UNDP ជម្រុញកម្ពុជាឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈដល់ពលរដ្ឋ

មន្ត្រី​តំណាង UNDP ប្រចាំប្រទេសកម្ពុជា លោក Nick Beresford បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Civil Service Cambodia ក្រសួងមុខងារសាធារណៈ

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជំរុញ​កម្ពុជា​ឲ្យ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដោយថា ដើម្បីជំរុញ​កិច្ចខិតខំប្រឹងប្រែងផ្តល់សេវា​ដល់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។

អង្គការ​ UNDP ប្រចាំ​ប្រទេសកម្ពុជា និងក្រសួងមុខងារសាធារណៈ កាលពីព្រឹកមិញនេះ បានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិ​ស្តីពីវិស័យសាធារណៈ​ក្នុងយុគសម័យឌីជីថល។

មន្ត្រី​តំណាង UNDP ប្រចាំប្រទេសកម្ពុជា លោក Nick Beresford បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ថា នៅពេលដែលគំនិត​ថ្មីៗមានប្រភពចេញពីមន្ត្រីរាជការខ្លួនឯង ភាគច្រើនគំនិតទាំងនេះនឹងនាំមកនូវការផ្លាស់ប្តូរពិតប្រាកដ។

លោក  Nick Beresford  មានប្រសាសន៍ថា៖ «ការងាររបស់យើងមិនមែននិយាយអំពីការអនុវត្តដែលល្អបំផុតនោះឡើយ ប៉ុន្តែ គឺត្រូវជួយឱ្យក្រសួងនានាបើកចំហរឱ្យមានឱកាសបញ្ចេញគំនិតច្នៃប្រឌិត ដើម្បីឱ្យមន្ត្រីរាជការអាចទៅកាន់តែកៀកនឹងប្រជាពលរដ្ឋ ដែលពួកគេផ្តល់សេវាឱ្យ និងយកដំណោះស្រាយដែលពួកគេគិតឃើញដោយ​ខ្លួនឯងទៅធ្វើការពិសោធសាកល្បង»

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន បាន​ថ្លែងក្នុងសិក្ខាសាលាថា គុណភាពធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា គឺ​ជាចំណុច​គន្លឹះ ដើម្បីជួយកម្ពុជាក្នុងការអនុវត្តរដ្ឋបាលអេឡិចត្រូនិច។

លោក ពេជ្រ ប៊ុនធិន មានប្រសាសន៍បន្តថា៖ «កម្ពុជាបានកំណត់យ៉ាងច្បាស់នូវចក្ខុវិស័យសម្រាប់កំណែទម្រង់រដ្ឋបាល គឺកែសម្រួលរដ្ឋបាលសាធារណៈទៅជាអ្នកផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងជាដៃគូគួរឲ្យទុកចិត្តនៅក្នុងការបម្រើប្រជាជនឲ្យបានប្រសើរឡើង»

រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា ប្រាប់ VOD បន្ថែមថា បច្ចុបន្ន យើងត្រូវការជម្រុញការយល់ដឹងបន្ថែមទាំងមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋអំពីបច្ចេកវិទ្យាដើម្បីជំរុញ​វិស័យសេវាសាធារណៈ។

លោក យក់ ប៊ុនណា មានប្រសាសន៍ថា៖ «ជំរុញ​ទីមួយ ការយល់ដឹង! ការយល់ដឹងនៅក្នុងចំណោមមន្ត្រីដែលមានតួនាទីសំខាន់ក្នុងក្របខណ្ឌរៀបចំគោលនយោបាយ ក្នុងក្របខណ្ឌនៃការដឹកនាំផ្នែកបច្ចេកទេស និងក្នុងក្របខណ្ឌប្រតិបត្តិការ។ ទន្ទឹមហ្នឹង ក៏ត្រូវមានការពង្ររឹងការដឹងរបស់ប្រជាពលរដ្ឋដែរ ឲ្យយល់ឃើញអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ហើយទម្លាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យា ព្រោះអីបច្ចេកវិទ្យា ជាគឺជារឿងដែលយើងមិនអាចចៀសផុតទេ វាជាចំណែកមួយនៃជីវិតរបស់យើងទាំងអស់គ្នា»

បច្ចុប្បន្ន កម្ពុជាបានអនុវត្តសេវាសាធារណៈតាមបែប​អេឡិចត្រូនិចមានដូចជា ការផ្តល់លិខិតអនុញ្ញាតបណ្ណបើកបរ ការចុះបញ្ជីក្រុមហ៊ុនតាមអនឡាញ និងការបំពេញឯកសារប្រឡងនៅសាលារដ្ឋខ្លះ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ