ក្នុងពិភពប្រដាល់ គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករ ម៉ន សាម៉េត បានឈ្នះតំណែងជាម្ចាស់ខ្សែក្រវាត់មួយនៅលើសង្វៀនរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ុន្តែ ដោយសារតែលោករវល់នឹងការងារខាងក្រៅ ហើយមិនសូវយកចិត្តទុកដាក់នឹងការហ្វឹកហាត់អោយបានជាប់លាប់ ទើបធ្វើអោយទីផ្សារ និងប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងគំហ៊ុក។
យ៉ាងណាមិញ សម្រាប់ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knock Out Series By K-Cement កាលពីថ្ងៃទី២៣ ខែកុម្ភៈ កីឡាកររូបនេះ បានធ្វើអោយអ្នកគាំទ្រមិនខកចិត្ត ដោយបានយកឈ្នះលើកីឡាករ ធន់ អៀងឡៃ ហើយដណ្ដើមបានជើងឯក។

យ៉ាងណាមិញ គេមិនទាន់ដឹងថា ក្រោយឈ្នះពាន និងទឹកប្រាក់៤ពាន់ដុល្លារ ដែលឱកាសទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនតិចនេះ គេមិនដឹងថា តើគេនឹងនៅរក្សាកម្រិតល្អរបស់ខ្លួនបានយូរ ឬបណ្ដោយអោយធ្លាក់ដៃដូចមុននោះទេ បើទោះជាគេប្រកាសថា នឹងធ្វើអោយមានការឈានឡើងប្រជាប្រិយភាពដូចកាលឡើងកូដខ្លាំង ក្រោយទទួលពាន។
កីឡាករ ម៉ន សាម៉េត បានថ្លែងបញ្ជាក់ថា ការប្រដាល់កន្លងមកមិនមែនលោកចង់បណ្ដោយអោយខ្លួនធ្លាក់ដៃនោះទេ ប៉ុន្តែ បណ្ដាលមកពីក្នុងពេលនោះមិនសូវមានការផ្គូរផ្គងអោយប្រកួត ស្របគ្នាដែលលោកក៏មានការងារត្រូវរកលុយផង ទើបលោករយាលដៃ។ លោកថា ខ្លួនសម្រេចចិត្តទៅធ្វើការមួយផ្សេងក្រៅពីការប្រដាល់ ព្រោះតែជីវភាពមានការខ្វះខាត ប៉ុន្តែអោយតែលោកទទួលបានតម្លៃខ្លួនមួយល្អ ហើយបានការប្រកួតអោយច្រើនកុំអោយបានតែមួយរយៈ ហើយក៏ស្ងប់ស្ងាត់វិញ គឺលោកមិនចោលការប្រដាល់នោះឡើយ។
ការប្រកួតមួយលើកៗ លោកថា បើទូទាត់លាត់សើយ បូករួមជូនអ្នកអោយទឹករួចរាល់ គឺមិនស្មើនឹងការលះបង់ការងារខាងក្រៅ ហើយសម្ងំតែការហ្វឹកហាត់ដើម្បីត្រៀមខ្លួននោះឡើយ ទើបលោកចេះតែរយាលពីការប្រដាល់នាពេលមុន ហើយបណ្ដាលអោយទឹកដៃរបស់លោកធ្លាក់ចុះមួយរយៈ។
លោកប្រកាសថា ជីវិតជាកីឡាករ បានត្រឹមល្អមើលពេលនៅលើរេញប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយការបប្រកួត គឺរូបលោកគ្រាន់តែជាកម្មករស៊ីឈ្នួលរកប្រាក់ ដូចជាការលីសែងដើម្បីដូរប្រាក់ប៉ុណ្ណោះ។ ម៉ន សាម៉េត បង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតជ្រើសរើសជើងឯកកាលពីថ្ងៃសៅរ៍នោះ ដោយបានទាំងទឹកប្រាក់៤ពាន់ដុល្លារផង ថាជាអ្វីដែលលោកសប្បាយចិត្តខ្លាំង។
លោកថា ការពិតបើផ្អែកតាមការបាក់ទឹកចិត្តកន្លងមក សមតែលោកដកខ្លួនមិនប្រកួតរដូវកាលនេះទេ ប៉ុន្តែ មកពីលោកនៅស្រឡាញ់ ហើយមួយត្រកូលរបស់លោកគឺសុទ្ធតែជាអ្នកប្រដាល់ផង ទើបគេចទៅណាក៏មិនឆ្ងាយ ហើយចុងក្រោយក៏សម្រេចចិត្តត្រលប់មកកាន់ការប្រដាល់ឡើងវិញ ដោយរំពឹងថា ការប្រកួតពេញទំហឹងរបស់លោកជាថ្មី នឹងជួយអោយលោកសល់លុយសល់កាក់ ស្របគ្នាដែលលោកក៏បានគ្រងតំណែងជើងឯកនៅប៉ុស្ដិ៍លេខ៥។
លោក សេង កដិកា អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករ ម៉ន សាម៉េត បើទោះជាបានធ្លាក់ដៃកាលពីមួយរយៈពេលមុន ប៉ុន្តែ ចុងក្រោយគេបានត្រលប់មកគ្រងតំណែងជើងឯកវិញហើយ ទើបលោករំពឹងថា កីឡាកររូបនេះពិតជាទទួលបានប្រជាប្រិយម្ដងទៀត ដោយអាចនឹងបានចំនួនច្រើនអាងមុនផង បើសិនជាគេរក្សាកម្លាំងរបស់លោកមិនអោយចុះខ្សោយជាថ្មី។ លោកថាកីឡាករដែលបានឡើងប្រកួតទាំងចំនួន៣២រូប ប៉ុស្ដិ៍លេខ៥យល់ថា អ្នកជាប់៤នាក់ចុងក្រោយសុទ្ធតែមានសមត្ថភាព ខណៈដែល ម៉ន សាម៉េត ដែលបានលេខ១ គឺលោកប្រកាសថា ទំនងជានឹងមានកេរ្តិ៍ឈ្មោះលោតឡើងល្អប្រសើរ ដោយសារតែគេគឺជាកីឡាករល្អស្រាប់៕