃ​ការ​ប្រមូល។

លោក​ថា៖ «ទាំង​គេ​ទាំង​យើង​ គឺ​ឃើញ​ដូច​គ្នា​ហើយ ​គឺ​ការ​ប្រមូល​ពន្ធ​ គឺ​ផ្ដោត​លើ​ការ​ប្រមូល​ពន្ធ​លើ​អាជីវកម្ម​ខ្នាត​តូច តែ​ខ្នាត​ធំ​អត់​សូវ​មាន​ព័ត៌មាន​ពិត​ប្រាកដ​ទេ។ ពន្ធដារ​គួរ​មាន​របាយការណ៍​ពិត​ប្រាកដ ​ថា​ខ្នាត​តូច​យើង​ប្រមូល​បាន​ប៉ុន្មាន ខ្នាត​ធំ​យើង​ប្រមូល​បាន​ប៉ុន្មាន? ដែល​ទាំង​គេ​ទាំង​ខ្ញុំ​មើល​ឃើញ​នោះ ​គឺ​យើង​គួរ​តែ​ពង្រឹង​ការ​ប្រមូល​ពន្ធ​ខ្នាត​ធំ​ឲ្យ​បាន​ខ្លាំង​ជាង​មុន។ ហើយ​ការ​កាត់​ការងារ​បែប​ការិយាធិបតេយ្យ​ហ្នឹង​ គឺ​ជា​រឿង​ល្អ​បំផុត​ហើយ ​ព្រោះ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ធំ​ក៏​គេ​ចាប់​អារម្មណ៍​ដែរ» ។

បើ​តាម​លោក គង់ វិបុល ចំណូល​ពន្ធ​ឆ្នាំ​២០១៩ ​គិត​មក​ត្រឹម​ថ្ងៃទី​២០ខែ កុម្ភៈ​នេះ​ អគ្គនាយកដ្ឋាននេះ ​ប្រមូល​ពន្ធ​បាន​ជាង​៦លានដុល្លារ​អាមេរិក។

កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៧ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​គ្មាន​វិធាន​ការ​ដំឡើង​ពន្ធ​នោះ​ទេ​ តែ​តំរូវ​ឲ្យ​មាន​ការ​ប្រមូល​ពន្ធ​ឲ្យ​អស់ ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រភព​ចំណូល​ និង​អាច​តំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ