លោក ហ៊ុន សែន ប្រកាស​មិន​ដោះ​លែង​ កឹម សុខា និង​ព្រមាន​បិទ​ទ្វារ​បញ្ឈប់​ការ​ផ្ដល់​នីតិ​សម្បទា​នយោបាយ​ឡើង​វិញ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ FN

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​មិន​លើក​លែង​ទោស​ដល់​លោក កឹម សុខា នោះ​ឡើយ ខណៈ​ដែល​មេដឹកនាំ​បក្ស​​រូប​នេះ ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ទាំង​នៅ​ពន្ធនាគារ និង​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល ១៨​ខែ​មក​ហើយ​គិត​ត្រឹម​ម្សិល​មិញ​នេះ។

លោក ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​អំឡុង​លោក​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​សំណង់​ការពារ​ទឹក​ជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ-លូ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក ហ៊ុន សែន ថ្លែង​ចំពោះ​មុខ​សារធារណជនថា​៖ «រាជ​រដ្ឋាភិបាល​បាន​ខិត​ខំ​បើក​ទ្វារ​សម្រាប់​អស់​លោ​កអ្នក ប៉ុន្តែ រឿង​អស់​លោក​អ្នក​ចូល ឬ​មិន​ចូល គឺ​ជា​រឿង​របស់​អស់​លោក​អ្នក ហើយ​អស់​លោក​កុំ​សង្ឃឹម​ថា នឹង​មាន​ការ​លើក​លែង​ទោស​ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​ណា​នោះ​ទេ»

លោក ហ៊ុន សែន ពុំ​បាន​ថ្លែង​ចំពោះ​ឈ្មោះ​មេដឹកនាំ​នយោបាយ​រូប​ណា​នោះ​ឡើយ ប៉ុន្តែ លោក​ថ្លែង​បែប​នេះ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល ១៨​ខែ​មក​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ។

មិន​ត្រឹម​តែ​អះ​អាង​ថា គ្មាន​ការ​សម្រួប​សម្រួល​នយោបាយ​ណា​មួយ​នោះ​ទេ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ក៏​បាន​ព្រមាន​បិទ​ទ្វារ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ក្រុម​​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​​ដទៃ​ទៀត ដែល​ពុំ​ទាន់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ទ្វា​រ​បាន​បើក​ហើយ អ្នក​ចូល​ឬ​មិន​ចូល គឺ​ស៊ី​សង​លើ​អ្នក តែ​អ្នក​ក៏​ត្រូវ​គិត​ថា ទ្វារ​ដែល​បាន​បើក​ហើយ វា​ក៏​អាច​ត្រូវ​បាន​បិទ​ទៅ​វិញ​​ដែរ។ បើអ្នក​ព្រងើយ​កន្តើយ ហើយ​ចង់​ទាមទារ​នេះ​ទាមទារ​នោះ លក្ខខណ្ឌ​នេះ​ ហើយ​លក្ខខណ្ឌ​នោះ អ្នក​ក៏​ត្រូវ​ដឹង​ថា រង់ចាំ​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ ទើប​ទទួល​បាន​ [រួច​ផុត​បម្រាម​នយោបាយ]»

លោក ហ៊ុន សែន បាន​ថ្លែង​ព្រមាន​បែប​នេះ បន្ទាប់​ពី​មាន​តែ​មាន​តែ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​អតីត​បក្ស​ប្រឆាំង​ ៣​រូប​ប៉ុណ្ណោះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​រដ្ឋ​សភា​ដែល​កាន់​កាប់​ទាំង​ស្រុង​ដោយ​សមាជិក​សភា​មក​ពី​បក្ស​កាន់​អំណាច​នោះ បាន​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ឆ្នាំ​មុន ដែល​ជា​ការ​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។

​អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ និង​កូន​ប្រុស​លោក គឺ​លោក គង់ បូរ៉ា អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​សមាជិក​គណៈ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម សុវណ្ណនី ទទួល​បាន​សិទ្ធិ​ធ្វើ​ឡើង​នយោបាយ​ឡើង​វិញ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ពួកគេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ