ប្រធានគណបក្សអំណាចខ្មែរ ថាការណែនាំឱ្យដូរឈ្មោះបក្សថ្មីពាក់ព័ន្ធរឿងនយោបាយ

ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានលើកឡើងថា មន្ត្រីគណបក្សនេះ នឹងរៀបចំប្តូរឈ្មោះគណបក្សថ្មី តាមការណែនាំរបស់ក្រសួងមហាផ្ទៃ បើទោះបីជាលោកយល់ថាការតម្រូវឱ្យប្តូរឈ្មោះគណបក្សថ្មីនេះ ​មួយផ្នែកជារឿងនយោបាយក៏ដោយ។

កាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយស្តីពីការប្រើប្រាស់ឈ្មោះ គណបក្សអំណាចខ្មែរ។ ក្នុងលិខិតនោះ បញ្ជាក់ថាក្រសួងមហាផ្ទៃ បានទទួលលិខិត​ពីអតីតសមាជិកស្ថាបនិក និងអតីតថ្នាក់ដឹកនាំគណបក្សអំណាចខ្មែរ ដោយសុំឱ្យហាមឃាត់បុគ្គលឬ ក្រុមផ្សេង ដែលមិនមែនជាស្ថាបនិកគណបក្សអំណាចខ្មែរ ប្រើឈ្មោះគណបក្សមួយនេះបន្តទៀត​។

ក្រសួងមហាផ្ទៃក៏បានស្នើឱ្យគណបក្សនេះ ពិនិត្យនិងសម្រេចប្តូរឈ្មោះ គណបក្សនេះឡើងវិញផងដែរ។

ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានលើកឡើងថា ខាង​គណបក្ស​ នឹងប្រជុំសម្រេច​រៀបចំប្តូរឈ្មោះគណបក្សថ្មី តាមការណែនាំរបស់ក្រសួងមហាផ្ទៃនៅដើមខែក្រោយនេះ។

លោក សួង សុភ័ណ្ឌ យល់ថា ការសម្រេច​មិនឱ្យប្រើឈ្មោះ គណបក្សអំណាចខ្មែរ មួយផ្នែកគឺពាក់ព័ន្ធ​ក្រុមលោក សួន សេរីរដ្ឋា ប៉ុន្តែ​មួយផ្នែកទៀតលោកពាក់ព័ន្ធរឿងនយោបាយតែម្តង ​។ ​

លោកបន្តថា៖ «ហើយចំណុចទីពីរទៀត វាហាក់បីដូចជារឿងនយោបាយ ពីព្រោះកន្លងមកក៏មានការព្រមានខ្លះៗដែរ តែមិនមានចេញជាលិខិតទេ ពីសំណាក់រដ្ឋាភិបាលពាក់ព័ន្ធអំណាចខ្មែរ។ ទីមួយ អត់ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ទីពីរ អត់ទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ២០១៨ អាណត្តិទី៦។ ទី៣ ទាមទារឱ្យផ្លាស់ប្តូរ គ.ជ.ប និង ទីបួន ទាក់ទងគោលនយោបាយប្រឆាំងចិនយួនអីចឹងទៅ។ អីចឹង វាក៏ជាហេតុផលនយោបាយដែរ។ ទោះបីជាយ៉ាងណា វាមិនមែនជាបញ្ហាទេ ព្រោះគណបក្សបានប្រជុំគ្នាជាបន្ទាន់កាលពីថ្ងៃម្សិលមិញ ដោយនៅថ្ងៃទី ៥ យើងនឹងប្រជុំសម្រេចជ្រើសរើសឈ្មោះថ្មីដើម្បីប្តូរឈ្មោះគណបក្ស»។

ប្រធានគណបក្សអំណាចខ្មែរដដែល និយាយថា ការប្រជុំប្តូរឈ្មោះគណបក្សថ្មីនៅថ្ងៃទី ៥ មីនា ​គឺជាការប្រជុំប្តូរតែឈ្មោះបក្សប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធបក្ស និងស្នាកសញ្ញាគណបក្សជាដើម មិនមានការផ្លាស់ប្តូរឡើយ។

វីអូឌី មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញបញ្ហានេះបានទេនៅថ្ងៃពុធនេះ។

មន្ត្រីអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មើលឃើញថាបើសិនមន្ត្រីក្នុងគណបក្សយល់ថាការប្តូរឈ្មោះបក្សថ្មីជារឿងចាំបាច់ និងត្រឹមត្រូវតាមលក្ខន្តិកៈគណបក្សឬ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ វាមិនមានបញ្ហាទេ ដោយថាវាលែងតែការដូរឈ្មោះនោះធ្វើឡើង​ដោយមានការគាបសង្កត់ពីផ្នែកណាមួយ។

លោក កន សាវាង្ស ប្រធានផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល

លោកបន្ថែមថា៖ «តែបើសិនជាការដោះដូរនេះ ដោយសារតែមានការបង្ខិតបង្ខំ ឬក៏មានការគាបសង្កត់ពីផ្នែកណាមួយ ដែលវាមិនស្របតាមនីតិវិធីច្បាប់ អាហ្នឹងគាត់ត្រូវតែមានការតវ៉ាទៅក្រសួងមហាផ្ទៃ។ អំពីបញ្ហាទាំងអស់នេះឡើងវិញ»។

លោក សួន សេរីរដ្ឋា ជាស្ថាបនិក និងជាអតីតប្រធានគណបក្សអំណាចខ្មែរ បង្កើតកាលពីឆ្នាំ២០១៥។  អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ខែសីហា​ឆ្នាំ២០១៧ ក្រោយពេល​​លោក​បាន​បង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោក​ ​មាន​លក្ខណៈវាយប្រហារដល់កងទ័ព។

លោក សួន សេរីរដ្ឋា ត្រូវបាន​តុលាការកម្ពុជាសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់​​១០លាន​រៀល ពីបទញុះញង់កុំឲ្យយោធិន​ស្ដាប់បង្គាប់​ ធ្វើ​ឲ្យខូចទឹក​ចិត្តកងទ័ព និងបទញុះញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្រោយពេលចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោស​ផងនោះ អតីតប្រធានបក្សអំណាចខ្មែររូបនេះ បានធ្វើលិខិតលាលែងពីតំណែងប្រធានបក្ស ដើម្បីជៀសវាងការរំលាយគណបក្សរបស់ខ្លួន ហើយបក្សនេះបានធ្វើសមាជសម្រេចជ្រើសរើស លោក សួង សុភ័ណ្ឌជាប្រធានគណបក្សជំនួសលោក សួន សេរីរដ្ឋាតែម្តង។

​កាលពីខែសីហា ឆ្នាំមុន លោក សួន សេរីរដ្ឋា ត្រូវបាន​ព្រះមហាក្សត្រចេញព្រះរាជក្រឹតលើកលែងទោស​និងត្រូវដោះលែងឲ្យមាន​សេរីភាព​វិញ ប៉ុន្តែគណបក្សអំណាចខ្មែរនៅតែប្រកាន់ជំហរក្សាតំណែង លោក សួង សុភ័ណ្ឌជាប្រធានគណបក្សដដែល។

ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយ​ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួងមួយនេះមានចំនួន ៤១ គណបក្ស ប៉ុន្តែគណបក្សដែលចូលរួមក្នុងការបោះឆ្នោតជាតិ​ជ្រើ​ស​តាំ​ង​តំណាងរាស្ត្រនីតិកាលទី៦​ កាលពីខែកក្កដា ឆ្នាំ២០១៨ គឺ មានចំនួន ២០ ​គណបក្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ