ប្រព័ន្ធ​ទិន្នន័យរបាយការណ៍​ហេតុប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈលើគេហទំព័រអង្គការ​ទិន្នន័យអំពីការអភិវឌ្ឍ (ODC)

​វាគ្មិន​កំពុងថ្លែងពីរបាយការណ៍ EIA ក្នុង​សិក្សា​សាលាផ្សព្វផ្សាយគេហទំព័រការ​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាននិងការ​អភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព​ក្នុង​ប្រទេសកម្ពុជា​​ដែល​រៀបចំ​នៅ​ព្រឹក​ថ្ងៃអង្គារ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ណុប វី

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ស្តីពីហេតុ​ប៉ះពាល់​បរិស្ថានហៅកាត់​ថា​ EIA ចំនួន១០​របាយការណ៍ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រនៃ​អង្គការ​ប្រព័ន្ធ​ទិន្នន័យ​អំពីការអភិវឌ្ឍ (ODC) និង​ដាក់​ឲ្យ​សាធារណៈជន​​ចូលមើល​​ចាប់ពីព្រឹក​ថ្ងៃ​អង្គារ​ ទី២៦​ ខែ​កុម្ភៈ​ ឆ្នាំ២០១៩ ក្នុងសិក្ខាសាលា​ស្តីពីការផ្សព្វផ្សាយគេហទំព័រ EIA នៅ​សណ្ឋា​គារមួយក្នុង​រាជធានីភ្នំពេញ។​

នាយក​ប្រតិបត្តិអង្គការ ​ODC លោក​ ធី ទ្រី​ មាន​ប្រសាសន៍ថា របាយការណ៍​ទាំង១០​ដែល​បាន​ប​ង្ហោះ​លើ​គេហទំព័រ www.opendevelopmentcambodia.net/km/​ គឺជា​របាយការណ៍ដែល​មិនទាន់​ចុងក្រោយ​នៅឡើយទេ។

លោក​មានប្រសាសន៍ថា៖ «[របាយការណ៍]អត់ទាន់បានពេញលេញ (full) ដោយសារប្រហែល​រដ្ឋាភិបាល​អត់មានពេលវេលា និង​ធនធានឬ​អាច​ឆ្លងកាត់នីតិវិធីច្រើន។»

យោង​តាម​ទំព័រស្តីពី​ការសិក្សាស្រាវជ្រាវ​ហេតុប៉ះពាល់​បរិស្ថាន​ ដែលបង្ហោះ​ត្រឹម​ថ្ងៃអង្គារ ទី​២៦​ ខែកុម្ភៈ​នេះ ​បង្ហាញពី​របាយការណ៍​ដែល​ក្រុមហ៊ុន​ចិនចំនួន​៣ ក្រុមហ៊ុន​វៀតណាម១ ក្រុមហ៊ុន​អាមេរិក១ ក្រុមហ៊ុន​កូរ៉េ១ ក្រុមហ៊ុន​កម្ពុជា២ ក្រុមហ៊ុន​រស្ស៊ី១ និង​ក្រុមហ៊ុន​សឹង្ហបូរី១ ​បាន​ធ្វើ​ការ​សិក្សា​ពីផល​ប៉ះពាល់​ប​រិស្ថាន។ ក្រុម​ហ៊ុន​ដែល​បាន​ធ្វើការ​សិក្សា​ផល​ប៉ះពាល់​បរិស្ថាននេះ គឺជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទានសេដ្ឋកិច្ច​ ក្រុមហ៊ុនរុករករ៉ែ វារីអគ្គីសនី សម្បទានកោះ និង​រុក​រក​ប្រេង និង​ឧស្ម័ន​ជាដើម។​

យោងតាម​គេហទំព័រ​ប្រព័ន្ធ​ទិន្នន័យ ODC ​បង្ហាញថា​ ​សប្បទាន​ដីសេដ្ឋកិច្ចមានក្នុង​បញ្ជី​ចំនួន​២៨៦ និង​អាជ្ញាប័ណ្ណរុក​រក​រ៉ែ​មានក្នុង​បញ្ជីចំនួន២៦៧អាជ្ញាប័ណ្ណ។

អ្នកនាំពាក្យ​ក្រសួ​ងបរិស្ថាន លោក នេត ភក្ត្រា​ មាន​ប្រសាសន៍​អបអរ​សាទរ​ចំពោះកា​រដាក់​ឲ្យ​ប្រើប្រាស់​ទំព័រថ្មី​ស្តីពីរបាយការណ៍ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​បញ្ជាក់​ថា​ វា​នឹង​ជួយ​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។ លោក នេត ភក្ត្រា​ ស្នើ​ទៅ​អង្គការ​មិន​មែនរដ្ឋាភិបាល​ឲ្យ​ដាក់​តែ​ផ្នែក​ណាមួយដែល​មិន​ប៉ះពាល់​ដល់​ព័ត៌មាន ដែលលោក​ចាត់​ទុក​ថា​ជាព័ត៌មាន​សម្ងាត់​របស់ក្រុមហ៊ុន។

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំមិនគាំទ្រ​ការ​បង្ហោះ​របាយការណ៍​ទាំងដុលទេ ពីព្រោះ​ថា ​វា​នឹង​ប៉ះពាល់​ដល់​ការ​សម្ងាត់​​ ឬ​ភាព​ឯកជន​របស់ក្រុមហ៊ុនវិនិយោគ។ របាយការណ៍គួរតែដាក់​តែ​មួយផ្នែក ឬគួរ​លុប​មួយផ្នែកណាមួយ។ ព័ត៌មានសម្ងាត់​អាចទាក់ទងនឹង​សង្វាក់​ផលិតកម្ម ទុនវិនិយោគ ដោយ​សារថា​វា​អាចនឹង​ប៉ះពាល់ដល់ការ​ប្រកួត​ប្រជែង។»

បើតាម​លោក​ នេត ភក្រ្តា ក្រសួង​បរិស្ថានកំពុង​តែ​រៀបចំគេហទំព័រថ្មី​ដែលគ្រោង​នឹង​បញ្ចប់​នៅក្នុង​ខែមិនា​នេះ​ និង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​របស់ក្រសួង​ដើម្បី​បង្ហោះ​របាយការណ៍ ឬ​ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗទៀត។ លោកបញ្ជាក់​ថា ក្រសួង​ក៏កំពុងរៀបចំ​ជា​បណ្ណាល័យ​ឌីជីថល (E-library) ដើម្បី​សម្រួល​ដល់​ការ​ស្វែងរក​ព័ត៌មាន និងការ​សិក្សា​ស្រាវជ្រាវ​​របស់សាធារណៈ​ជន។

លោក ធី​ ទ្រី​ មានប្រសាសន៍​ថា អង្គការ ​ODC នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​​បង្ហោះ​របាយការណ៍ EIA ចំនួនពី​២០ ទៅ​៣០​របាយការណ៍​បន្ថែមទៀត ទៅក្នុងគេហទំព័រ https://opendevelopmentcambodia.net/km/ នៅ​ឆ្នាំ​២០១៩នេះ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រិត្យស្តីពីកិច្ច​ដំណើរការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថានកាលពីឆ្នាំ​១៩៩៩។ អនុក្រិត្យ​នោះ​បាន​កំណត់​ថា ​ម្ចាស់គម្រោង​ត្រូវ​ធ្វើ​របាយការណ៍វាយ​តម្លៃហេតុប៉ះពាល់​បរិស្ថានដំបូង ចំពោះគម្រោង​​ដែល​តម្រូវ​ឲ្យមានការ​វាយ​តម្លៃហេតុប៉ះពាល់​បរិស្ថាន។ 

បើ​តាម​លោក ធី ទ្រី ក្រុមហ៊ុន​ដែលទទួល​បាន​សិទ្ធិ​សម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន​រុករករ៉ែ មួយចំនួន​កំពុងតែ​ធ្វើ​ប្រតិបត្តិការ​ដោយ​ពុំមានការ​សិក្សា​ពី​ហេតុប៉ះពាល់​បរិស្ថានជាមុន។

គេ​ហទំព័រ​ទិន្នន័យ​អំពីកា​រអភិវឌ្ឍ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០១១។​ គេទំព័រនេះ​គឺ​ជា​ប្រព័ន្ធ​ទិន្នន័យ​ដែល​ផ្ទុក​ដោយ​ព័ត៌មាន​ របាយការណ៍ដែលទាក់ទងនឹង​ការ​ការវិនិយោគ គម្រោង​សម្បទានដីសេដ្ឋកិច្ច​​ ក្រុមហ៊ុន​រុក​រក​រ៉ែ។ល។ របាយការណ៍​ស្តីពី​ការ​សិក្សាហេតុប៉ះពាល់​បរិស្ថាន EIA គឺជា​របាយការណ៍​ផ្នែក​ថ្មី​ដែល​អង្គការ ​ODC ទើប​បាន​បង្ហោះ​ជាផ្នែកមួយ​នៃ​គេហទំព័រ​ប្រព័ន្ទទិន្នន័យ​អំពីការអភិវឌ្ឍនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ