ជប៉ុន ​ជំរុញ​អ្នក​វិនិយោគរបស់ខ្លួនបោះទុនមកកាន់​កម្ពុជា ​

ក្រុមរដ្ឋាភិបាលកម្ពុជា និងជប៉ុន ​ចូលរួមក្នុង​វេទិកា​សាធារណៈ​លើក​ទី១ ​ស្ដីពី​ការ​អភិវឌ្ឍ​នគរូបនីយកម្ម កម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ទៅ​កាន់​អ្នក​វិនិយោគ​របស់​ខ្លួន​ឲ្យមកបោះទុននៅ​កម្ពុជា ដោយថា ចង់យកកម្ពុជាជាប្រទេសដំបូងគេនៃការចាប់ផ្តើមអនុវត្តនយោបាយជប៉ុន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យនៅក្នុងតំបន់អាស៊ាន។​

ថ្លែង​ក្នុង​វេទិកា​សាធារណៈ​លើក​ទី១ ​ស្ដីពី​ការ​អភិវឌ្ឍ​នគរូបនីយកម្ម កម្ពុជា-ជប៉ុន នៅ​ព្រឹក​នេះ អនុរដ្ឋមន្ត្រី​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន​ លោក Yuki Fumihiko បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ជប៉ុន​ចង់​នាំ​មក​នូវ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​របស់​ប្រទេស​ជប៉ុន​មក​កាន់​អាស៊ាន ហើយ​កម្ពុជា​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​នយោបាយ​នេះ។ ​លោក​ជំរុញ​ដល់​អ្នក​វិនិយោគ​របស់​ខ្លួន​ដែល​មាន​ជិត​៦០​ក្រុមហ៊ុន​ ដែល​មាន​វត្តមាន​នៅ​ក្នុង​វេទិកា​នេះ​ឲ្យ​ចូលរួម​ក្នុង​គោលនយោបាយ​នេះ​​ផង​ដែរ។

លោក​ថា៖ «យើង​ចង់​បង្កើត​នូវ​តំបន់​គំរូ​មួយ​ដែល​យើង​ជ្រើសរើស​យក​កម្ពុជា​ជា​ប្រទេស​ដំបូង​ក្នុង​ការ​បង្កើត​នូវ​គម្រោង​នេះ។ សង្ឃឹម​ថា​ទទួល​បាន​ការ​សហការ​អំពី​ឯកឧត្ដម លោក​ជំទាវ និង​ភ្ញៀវ​កិត្តិយស​ទាំង​អស់ ដើម្បី​សម្រេច​បាន​នូវ​គម្រោង​អភិវឌ្ឍន៍​សាកល្បង​មួយ​នេះ » ។

ឧបនាយករដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​កម្ពុជា​ លោក ជា សុផារ៉ា មាន​ប្រសាសន៍​ក្នុង​វេទិកា​នោះ​ផង​ដែរ​ ថា​ប្រទេស​កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ដោយ​ថា​ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ ខណៈ​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប ក៏​ត្រូវ​បាន​ជប៉ុន​ជួយ​រៀប​ចំ​ឲ្យ​ក្លាយ​ជា​ទីក្រុង​វៃ​ឆ្លាត​អាស៊ាន​ផង​ដែរ​។

លោក​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​សម្រេច​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​ទី​មួយ ក្នុង​ចំណោម​ប្រទេស​អាស៊ាន។ សម្រាប់​រៀប​ចំ​វេទិកា​សាធារណៈ​ឯក​ជន​ដំបូង​គេ ដើម្បី​អភិវឌ្ឍ​នគរូបនីយកម្ម ដែល​បាន​បង្ហាញ​ការ​ជឿជាក់របស់​អ្នក​វិនិយោគ​ជប៉ុន​លើ​សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា»។

ក្រុម​ហ៊ុន​ជប៉ុន​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នេះ ​រួមមាន ​ក្រុម​ហ៊ុនអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម លំនៅឋាន ធនាគារ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង។

បើ​តាម​លោក ជា សុផារ៉ា គិត​មក​ដល់​ពេល​នេះ ​ក្រុមហ៊ុន​ជប៉ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​មាន​​ចំនួន​៨៦​ក្រុមហ៊ុន​ ដែល​មាន​តម្លៃ​វិនិយោគ​ជាង ៤២៥លាន​ដុល្លារ និង​​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​២​ម៉ឺន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ