រដ្ឋាភិបាល​ ជំរុញ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ ជ្រើសរើស​បុគ្គលិក​ចេញ​ពី​មូលដ្ឋាន​

កិច្ចប្រជុំលើកទី១ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Land Management, Urban Planning and Construction Cambodia

គណៈកម្មការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងតាកែវ ជំរុញ​ឲ្យ​ភាគីក្រុមហ៊ុនដែលទទួលបន្ទុកអនុវត្តគម្រោង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋាន​​ឲ្យអស់​លទ្ធភាព។

យោងតាមការសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងដែនដី គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកាលពីម្សិលមិញ បានបើក​កិច្ចប្រជុំជាលើកដំបូងជាមួយភាគី​ពាក់ព័ន្ធក្នុងការ​អនុវត្តគម្រោងនេះ។ ប្រភពដដែលឲ្យដឹងថា ក្រោយកិច្ចប្រជុំ​នោះគណៈកម្មការនេះ បាន​ស្នើឲ្យក្រុមហ៊ុន​ប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឱ្យអស់លទ្ធភាព ក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។

ប្រធានគណៈកម្មការរៀបចំគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី លោក ជា សុផារ៉ា បាន​ប្រាប់ VOD បន្ថែម​នៅព្រឹកនេះថា លោកបានសំណូមពរដល់ក្រុមហ៊ុនឲ្យទទួល​យក​ពលរដ្ឋ​ដែល​រស់នៅនៅក្បែរតំបន់​ដែលត្រូវសាងសង់ធ្វើជាបុគ្គលិក​​ ដើម្បីឲ្យពួកគាត់ទទួលបានផលប្រយោជន៍ និងបានជិតកន្លែងធ្វើការផង។

លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Land Management, Urban Planning and Construction Cambodia

លោក ជា សុផារ៉ា មានប្រសាសន៍ថា៖ «ខ្ញុំសំណូមពរឲ្យក្រុមហ៊ុនហ្នឹង! ខ្លាចយកមនុស្សពីណាពីណីមក វានាំឲ្យបងប្អូននៅក្បែរភូមិសាស្ត្រហ្នឹងបាត់បង់នូវផលប្រយោជន៍។ ហើយទី២ ធ្វើដំណើរហ្នឹង ខាតពេលវេលា ស្ទះចរាចរណ៍ពេញតែផ្លូវឥតអំពើ។ ហើយបើយកបងប្អូននៅនេះជិតផង ងាកមកសម្រាកនៅផ្ទះហ្នឹង រកការងារធ្វើឲ្យបងប្អូន យកកម្លាំងនៅហ្នឹង ធ្វើការនៅហ្នឹង វាមានភាពសុខុដុមជាង!»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ គាំទ្រចំពោះសំណើនេះ និងសំណូមពរបន្ថែមដល់អ្នកទទួលខុសត្រូវថា កុំដាក់បញ្ចូលជនបរទេសមកច្រើនពេក។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ

លោក សន ជ័យ មានប្រសាសន៍ថា៖ «ព្រោះកន្លង យើងឃើញថា រាល់សំណង់ផ្សេងៗហ្នឹងមានជនបរទេសច្រើនគួរសមដែរ! មានចិនមានយួនអីជាដើមហ្នឹងណា! បាទ អញ្ចឹងធនធានមនុស្សកម្ពុជាយើងកំពុងតែនៅសល់ អញ្ចឹងទៅ! ការដាក់បញ្ចូលនូវធនធានមនុស្សដែលជាម្ចាស់ស្រុកហ្នឹងឲ្យបានច្រើន ទោះក្នុងកម្រិតបច្ចេកទេសក្តី នៅក្នុងកម្រិតកិច្ចការងារដែលអ្នកស្រុកអ្នកភូមិអាចធ្វើបាន គឺជារឿងល្អ!»

VOD នៅមិនទាន់អាច​សុំការឆ្លើយតបពី ក្រុមហ៊ុន OCIC និង ខេមបូឌា អ៊ែរផត អ៊ិនវេសមិន បាននៅឡើយទេនៅថ្ងៃនេះ។

ក្នុងកិច្ចប្រជុំ​កាលពីម្សិលមិញនោះ​ គណៈកម្មការរៀបចំគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក៏បានសម្រេច​ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឲ្យ​បានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់។

អាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីនេះមានទីតាំងនៅក្រុងតាខ្មៅ និង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង​ ផ្នែកខ្លះ​ក្នុងស្រុកបាទី ខេត្តតាកែវ។ វាគ្រប់ដណ្ដប់​លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា និង គ្រោងចំណាយប្រាក់ ១ ៥០០លានដុល្លារ ហើយ​ស្ថិត​ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន។  

ថវិការបស់ក្រុមហ៊ុននេះ បានមកពីប្រាក់កម្ចីធនាគារបរទេសចំនួន ១ ១០០ លានដុល្លារ កម្ចីពីភាគទុនក្រុមហ៊ុន OCIC ចំនួន ២៨០លានដុល្លារ និងដើមទុនចុះបញ្ជីចំនួន ១២០លានដុល្លារ ក្នុងទុនវិនិយោគទាំងនោះមាន ៩០ភាគរយជារបស់ក្រុមហ៊ុន OCIC និង ១០ភាគរយទៀត ជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ន កម្ពុជាមានព្រលានយន្តហោះអន្តរជាតិ ធំៗចំនួន៣ហើយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ