មន្ត្រី​ថា​ ​ជំរឿន​ផ្ដោត​ទៅ​លើ​ស្ថានភាព​ទូទៅ​របស់​ពលរដ្ឋ និង​មិន​សួរ​ពី​បំណុល​នោះ​ទេ​

សេចក្តីជូនដំណឹងពីការ​ធ្វើ​ជំរឿន​​ ដែលមាន​រយៈ​ពេល​ ១១​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ​ឆ្នាំ​២០១៩​។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា ​កម្រង​សំណួរ​ភាគ​ច្រើន​សម្រាប់​ជំរឿន​ ​ផ្ដោត​លើ​ស្ថានភាព​ជីវភាព​ប្រជាជន​ ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ដឹង​ពី​ជីវភាព និង​ការ​រស់​នៅ​របស់​ពលរដ្ឋ​បាន​កាន់​តែ​ច្រើន និង​ងាយ​ស្រួល​រៀប​ចំ​ផែន​ការ​សម្រាប់​អភិវឌ្ឍជាតិ។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ ​លោក​ស្រី ហង់ លីណា មាន​ប្រសាសន៍​ប្រាប់​ VOD ថា កម្រង​សំណួរ​សម្រាប់​ធ្វើ​ជំរឿន​លើក​នេះ​មាន​ ៦​កម្រង​សំណួរ ដែល​សួរ​ពី​ព័ត៌មាន​សមាជិក​គ្រួសារ កម្រិត​វប្បធម៌ លទ្ធភាព​ក្នុង​ការ​បង្កើត​កូន ការ​ប្រើ​ប្រាស់​ទឹក និង​ភ្លើង​អគ្គិសនី សម្ភារប្រើប្រាស់​ និង​ទ្រព្យសម្បត្តិ​​ក្នុង​ផ្ទះ មធ្យោបាយ​ដឹក​ជញ្ជូន និង​អត្រា​មរណភាព។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ប្រទេសនីមួយៗ បើមិនដឹងពីស្ថានភាពប្រជាជនទេ តើគិតគូរផែនការគោលនយោបាយអីទៀតយ៉ាងមិចកើត? វាជាព័ត៌មានដែលសំខាន់ដែលយើងត្រូវការជាចាំបាច់»

លោក​ស្រី ហង់ លីណា ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា ការ​ធ្វើ​ជំរឿន​នេះ​មិន​មាន​សំណួរ​ទាក់ទង​លើ​បំណុល​នោះ​ទេ ​ដោយ​អ្នក​ស្រី​ថា ​ការ​ស្រង់​ស្ថិតិ​ស្ដី​ពី​​បំណុល​ ស្ថិត​ក្នុង​​ផ្នែក​ផ្សេងពី​ជំរឿន​ ខណៈការ​កំណត់​​អត្រា​បន្ទាត់​នៃ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ អ្នកស្រី​ថា ក្រសួងក៏​​មិន​បាន​កំណត់​នោះ​ទេ​សម្រាប់​ការ​ធ្វើ​ជំរឿន​នេះ។

លោក​ស្រី​ថា៖ «ទិន្នន័យជំរឿន យើងអាចយកមកធ្វើការគណនាពីភាពក្រីក្របាននាពេលក្រោយ ក្រោយពីយើងបានទទួលលទ្ធផលជំរឿន ក៏ប៉ុន្តែ ឥឡូវនេះ យើងអត់ទាន់គិតគូរបានទេ ព្រោះកំពុងធ្វើជំរឿន​»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ ក៏​បាន​អំពាវ​នាវ​ដោយ​ផ្ទាល់​មាត់​ទៅ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​មន្ត្រី​ជំរឿន​ផង​ដែរ ខណៈ​ដែល​លោក​អះ​អាង​ថា ជំរឿន​មាន​សារៈ​សំខាន​សម្រាប់​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​លើ​គោលនយោបាយ។

ការ​ធ្វើ​ជំរឿន​ទូ​ទាំង​លើក​នេះ​ មាន​រយៈ​ពេល​ ១១​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ​ឆ្នាំ​២០១៩​នេះ ដោយ​មាន​មន្ត្រី​ជំរឿន​ប្រមាណ​ ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេស​។

​បើ​តាម​ប្រតិទិន​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ លទ្ធផល​នៃ​ជំរឿន​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ជា​បណ្ដោះ​អាសន្ន​នៅ​រយៈ​ពេល ៣​ខែ​ក្រោយ ហើយ​លទ្ធផល​ផ្លូវការនឹង​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​រយៈ​ពេល​ចន្លោះ​ពី៦ ទៅ ៩​ខែ​ ក្រោយ​ការ​ធ្វើ​ជំរឿន​នេះ។

​ប្រទេស​កម្ពុជា​បាន​​ធ្វើ​ជំរឿន​ប្រជាសាស្ត្រ​ចំនួន​ ២លើករួច​មក​ហើយ​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ជំរឿន​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង ១១​លាន​នាក់ ដោយ​ក្នុង​នោះ​ ពលរដ្ឋ​ដល់​ទៅ​ជាង ៩.៦​លាន​នាក់ រស់នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។

ចំណែក​ឯ​ជំរឿន​លើក​ទី២​​ នៅ​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ជាង ១៣​លាន​នាក់ ក្នុង​នោះ​ប្រជាជន​ជាង ៥០​ភាគរយ គឺ​ជា​ស្ត្រី ហើយ​ប្រជាជន​ដល់​ទៅ​ជាង ១០.៧៨​លាន​នាក់ រស់​នៅ​តាម​តំបន់​ជន​បទ។

តួលេខ​របស់​ធនាគារ​ពិភព​លោក បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជាត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ជាង ១៦​លាន​នាក់​នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ