សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​២៩​នាក់ ខណៈ​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​ក្រោយ​ការ​បង្ក្រាប​នៅ​ក្លឹប​រ៉ក់

អាជ្ញាធរកំពុងតែឆែកឆេរលើខ្លួនយុរជនម្នាក់ ក្រោយពីពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់។ រូបភាព៖ ហ្វេសប៊ុក ស ថេត /ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នា២០១៩

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធគ្រឿងញៀនជិត ៣០នាក់ នៅ​ក្នុង​ចំណោម​មនុស្សជាង ៣០០នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អំឡុង​ការ​បង្ក្រាប​មួយ​នៅមជ្ឈមណ្ឌលកំសាន្តរ៉ក់កាលពីចុងសប្តាហ៍មុន។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ឲ្យ VOD ដឹងនៅរសៀលនេះ ថា សមត្ថកិច្ចរកឃើញអ្នកដែលពាក់ព័ន្ធនឹងការចែកចាយគ្រឿងចំនួន ២៩នាក់ និងបានអនុញ្ញាតិឲ្យអ្នកដែលអត់ពាក់ព័ន្ធត្រឡប់ទៅផ្ទះវិញ​ហើយ ក្រោយមានការធានាពីអាណាព្យាបាល។

លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា៖ «ទាំងអស់ ៣១១នាក់អូន! ក្នុងនោះយើងរកឃើញអ្នកពាក់ព័ន្ធតែ ២៩នាក់ទេ។ ៧១នាក់គាត់អត់មាន​ពាក់ព័ន្ធអីទេ! ហើយឆែកទឹកម៉ូតគាត់(ទឹកនោម) ក៏អត់មានប្រើប្រាស់គ្រឿងញៀនដែរ និង ​២៣១នាក់ យើងឆែកឃើញគាត់ប្រើប្រាស់! ឆែកទឹកម៉ូតនោះណា!។ សម្រាប់អ្នកទាំងអស់នោះ! អ្នកដែលអត់បានប្រើប្រាស់ទេ អាហ្នឹងអញ្ជើញមាតាបិតា ឬអាណាព្យាបាលធ្វើកិច្ចសន្យាយក​គាត់ទៅអប់រំណែនាំយកទៅផ្ទះវិញ។ បើអ្នកមានសារធាតុញៀនជាប់ខ្លួន ក៏ត្រូវហៅអាណាព្យាបាលមកដែរ ដើម្បីធ្វើកិច្ចសន្យាយកគាត់ទៅ​អប់រំ កែប្រែ និងព្យាបាលបន្សាប»

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​អំពី​វិធានការ​ទៅ​លើ​ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​ និង​មនុស្ស​ដទៃ​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នោះ អ្នកនាំពាក្យ​នគរបាល​រូបនេះ មិនជម្រាបព័ត៌មានបន្ថែមទេ ដោយថា កំពុងដំណើរការនីតិវិធីបន្តទៀត។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ដែលបានតាមដានករណីនេះ ជំរុញឲ្យមានការស៊ើបអង្កេតរកអ្នកទទួលខុសត្រូវរបស់ក្លឹបកំសាន្តមួយនេះ មកប្រឈមមុខនឹងផ្លូវច្បាប់។

លោក សន ជ័យ មានប្រសាសន៍ថា៖ «មុខសញ្ញាធំ ហើយជាមេរោគនៃសង្គម! យើងចង់ឃើញ​មានការស៊ើបអង្កេតឲ្យបានល្អិតល្អន់ ហើយនិងយកអ្នកទទួលខុសត្រូវពិតប្រាកដមកប្រឈមុខនឹងផ្លូវច្បាប់។ អ្នកទទួលខុសត្រូវពិតប្រាកដ គឺអ្នកគ្រប់គ្រង អ្នកដឹកនាំនៅក្នុងក្លឹបហ្នឹង! ពីព្រោះអី កម្សាន្ត​នេះ គឺជា​មធ្យោបាយនៃការចែកចាយការប្រើប្រាស់គ្រឿងញៀន»

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត បានអបអរសាទរចំពោះការចុះបង្ក្រាបនេះ ហើយ​លោក​ស្នើ​ឲ្យអនុវត្តន៍នៅកន្លែងផ្សេងផង។

លោក អំ សំអាត មានប្រសាសន៍ថា៖ «យើងស្វាគមន៍ និងសាទរចំពោះការចុះបង្ក្រាបនេះ! ប៉ុន្តែ យើងក៏ទទូចសុំឲ្យធ្វើការចុះបង្ក្រាប ឬក៏ការទប់​ស្កាត់បញ្ហាគ្រឿងញៀនហ្នឹងនៅកន្លែង​ផ្សេងៗទៀតទៅណា៎! ហើយខ្ញុំជឿថា នេះតែមួយកន្លែងទេ អាចនឹងមានច្រើនកន្លែងទៀត។ អញ្ចឹង សុំឲ្យអាជ្ញាធរហ្នឹងគាត់ធ្វើការអនុវត្តបន្តទៅទៀតទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននេះ!»

កាលពីថ្ងៃទី២៣ ខែកុម្ភៈ​ រដ្ឋបាលសាលា​រាជធានី ​បាន​សម្រេច​​បិទ​​អាជីវកម្ម​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​​រ៉ក់ (Rock) ដើម្បី​​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ស្រាវជ្រាវ ក្រោយការចុះបង្ក្រាបកាលពីពេលទៀបភ្លឺថ្ងៃដដែល ដោយសមត្ថិកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣១១នាក់(ស្រី៥៦នាក់) និងដកហូតបានគ្រឿងញៀនគ្រប់ប្រភេទប្រហែល ៥០គីឡូក្រាម។

កាលពីឆ្នាំទៅម្ចាស់អាជីវកម្មសេវាកម្សាន្ត និងវិស័យទេសចរណ៍មួយចំនួន រួមទាំងម្ចាស់មជ្ឈមណ្ឌលកំសាន្តរ៉ក់ផង បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ដោយសន្យាមិនឲ្យមានការផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ក្រោយមានការព្រមានបង្រ្កាបពីសមត្ថកិច្ច។

មន្ត្រី​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន​ឲ្យ​ដឹង​ថា បទល្មើសគ្រឿងញៀនសរុប​ជាង ៨ពាន់​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស​គិតចាប់​តាំង​ពី​ដើម​ខែ​មករា រហូត​ដល់​ត្រឹម​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះបទល្មើសជួញដូរមានចំនួន ៥,០៥១ករណី និងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធជា ១ម៉ឺន ៦ពាន់នាក់។

ពាក់ព័ន្ធនឹងរឿងគ្រឿងញៀនដែរ កាលពីពេលថ្មីៗនេះ រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានឲ្យ​ដឹង​​ថា អ្នកជាប់ឃុំប្រមាណ ២ ភាគ ៣ មាន​ជាប់​ពាក់ព័ន្ធនឹង​បទល្មើស​គ្រឿងញៀន ហើយ​ក្នុងនោះ អ្នក​ជាប់​ឃុំ​ជា​ច្រើន មិនទាន់ត្រូវ​បាន​នាំ​ទៅ​ជម្រះ​ក្ដី​នៅ​ឡើយ​ទេ ដែល​ជាបញ្ហាប្រឈមក្នុងការគ្រប់​គ្រងពន្ធនាគារ និងអ្នកកំពុងជាប់ឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ