ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ គ្រោង​ចាប់​ផ្ដើម​សង់​ជាផ្លូវការ ខណៈ​ពុំ​ទាន់​មាន​ការ​ទូទាត់​សំណង​​ផល​ប៉ះ​ពាល់

រូបតំណាង គម្រោងផ្លូវពីភ្នំពេញ ទៅព្រះសីហនុ (រូបភាព៖ បណ្ដាញសង្គម)

មន្ត្រីជាន់ខ្ពស់ក្រសួងសាធរណការ ឲ្យដឹងថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហុន គ្រោង​នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​ជាផ្លូវការ​នៅ​ខែ​ក្រោយ​នេះ​ហើយ ខណៈ​ដែល​អ្នក​ធ្វើការ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ចង់ឃើញលទ្ធផលនៃការសិក្សាផលប៉ះពាល់នៃការសាងសង់ផ្លូវនេះ។

អ្នកនាំពាក្យក្រសួងសារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសុរិយា ប្រាប់ VOD នៅព្រឹកនេះថា ក្រសួងគ្រោងធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុនៅក្នុងខែមីនាខាងមុខនេះ ដោយបញ្ជាក់ថា ផ្លូវនេះបានដំណើរការសាងសង់រួចខ្លះមកហើយ។

លោក វ៉ា ស៊ីមសុរិយា៖ «រឿងសាងសង់ វាចាប់ផ្តើមយូរមកហើយ គេធ្វើបណ្តើរៗ មានគេធ្វើរបង ដាក់គ្រឿងចក្រអីអញ្ចឹងទៅណា ប៉ុន្តែ ខែបីហ្នឹងគ្រាន់តែបើការដ្ឋានទេ។ ការងារវាអនុវត្ត​បន្តិចៗអញ្ចឹងទៅណា វាមិនមែនខែបីហ្នឹង យើងចាប់ផ្តើមតែម្តងដូចផ្ទះទេ។ អាហ្នឹង ធម្មតាការងារវាទៅអញ្ចឹង! ខែបីហ្នឹង គឺពិធីបើកការដ្ឋាន»

អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ សម្ដែងការអបអរ និងចង់ឲ្យអ្នកសិក្សាពីផលប៉ះពាល់នៃការសាងសង់ផ្លូវនេះបង្ហាញឲ្យដឹងផង។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «អ្វីដែលបារម្ភ គឺចំណេះដឹងទាក់ទងនឹងអ្នកបើកបរក្នុងការប្រើប្រាស់ផ្លូវ ប៉ុន្តែ អត់ទាន់ធ្វើហើយ អត់ទាន់ថា​ម៉េចទេ។ អ្វីដែលចង់ឃើញ គឺពេលដែលធ្វើ​ហ្នឹង ​ចង់ឲ្យអ្នកដែលគាត់សិក្សាកន្លងមកហ្នឹង គាត់បង្ហាញថា តើគាត់បានសិក្សាពីផលប៉ះពាល់ ឬក៏សុវត្ថិភាព ហើយចង់ឲ្យបង្ហាញ​ជាលក្ខណៈសាធារណៈ។ ឧទាហរណ៍ថា ម៉េចបានគាត់ជ្រើសយកផ្លូវចុះល្បឿនលឿន ឬផ្លូវឡើងល្បឿនលឿន ហើយចម្ងាយប៉ុន្មានដែលយានយន្តត្រូវធ្វើដំណើរ»

អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក យ៉េន សោភ័ណ្ឌ ប្រាប់ VOD ថា ក្រសួង​មិន​ទាន់អាចជម្រាបបានពីការសិក្សាផលប៉ះផ្លូវនេះបាននៅឡើយទេ ដោយថា កំពុងដំណើរការរៀបចំ និងពិគ្រោះយោបល់ជាសាធារណៈ។

លោក យ៉េន សោភ័ណ្ឌ មានប្រសាសន៍ថា៖ «ឥឡូវយើងកំពុងតែរៀបចំដំណើរការចាប់ផ្តើម ប៉ុន្តែ ការដោះស្រាយយ៉ាងណា គឺយើងអត់ទាន់បានរួចរាល់។ អញ្ចឹងខ្ញុំជម្រាប Deatail (លម្អិត) អត់ទាន់ច្បាស់នៅឡើយ។ គម្រោង គឺយើងមានហើយ បានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាលហើយ ប៉ុន្តែ ការ Design (រៀបចំ) ជាការដោះស្រាយផលប៉ះពាល់ វាអត់ទាន់រួចរាល់បាទ។ យើងនឹងជួបប្រជាជននៅតាមគម្រោងដែលមានផលប៉ះពាល់ហ្នឹង គឺយើងនឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈ បាទ»

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រកាសដឹង​កាលពីចុងឆ្នាំ២០១៨ ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែលជាង ១៩០​គីឡូម៉ែត្រ​ ដោយគ្រោងចំណាយប្រមាណ ២​ពាន់​លានដុល្លារ ដែល​ជា​កម្ចី​សម្បទាន​ពី​ប្រទេស​ចិន។

ផ្លូវនេះត្រូវសាងសង់ជា ៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាលចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវាត់ក្រុងទី៣។ ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់ប្រតិបត្តិ និងផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ