រដ្ឋាភិបាល​​គ្រោង​​បញ្ចប់​​សេចក្ដី​ព្រាង​​ច្បាប់​​គ្រប់​គ្រង​​បរមាណូ​​នៅ​​ឆ្នាំ​​នេះ​

ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពិនិត្យ ពិគ្រោះ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់បរមាណូ នៃព្រះរាជាណាចក្រកម្ពុជាលើកំណែទី៣ របស់ក្រសួង នៅទីស្តីការក្រសួងរ៉ែនិងថាមពល ថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Mines and Energy Cambodia

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​បញ្ចប់​សេចក្ដីព្រាង​ច្បាប់​សម្រាប់​គ្រប់​គ្រង​ថាមពល​​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ស្នើ​ឡើង និង​ឆ្លង​កាត់​ការ​ជជែក​ពិភាក្សា​អស់​រយៈ​ពេល​ជិត ៥​ឆ្នាំមក​ហើយ​នោះ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​របស់​​ក្រសួង​រ៉ែ និង​ថាម​ពល លោក  វិចទ័រ ហ្សូនា បាន​ឲ្យ​VOD ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះនឹង​ត្រូវ​បញ្ចប់ ហើយ​បញ្ជូន​ទៅ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី និង​សភា​ជាតិ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​សម្រេច​ឡើង​បានជាង ៦០​ភាគរយ​ហើយ​នោះ។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​គ្រប់​គ្រង​ថាមពល​នុយក្លេអ៊ែរ ឬ​បរមាណូ​ស៊ីវិល​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្ពុជា​មាន​គម្រោង​កសាង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ក្រោយ​ឆ្នាំ​២០៣០។

លោក​ថា៖ «ជាទូទៅ​កម្មវិធី​បរមាណូ​នេះ​ កម្ពុជា​យើង​បាន​ប្រើប្រាស់​ក្នុង​វិស័យ​ដឹក​ជញ្ជូន ការ​គ្រប់គ្រង​កុងតឺន័រ ស្កេន ម៉ាស៊ីន​ស្កេន​នឺ​ នៅ​ព្រលាន​យន្តហោះ ​នៅ​តាម​កំពង់​ផែ ដែល​ស្កេននឺ​នោះ ​មាន​សារធាតុ​វិទ្យុ​សកម្ម ដែល​ជា​ផ្នែក​នៃ​កិច្ច​ការ​បរមាណូ។ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ម៉ាស៊ីន​ស្កេន ដែល​ការ​ព្យាបាល​រោគ​មហារីក​ជា​ដើម។ ​គេ​ត្រូវ​ការ​សារធាតុ​នុយក្លេអ៊ែរ ដើម្បី​បាញ់​កាំរស្មី​ដើម្បី​សម្លាប់​មេរោគ​ជាដើម​»

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ប្រទេស​រុស្ស៊ី​បាន​សន្យា​ជួយ​កម្ពុជា​​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយក្លេអ៊ែរ និង​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​កម្ពុជា-រុស្ស៊ី ​សហការ​លើ​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​ផង​ដែរ ដែល​កិច្ច​ព្រមព្រៀង​ទាំង​នេះ ​នឹង​ចាប់​អនុវត្ត​នៅ​ឆ្នាំ​២០២០ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ