លោក ជិន ម៉ាលីន៖ ការ​ថត​បង្ហាញ​ជន​សង្ស័យ​ជា​សាធារណៈ​ជា​ទង្វើ​បំពានច្បាប់​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើងថា ករណីដែលប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធថតបង្ហាញមុខជនសង្ស័យជាសាធារណៈគឺជាទង្វើបំពានច្បាប់ ហើយជនសង្ស័យនោះអាចប្តឹងទាមទារឲ្យមានការទទួលខុសត្រូវចំពោះការប៉ះពាល់ដល់កិត្តិយសបាន។

ជនសង្ស័យមួយចំនួន​ដែលសមត្ថឃាត់ខ្លួនបាន ជាញឹកញាប់ត្រូវអ្នកសារព័ត៌មានផ្សាយផ្ទាល់តាមហ្វេសប៊ុក និង សមត្ថកិច្ចថតជា វីឌីអូបង្ហាញមុខជាសាធារណៈឲ្យសារភាព ឬ សន្យាឈប់ប្រព្រឹត្តិជាដើម​ ទាំងនោះជននោះតុលាការមិនកំណត់ថា មានទោសឬអត់ទេ។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចង់ឲ្យសមត្ថកិច្ចនិងអ្នកសារព័ត៌មានយល់ដឹងពីទិដ្ឋភាពច្បាប់ចៀសវាងប៉ះពាល់សិទ្ធិសេរីភាពជីវិតបុគ្គលឯកជន។​

លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «បាទជាទូទៅអាហ្នឹងគឺវាប៉ះពាល់ទៅលើសិទ្ធិ គេហៅជីវិតឯកជនរបស់គេណា៎! ហើយទីពីរទៀតវាពាក់ព័ន្ធទៅនឹងគោលការណ៍សន្មត់ទុកជាមុនថាគ្មានទោស ពីព្រោះពួកគាត់នៅត្រឹមជាជនសង្ស័យឬមួយក៏ជាជនជាប់ចោទអីទេ ហើយពេលខ្លះយើងបង្ហាញមុខគាត់ក្នុងនាមគាត់ហ្នឹងជាពិរុទ្ធជន ឧក្រិដ្ឋជនអីទៅទៀត! អាហ្នឹងវារឹតតែបំពានទៅលើគោលការណ៍ច្បាប់ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហើយ»

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ពលរដ្ឋអាចប្តឹងបានព្រោះជាការប៉ះពាល់ដល់ការរំលោភសិទ្ធិនិងសេរីភាពឯកជន ដោយថា នេះជាករណីវិវាទរដ្ឋបាលរវាងសាធារណជននិងមន្ត្រីសាធារណៈ។

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ថាអត់មានច្បាប់ហាមឃាត់មិនឲ្យបង្ហាញរូបជនសង្ស័យទេ ប៉ុន្តែបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជន និងថាអាចប្តឹងបានអាស្រ័យលើពលរដ្ឋខ្លួនឯងដែលចង់ទាមទាកិត្តិយលនិងកេរ្តិ៍ឈ្មោះ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «អានេះវាអាស្រ័យទៅលើបុគ្គល មួយៗបើសិនជាគាត់គិតថាអាហ្នឹងវាប៉ះពាល់ដល់កិត្តិយសរបស់គាត់យ៉ាងម៉េច អាហ្នឹងសម្រេចទៅលើបុគ្គល មួយៗប៉ុន្តែបើតាមនៅក្នុងច្បាប់ យើងអត់មានច្បាប់ណាចែងអំពីការដាក់ទោសទណ្ឌអំពីការបង្ហាញឬក៏បង្ហោះរូបភាពហ្នឹងណា៎! ក៏ប៉ុន្តែបើសិនជាយើងនិយាយអំពីទិដ្ឋភាពទូទៅលើបញ្ហាសិទ្ធិមនុស្សវាជាការបះពាល់ទៅដល់សិទ្ធិបុគ្គល មួយៗបាទ!»

សម្រាប់សាស្ត្រាចារ្យសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មិនគាំទ្រឲ្យបង្ហាញភិនភាគឬអត្តសញ្ញាណជនរងគ្រោះនិងជនល្មើសទេព្រោះជាការសម្ងាត់ឯកជនដោយលោកយោងតាមក្រមសីលធម៌និងច្បាប់សារព័ត៌មាន និងថាបើតាមផ្លូវច្បាប់វិញ ពួកគេមិនទាន់វិនិច្ឆ័យទោសនៅឡើយ។

លោក មឿន ឈានណារិទ្ធិ៖ « អញ្ចឹងការបង្ហាញអត្តសញ្ញារបស់គាត់នេះ ទីមួយគឺជាការរំលោភទៅលើការសម្ងាត់ ហើយនិងសេចក្តីថ្លៃថ្នូរឯកជនរបស់គាត់ ទីពីរប៉ះពាល់ទៅដល់អនាគតរបស់គាត់»

កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៨ អតីតស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានណែនាំឲ្យដល់នគរបាលក្រោមបង្គាប់ឲ្យបញ្ឈប់អ្នកព័ត៌មានថតឬឡាយផ្ទាល់បង្ហាញរូបជនសង្ស័យ។​

លោកជួន សុវណ្ណ៖ «ចាប់ពីពេលនេះតទៅសមត្ថកិច្ចគ្រប់បណ្តាអធិការខណ្ឌនិងតាមបណ្តាប៉ុស្តិ៍នានា នៅទូទាំង រាជធានីហាមដាច់ខាតមិនអនុញ្ញាតឲ្យ អ្នកសារព័ត៌មាន ចូលទៅ ថត ឬ ឡាយ វីដេអូ បង្ហោះមានបណ្តាញសង្គម ដល់ក្នុងអធិការ ខណ្ឌការិយាល័យ ឬប៉ុស្តិ៍ ទៀតទេបើអ្នកសារព័ត៌មានណាល្មើសនឹងត្រូវចាប់ឃាត់ខ្លួន។»

មាត្រា៣៨នៃរដ្ឋធម្មនុញ្ញចែងថា ជនជាប់ចោទណាក៏ដោយ​ ត្រូវទុកមនុស្សឥតទោសដរាបណា តុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ