អាជ្ញាធរថៃ សម្រេចបញ្ជូនខ្មែរឥស្លាមជាង៣០នាក់ ត្រឡប់មកកម្ពុជាវិញ

ប៉ូលីសបានចាប់ខ្លួននិស្សិតកម្ពុជាម្នាក់នៅសាលាឥស្លាមនៅខេត្តប៉ាតានី។ (រូបថតតាមរយៈ rfa.org)

អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានបញ្ជូនខ្មែរឥស្លាម ជាង៣០នាក់ មកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីម្សិលមិញ ក្រោយ​មន្ត្រីប្រទេសនេះ​រកឃើញភាពមិនប្រក្រតីនៃការធ្វើដំណើររបស់ពួកគេ។ ​

កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា​ ខ្មែរឥស្លាម ចំនួន៣៤ នាក់ដែលមានស្រី២នាក់ បានបញ្ជូនមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញ បន្ទាប់ពីពួកគេបានឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តស្រះកែវ។ មន្ត្រីថៃបាននិយាយថា ប៉ូលិសបានឃាត់ខ្លួនជនជាតិខ្មែរឥស្លាមជាបណ្តោះអាសន្ន ដោយថា ដើម្បី​ស្វែងយល់ពីគោលបំណងពិតរបស់អ្នកទាំងនោះ ​​ដើម្បី​បញ្ចៀសការយល់ច្រឡំណាមួយ។

អាជ្ញាធរថៃ​ សង្ស័យថា ជនជាតិខ្មែរឥស្លាមទាំងនោះ ធ្វើដំណើរចូលដីថៃ មានភាពមិនប្រក្រតី និងមានបំណងស្វែងរកការងារធ្វើដោយខុសច្បាប់នៅភាគខាងត្បូងប្រទេសមួយនេះ។ ​

​កាសែតបាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ស្នងការប៉ូលិសអន្តោប្រវេសន៍ ខេត្តស្រះកែវ លោក Pol Col Benchaphon Rotsawat បានស្នើសុំ ឱ្យអាជ្ញាធរកម្ពុជាចូលរួមក្នុងការស៊ើបអង្កេតលើស្ថានភាពអ្នកដំណើរទាំងនេះ។ ​ពួកគេទាំងអស់ បានធ្វើដំណើរដោយប្រើទិដ្ឋាការទេសចរណ៍ ប៉ុន្តែមានមនុស្សជាច្រើនបាននិយាយថា ពលរដ្ឋខ្មែរឥស្លាមទាំងនោះ គ្រោងនឹងទៅធ្វើការនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។

បាងកកប៉ុស្តិ៍បានលើកឡើងថា តាមច្បាប់អន្តោប្រវេសន៍ ​ ពលរដ្ឋប្រទេសជិតខាង​ត្រូវបានអនុញ្ញាតឱ្យធ្វើការងារនៅក្នុងប្រទេសថៃ ​ក្រោមអនុស្សរណៈនៃការយោគយល់ឬហៅ (MoU) រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីអន្តោប្រវេសន៍ថៃ កាលពីថ្ងៃម្សិលមិញ បានរកឃើញដែរថា ការធ្វើដំណើររបស់ជនជាតិខ្មែរឥស្លាមនោះ មិន​បានយល់ព្រមពីមន្រ្តីត្រូតពិនិត្យព្រំដែនឡើយ ហើយពួកគេទាំងនេះ មិនបានបញ្ជាក់ច្បាស់លាស់ អំពីកន្លែងស្នាក់នៅពិតប្រាកដរបស់ខ្លួននៅក្នុងប្រទេសថៃឡើយ។

បាងកកប៉ុស្តិ៍បន្តថា តាមរយៈធ្វើអធិការកិច្ច អាជ្ញាធរថៃ បានរកឃើញថា ជនជាតិខ្មែរឥស្លាមទាំងនោះ ម្នាក់ៗមានប្រាក់ចន្លោះពី 1 000 ទៅ 3 000 បាត ប៉ុណ្ណោះ ប៉ុន្តែ ចំនួនទឹកប្រាក់នេះមិនគ្រប់គ្រាន់ទៅតាមការតម្រូវនោះទេ ដោយអ្នកទទួលបានទិដ្ឋការទេសចរ គឺត្រូវមានប្រាក់យ៉ាងហោចណាស់ចំនួន ២ម៉ឺនបាត។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនេះ ប៉ូលិសថៃនៅខេត្តសុងក្ លា(Songkhla) បានរកឃើញជនជាតិខ្មែរឥស្លាមជាស្រ្តីចំនួន៣នាក់ បានដំណើរដោយខុសច្បាប់ផងដែរ ​ដោយពួកគេបានធ្វើដំណើរលើរថភ្លើងពីទីក្រុងបាងកកទៅខេត្ត​ Narathiwat ។ ប៉ូលិសថៃ អះអាងប្រាប់បាងកកប៉ុស្តិ៍ថា ក្នុងចំណោមស្ត្រីទាំងបីនាក់ គឺមានពីរនាក់​មិនមានលិខិតឆ្លងដែន ហើយម្នាក់ទៀតមានលិខិតឆ្លងដែន ប៉ុន្តែ មិនបានបោះត្រា​ត្រឹមត្រូវពីមន្ត្រីតាមច្រកព្រំដែនឡើយ។

ស្រី្តទាំងនោះ ប្រាប់អាជ្ញាធរថៃថា ពួកគេចេញពីប៉ោយប៉ែត ហើយគ្រោងធ្វើដំណើរទៅប្រទេសម៉ាឡេ​ស៊ី ដោយប៉ូលិសសង្ស័យថា ការធ្វើដំណើររបស់ពួកគេ ត្រូវបានរៀបចំឡើងដោយក្រុមចារកម្មដែលមានទំនាក់ទំនង​ជាមួយអ្នក​ជួញដូរមនុស្ស។

កាលពីដើមខែកុម្ភៈនេះ អាជ្ញាធរថៃ បានរកឃើញយុវជនខ្មែរ​ចំនួន៣នាក់ផ្សេងទៀត ​ដែលកំពុងសិក្សានៅសាលាសាសនាឥស្លាមមួយឈ្មោះ Pondok ​នៅស្រុកប៉ាតានី ម៉ាយ៉ូ( Pattani’s Mayo)។

កាសែតថៃដដែលនេះ ថាសាលារៀនមួយនេះមិនខុសច្បាប់ និងមិនមានទំនាក់ទំនងជាមួយនឹងការបះបោរនៅភាគខាងត្បូងថៃនោះទេ ប៉ុន្តែក្មេងៗ ក្នុងចំណោមនិស្សិតបរទេស ១១ នាក់ត្រូវបានចាប់ខ្លួនដោយសារ មិនមានទិដ្ឋាការឬវីសាត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ