សមត្ថកិច្ច​បញ្ជូន​បុរស​​អាមេរិក​ម្នាក់​​ទៅ​តុលាការ ក្រោយ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​ពេស្យាចារ​កុមារ

ជនជាតិ​អាមេរិក​​ឈ្មោះ Pope Danny Lee អាយុ​ ៦០​ឆ្នាំ​ ត្រូវបាន​ឃាត់​ខ្លួន​ក្រោម​ការ​ចោទ​ថា ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ពេស្យាចារ​កុមារី​ ៥​នាក់ នៅល្ងាច​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​សម្រេច​បញ្ជូន​ជនជាតិ​អាមេរិក​ម្នាក់​​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​នេះ ក្រោយ​ពី​បុរស​បរទេស​រូប​នេះ ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោម​ការ​ចោទ​ថា ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ពេស្យាចារ​កុមារ។

ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​នគរបាល​រាជធានី​ភ្នំពេញ ​លោក កែវ ធា បាន​ឲ្យ​​VOD ដឹង​ថា ​បន្ទាប់​ពី​កសាង​សំណុំ​រឿង​រួច​ ជនជាតិ​អាមេរិក​​ឈ្មោះ Pope Danny Lee អាយុ​ ៦០​ឆ្នាំ​ នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​ដើម្បី​បន្ត​នីតិ​វិធី​ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក ក្រោម​ការ​ចោទ​ថា ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ពេស្យាចារ​កុមារី​ ៥​នាក់។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ក៏​កំពុង​តែ​​បន្ត​ការ​ស៊ើប​អង្កេត​ និង​ស្វែង​រក​មនុស្ស​ពាក់​ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​អំពើ​ជួញ​ដូរ​ពេស្យា​ចារ​នេះ។

លោក កែវ ធា ប្រាប់​ថា៖ «ដំបូង គឺយើងទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះដែលគាត់បានយកកូនគេទៅ ហើយក្រោយមកទៀត ពេលដែលយើងអញ្ជើញកូនហ្នឹងមកសាកសួរក៏មានព័ត៌មាន។ យើងបានសុំគោលការណ៍ពីព្រះរាជអាជ្ញាឃាត់ខ្លួនគាត់។ គាត់​គឺជាមុខសញ្ញាចាស់ដែល​​ធ្លាប់ប្រព្រឹត្តបទល្មើសជាយូរឆ្នាំណាស់មកហើយ តែយើងអត់ទាន់មានភស្តុតាងក្នុងការឃាត់ខ្លួនគាត់កន្លងមក»

បើ​តាម​លោក កែវ ធា ក្មេង​ស្រី​រងគ្រោះ​ទាំង​ ៥​នាក់​នោះ ​មាន​អាយុ​ចន្លោះ​ពី ​៨​ ដល់​ ១៨​ឆ្នាំ ហើយ​នៅ​ពេល​នេះ​ អាជ្ញាធរ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ដើម្បី​អប់រំ និង​ថែ​ទាំ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ