លោក ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា មិន​បិទហ្វេសប៊ុកទេ តែ​ជំរុញ​ឲ្យ​មាន​ច្បាប់​សម្រាប់​គ្រប់​គ្រង​ប្រព័ន្ធអ៊ិនធើណេត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មីថា លោក​នឹង​មិន​បិទ​បណ្ដាញ​ទំនាក់​ទំនង​សង្គម Facebook នោះ​ឡើយ ប៉ុន្តែ លោក​បាន​ជំរុញ​ឲ្យ​បង្កើត​ច្បាប់ ​ដើម្បី​គ្រប់​គ្រង​លើ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​ អំឡុង​ពេលលោក​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​សំណង់​ការពារ​ទឹក​ជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ-លូ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន បានអះអាងថា សារព្រមានបិទបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែកុម្ភៈ គឺជាស្នាដៃរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា មិនមែនជាស្នាដៃរបស់លោកឡើយ ហើយលោកក៏គ្មានបំណងបិទហ្វេសប៊ុកមិនឱ្យ​ប្រើប្រាស់នោះទេ ដោយថា ពលរដ្ឋត្រូវការប្រើប្រាស់បណ្តាញសង្គមមួយនេះ​ រួមទាំងលោកផងដែរ។

ជាមួយគ្នានេះ លោកថា ក៏មានមនុស្សមួយចំនួនប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងន័យមិនល្អ ដែលទាមទារឱ្យមានការអប់រំ និងវិធានការច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ និងច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអ៊ិនធឺណិតផងដែរ។

លោកបន្តថា៖ «ច្បាស់ណាស់ថា យើងនឹងទទួលផលបានប្រយោជន៍ពីវាតែម្តង ប៉ុន្តែ ក៏មានអ្នកប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានដែរ ហើយរឿងនេះយើងក៏ត្រូវការអប់រំជាបណ្តើរៗ ក្នុងចំណោមប្រជាពលរដ្ឋរបស់យើងទៅលើការប្រើប្រាស់ពាក្យសម្តី ហើយក៏ដូចជាវិធានការច្បាប់មួយចំនួនផងដែរ។ នៅប្រទេសមួយចំនួនបានបង្កើតច្បាប់ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយហើយៗ នៅប្រទេសមួយចំនួនកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្ម​អ៊ិនធឺណិត គេហៅថា ឧក្រិដ្ឋកម្មខាងព័ត៌មានវិទ្យា អីចឹងកម្ពុជាក៏គួរគិតគូរអំពីបញ្ហានេះផងដែរ»

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ដោយ​ខ្លួន​ឯង​កាល​ពី​​ឆ្នាំ​មុន​ថា ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់​គ្រង​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ តែ​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដដែល ធ្លាប់អះអាងថា ករណីជនអនាមិកលួចចូលទៅគ្រប់គ្រងនោះ គឺ មិនតិចជាង ៣​លើកឡើយ ប៉ុន្តែមកទល់ពេលនេះ គ្មាន​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ណា​ម្នាក់ ត្រូវ​បាន​រក​ឃើញ និង​ចាប់​ខ្លួន​នោះ​ឡើយ។

គិត​ត្រឹមចុងខែកុម្ភៈ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​អ្នក​ចុច Like និង​ Follow ដល់​ទៅ​ជិត ១១​លាន​នាក់។

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​លោក ហ៊ុន សែន ទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ទំព័រ​ហ្វសប៊ុក​របស់​សារព័ត៌មាន Fresh News ទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ក៏​​បាន​អះ​អាង​ថា ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់​គ្រង​ និង​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ