មន្ត្រី​​ប្រកាស​​​ពន្យារ​ពេល​​ជំរឿន​​ដោយ​សារ​ចំនួន​​ប្រជាជន​​ច្រើន​​លើស​​ការ​​ព្រាង​ទុក​

សេចក្តីជូនដំណឹងពីការ​ធ្វើ​ជំរឿន​​ ដែលមាន​រយៈ​ពេល​ ១១​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ​ឆ្នាំ​២០១៩​។ រូបភាព៖ ជន ចាន់រ៉ែន

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ លើក​ឡើង​ថា ​ការ​ធ្វើ​ជំរឿន​នៅ​ឆ្នាំ​​នេះ ​នឹង​ត្រូវ​ពន្យារ​ពេល​យ៉ាង​ហោច ​៣​ថ្ងៃ​បន្ថែម​ទៀត ​ដោយសារ​ចំនួន​ពលរដ្ឋ​មាន​ច្រើន​លើស​ការ​រំពឹង​ទុក។

ប្រធាន​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ លោក​ស្រី​ ហង់ លីណា បាន​ប្រាប់​ VOD នៅ​រសៀល​នេះ​ថា​ ការ​ធ្វើ​ជំរឿន​ឆ្នាំ​នេះ​មិន​អាច​បញ្ចប់​បាន​ដូច​ការ​ព្រាង​ទុក​នោះ​ទេ ហើយ​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​សម្រាប់​​មន្ត្រី​ជំរឿន​​ចុះ​សម្ភាសន៍​ពលរដ្ឋ។

លោកស្រី ហង់ លីណា ប្រាប់​ថា៖ «កន្លែងខ្លះ យើងគ្រោងត្រឹមតែ ១២០គ្រួសារ វាកើនឡើងដល់ ២០០គ្រួសារអីអញ្ចឹងណា។ មួយកន្លែងខ្លះឡើងដល់ពាន់ក៏មាន។ តាមពិតយើងត្រូវដាក់មន្ត្រីបន្ថែម តែបើដាក់ថែមមានតែមន្ត្រីដែលអត់បានទទួលការបណ្ដុះបណ្ដាល អញ្ចឹងមានតែយើងប្រើមន្ត្រីដែលមានការបណ្ដុះបណ្ដាលហើយហ្នឹង ឲ្យគាត់ធ្វើចប់មួយកន្លែងហ្នឹងឲ្យគាត់មួយកន្លែងទៀតទៅ។ អញ្ចឹងយើងប្រហែលជាត្រូវពន្យារពេល ទៅ ថ្ងៃអត់អាចចប់ត្រឹមថ្ងៃទី១៣ទេ»

បើ​តាម​លោក​ស្រី ហង់ លីណា ការ​ពន្យារ​ពេល​ធ្វើ​ជំរឿន​នេះ​នឹង​ត្រូវ​ការ​ថវិកា​បន្ថែម​ទៀត​ផង​ដែរ ខណៈ​មន្ត្រី​ជំរឿន​ត្រូវ​ប្រឈម​បញ្ហា​មួយ​ចំនួន​​​ដូចជា​ បញ្ហា​អាកាស​ធាតុ និង​សន្តិសុខ​​ជា​ដើម។

លោក​ស្រី​ថា៖ «បើប៉ះប៉ូវមិនគ្រប់ទេ យើងមានតែស្នើសុំថវិកាបន្ថែមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ប៉ុន្តែ តាមដំណឹង​ខ្ញុំគឺខាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ឯកឧត្ដមអភិបាលលោក បានឲ្យប្រើកញ្ចប់ថវិការបស់រដ្ឋបាលរបស់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុហ្នឹងហើយសម្រាប់បន្ថែមដោយឡែកខេត្តផ្សេងៗទៀតយើងត្រូវប្រើប្រាស់ថវិកាជាតិបន្ថែមជូនគាត់»

ការ​ធ្វើ​ជំរឿន​ទូ​ទាំង​ប្រទេសលើក​នេះ​ ត្រូវ​បាន​គ្រោង​ទុក​រយៈ​ពេល​ ១១​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ​ឆ្នាំ​២០១៩​នេះ ដោយ​មាន​មន្ត្រី​ជំរឿន​ប្រមាណ​ ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេស​។

​ប្រទេស​កម្ពុជា​បាន​​ធ្វើ​ជំរឿន​ប្រជាសាស្ត្រ​ចំនួន​ ២លើករួច​មក​ហើយ​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ជំរឿន​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង ១១​លាន​នាក់ ដោយ​ក្នុង​នោះ​ ពលរដ្ឋ​ជាង ៩.៦​លាន​នាក់ រស់នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។

ចំណែក​ឯ​ជំរឿន​លើក​ទី២​​ នៅ​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ជាង ១៣​លាន​នាក់ ក្នុង​នោះ​ប្រជាជន​ជាង ៥០​ភាគរយ គឺ​ជា​ស្ត្រី ហើយ​ប្រជាជន​​ជិត ១១​លាន​នាក់ រស់​នៅ​តាម​តំបន់​ជន​បទ។

តួលេខ​របស់​ធនាគារ​ពិភព​លោក បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ជាង ១៦​លាន​នាក់​ នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ