សង្គមស៊ីវិលទទូចឱ្យបញ្ឈប់ការបញ្ចប់រឿងត្រឹមសំណង ករណីហិង្សាលើស្ត្រី

យុទ្ធនាការសុវត្ថិភាពទីក្រុងសម្រាប់ស្ត្រី របស់Safe Cities for Women Cambodia កាលពីឆ្នាំ២០១៧។ រូបភាព៖ ហ្វេសប៊ុក Safe Cities for Women Cambodia

សង្គមស៊ីវិល បានលើកឡើងថា ការផ្តល់សំណងដល់ជនរងគ្រោះដោយការប្រើអំពើហិង្សា គឺមិនអាចឱ្យជនល្មើសរួចខ្លួន​បានទេ ដោយថាផ្លូវច្បាប់ អ្នកដែលបង្កអំពើហិង្សាត្រូវប្រឈមនឹងទោសទណ្ឌផងដែរ។

មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការ​ប្រើអំពើហិង្សា ឬការបង្ករបួសស្នាមដោយចេតនា មិនអាចបញ្ចប់សំណុំរឿងត្រឹមសំណងរដ្ឋប្បវេណីបានទេ ដោយថា វាជាបទល្មើសព្រហ្មទណ្ឌ។

លោកបន្តថា៖ «ដែលដំណើរការនីតិវិធីច្បាប់ គឺព្រះរាជអាជ្ញាជាអ្នកដើមបណ្តឹងនៃការចោទប្រកាន់ទៅជនដែលបានប្រើប្រាស់អំពើហិង្សាទៅលើស្ត្រីហ្នឹង។ ហើយមួយទៀត សំណងរដ្ឋប្បវេណី អាហ្នឹងខាងជនរងគ្រោះ គាត់អាចទាមទារ ហើយការបញ្ចប់នៃការសងហ្នឹង គឺចប់បានតែរឿងសំណងរដ្ឋប្បវេណីទេ ប៉ុន្តែ បណ្តឹងអាជ្ញាមិនអាចរលត់បានទេ ដោយគេបានអនុវត្តទៅតាមច្បាប់»។

ប្រធានអង្គការសីលការ កញ្ញា សេង រាសី មើលឃើញថា ស្ថានភាពស្រ្តីនៅកម្ពុជា ពិសេសស្ត្រីក្រីក្រ ឬស្រ្តីទន់ខ្សោយនៅតែប្រឈមនឹងអំពើហិង្សាច្រើន ហើយដំណើរការស្វែងរកយុត្តិធម៌សម្រាប់ស្ត្រីក៏ពិបាកថែមទៀត។ កញ្ញាបន្តថា មិនចំពោះតែអ្នកមានប្រាក់ឬ មានអំណាចប៉ុណ្ណោះទេ ឱ្យតែបានប្រព្រឹត្តអំពើហិង្សាលើទៅអ្នកទៃ មិនថាទៅលើស្រ្តី ឬបុរសនោះឡើយ គឺត្រូវមានទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។

កញ្ញាបន្តថា៖ «រឿងទីមួយ ដោយសារ នៅពេលដែលមានករណីហិង្សាកើតឡើង លទ្ធភាពក្នុងការឱ្យគាត់ដឹងថា តើគាត់មានសិទ្ធិប៉ុណ្ណា។ លទ្ធភាពក្នុងការឱ្យដឹងថា គាត់អាចស្វែងរកជំនួយនៅកន្លែងណា? លទ្ធភាពក្នុងការស្វែងរកជំនួយ លទ្ធភាពជាហិរញ្ញវត្ថុ ក្នុងការធ្វើដំណើរស្វែងរកយុត្តិធម៌របស់គាត់ នៅមានកម្រិតខ្លាំងមែនទែន»។ 

កាលពីយប់ថ្ងៃ​ទី​២៧ ខែកុម្ភៈ ​ឧត្តមសេនីយ៍ឯកឬ មន្ត្រីផ្កាយបី​ ដែលសារព័ត៌មានក្នុងស្រុក​បញ្ជាក់ថា មានឈ្មោះ ប៉ុល ស៊ីនួន ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក បានវាយទៅស្ត្រីអ្នកចម្រៀងម្នាក់​នៅភោជនីយដ្ឋានមួយ​នៅខាងកើតស្ពានជ្រោងចង្វា ​ដោយសារ​ខឹង​នឹងស្ត្រីរូបនោះ​មិន​ព្រមទៅ​គេង​ជាមួយខ្លួន។

ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០០៨ ជំពូក៤ និយាយអំពីអំពើពេស្យាចារ និងពេស្យាចារកុមារ មាត្រា២៤ បានចែងថា​ ជនទាំងឡាយណាអូសទាញដោយចេតនានូវជនដទៃនៅទីសាធារណៈ ក្នុងគោលដៅប្រព្រឹត្តអំពើពេស្យាចារផ្ទាល់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី៣ពាន់រៀល ទៅ១ម៉ឺនរៀល។

ស្ត្រីរូបនោះ បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញក្នុងស្រុកកាលពីយប់កើតហេតុថា គាត់នឹងដាក់ពាក្យប្តឹងមន្ត្រីផ្តាយបីរូបនោះ ដើម្បីទាមទារយុត្តិធម៌ក្នុងនាមជាស្ត្រីរងគ្រោះទៀតផង។

ស្ត្រីរូបនោះបន្តថា៖ «ចាស៎! ខ្ញុំត្រូវតែដាក់ពាក្យបណ្តឹង ព្រោះអីគាត់បានប្រើអំពើហិង្សាមកលើស្រ្តី បើទោះបីជាខ្ញុំជាអ្នកចម្រៀង តែខ្ញុំមិនមែនជាស្រីលក់ខ្លួនទេ។ ខ្ញុំលក់តែចម្រៀង ហើយខ្ញុំប្រាប់គាត់ហើយ ថាខ្ញុំទៅអត់បានទេ ហើយគាត់ប្រើពាក្យសម្តីហ្នឹងមកលើខ្ញុំហើយ គាត់ប្រើអំពើហិង្សាមកលើខ្ញុំទៀត»។

ប៉ុន្មានថ្ងៃក្រោយមក វិវាទហិង្សាក៏ត្រូវបានបញ្ចប់ ដោយស្ត្រីរងគ្រោះបានព្រមសម្របសម្រួល និងទទួលយកសំណងមួយចំនួន ជាថ្នូរនឹងការបញ្ចប់សំណុំរឿងនេះ។

ប្រធានសមាគមសិល្បៈករខ្មែរ អ្នកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់ដោយខ្លីកាលពីថ្ងៃម្សិលមិញថា ករណីនេះ បានបញ្ចប់​ទៅហើយ ដោយមានការសម្របសម្រួលគ្នា ហើយគេក៏មិនចង់ឱ្យមានបញ្ហាវែងឆ្ងាយទៀត​ដែរ។

អ្នកស្រី ចន ច័ន្ទលក្ខិណា៖ «ហ្នឹងហើយ ព្រោះគេបានសម្រួលគ្នាហើយ អស់ហើយ។ គេដោះស្រាយតាមសន្តិវិធីរបស់គាត់អស់ហើយ »។

កាលពីដើមខែមករា ឧកញ៉ា ប៊ុនថៃ ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយអំពីករណីអំពើហិង្សាលើស្រ្តីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់នៅខេត្តកំពង់ចាម ហើយសំណុំរឿងនេះ ក៏បានបញ្ចប់ត្រឹមការសម្របសម្រួលគ្នានៅអធិការនគរបាលក្រុង ដោយសមត្ថកិច្ចបានឱ្យឧកញ៉ា រូបនោះ សុំទោសទៅស្រ្តីរងគ្រោះ។

អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចន្តា មិនបានបកស្រាយជុំវិញករណីហិង្សាទៅលើស្ត្រីនោះទេ ដោយអ្នកស្រីថា ខាងក្រសួងមានអ្នកជំនាញផ្នែក​ច្បាប់ ដើម្បីឆ្លើយតបបញ្ហានេះ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់នៃក្រសួងកិច្ចការនារីនៅថ្ងៃនេះ តម្រូវឱ្យសរសេរលាយលក្ខណ៍អក្សរបញ្ជូនទៅក្រសួងជាមុនទើបអាចឆ្លើយបាន។ ​

យ៉ាងនេះក្តី សង្គមស៊ីវិលមើលឃើញថា ប្រសិនបើការបង្កអំពើហិង្សាទៅលើស្ត្រី ពីសំណាក់អ្នកមានប្រាក់ឬ មានអំណាច ហើយត្រូវបញ្ចប់ទៅវិញដោយការផ្តល់សំណងឬ សម្របសម្រួលក្រៅប្រព័ន្ធច្បាប់ គឺងាយនឹងធ្វើករណីហិង្សាទាំងនេះកើតមានទៅលើស្ត្រីបន្តទៀត​ ហើយក៏បង្ហាញពីវប្បធម៌និទណ្ឌភាពឬ ភាពគ្មានទោសពៃនៅកម្ពុជាផងដែរ។

ក្រមព្រហ្មទណ្ឌមាត្រា ២១៧ ដែលចែងអំពីការប្រព្រឹត្តអំពើហិង្សាដោយចេតនា លើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រកា់ពី២លានរៀល ទៅ ៦លានរៀល។ ចំណែកមាត្រា២១៩ ដែលនិយាយអំពីស្ថានទម្ងន់ទោសបានចែងថា ត្រូវបានផ្តន្ទាទោសពី២ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ករណីអំពើហិង្សានោះទៅលើបុគ្គលទន់ខ្សោយពិសេស ដូចជានារីភេទ ស្ត្រីមានគភ៌ អ្នកមានជំងឺ និង មនុស្សពិការភាពជាដើម។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ