សង្គម​​ស៊ីវិល​​ ចាត់​​ទុក​​ការ​​រារាំង​​ការ​​​ដើរ​​ក្បួន​​ក្នុង​​ទិវា​​​នារី​អន្តរជាតិ​​​ជា​​ការ​​រឹតត្បិត​​សេរីភាព​​​នៅ​​កម្ពុជា​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ នៅ​ព្រឹក​នេះ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​៧​មករា​រារាំង​មិន​ឲ្យ​ដើរ​ចេញ​ពី​ស្តាត​អូឡាំពិក​នោះ​ទេ ដោយ​ថា ​ការ​ដើរ​ហែ​ក្បួន​នោះ​​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់

ក្រុម​សង្គម​ស៊ីវិល​ លើកឡើងថា ការ​រារាំងរបស់ក្រុមសមត្ថកិច្ច​​​មិនឲ្យពួកគេ​​ដើរហែញត្តិ​នាថ្ងៃទិវានារីអន្តរជាតិ​នេះ ​​​បង្ហាញ​ពី​​ការ​រឹត​ត្បិត​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ នៅ​ព្រឹក​នេះ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​៧​មករា​រារាំង​មិន​ឲ្យ​ដើរ​ចេញ​ពី​ស្តាត​អូឡាំពិក​នោះ​ទេ ដោយ​ថា ​ការ​ដើរ​ហែ​ក្បួន​នោះ​​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ នៅ​ព្រឹក​នេះ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ស្រី ចក់ សុភាព យល់​​ថា​ ការ​រារាំង​នៅ​ព្រឹក​នេះ​វា​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ធានា​ការ​​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​នារី​នោះ​ទេ។

លោកស្រី ចក់ សុភាព ថ្លែងប្រាប់អ្នកកាសែត អំឡុងពេលខាងក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ នៅ​ព្រឹក​នេះ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

លោកស្រី​ ចក់ សុភាព៖ «ថ្ងៃ​នេះ​គឺ​ជា​ទិវា​នារី​អន្តរជាតិ​ ក៏​ប៉ុន្តែ​ស្ត្រី​គ្រាន់តែ​គាត់​ចង់ប្រើប្រាស់​សិទ្ធិ​របស់​យើង​ទាំង​អស់​គ្នា​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ការ​ហែ​ក្បួន ក្នុង​ការ​ធានា​ក្នុង​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ដែល​យើង​អាច​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ មាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ផង» ។

នាយក​ប្រតិបត្តិ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​ លោកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ដើរ​ក្បួន​ថ្ងៃ​នេះ​ គឺ​បាន​បំពេញ​គ្រប់​តាម​ច្បាប់​ដែល​តម្រូវ​ទាំង​អស់​ តែ​បាន​ជា​ត្រូវ​អាជ្ញាធរ​មិន​អនុញ្ញាត និង​ធ្វើ​សកម្មភាព​រារាំង​បែប​នេះ​​ទៅ​វិញ ដែល​លោក​ស្រី​ចាត់​ទុក​ថា​ជា​ការ​បំបិទ​សិទ្ធិ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ។

លោកស្រី​ថា៖ «ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ យើង​មាន​ក្ដី​បារម្ភ​ថា ​តើ​រាជរដ្ឋាភិបាល​ហ្នឹង​អភិវឌ្ឍ ឬក៏​ធ្វើ​ផែន​ការ​សកម្មភាព​ខ្លួន​ហ្នឹង​បាន​យ៉ាង​ម៉េច​ទៅ​ នៅ​ពេល​ដែល​មិន​ព្យាយាម​ស្ដាប់​ពី​កង្វល់​ប្រជាពលរដ្ឋ ​មិន​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួប​ប្រជុំ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី និង​ការ​ដើរ​ក្បួន​អី​ជា​ដើម​ហ្នឹង ​ត្រូវ​បាន​រឹត​ត្បិត​ក្នុង​រូបភាព​បែប​នេះ» ។ ​

នាយិកា​អង្គការ​ក្លាហាន ​កញ្ញា បុណ្យ រចនា មាន​ប្រសាសន៍​ថា ​ការ​រារាំង​នេះ​កើត​ឡើង​ពី​ការ​មិន​យោគយល់​គ្នា​រវាង​អាជ្ញាធរ និង​អ្នក​ដើរ​ក្បួន ដោយ​សង្ឃឹម​ថា ​នា​ពេល​ក្រោយ​អាច​នឹង​មាន​ការ​យោគយល់​គ្នា​ច្រើន​ជាង​លើក​នេះ។

លោកស្រី បុណ្យ រចនា៖ « ខាង​អាជ្ញាធរ​ គាត់​អាច​មាន​ការ​បារម្ភ​ថា​ យើង​អាច​ធ្វើ​ក្នុង​គោល​ដៅ​អី​ផ្សេង។ ក៏​ប៉ុន្តែ​ សម្រាប់​យើង​ដែល​ជា​ជំហរ ​គឺ​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តជាតិ​ ដើម្បី​រំលឹក​ដល់​គុណ​បំណាច់​បងៗ​​ស្ត្រី​ជំនាន់​មុន ​ដែល​គាត់​ខិតខំ​ខ្នះខ្នែង​ធ្វើការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យែនឌ័រ​ក្នុង​សង្គម​របស់​យើង។ ហើយ​មួយ​ទៀត ​គឺ​យើង​ចង់​ដាក់​ញត្តិ​ដល់​ក្រសួង​ពាក់ព័ន្ធ​អំពី​បញ្ហា​ដែល​ជា​អាទិភាព​របស់​ស្ត្រី » ។

អភិបាល​រង​រាជធានី​ភ្នំពេញ​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ លោក មាន ចាន់យ៉ាដា បដិសេធ​មិន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន​នោះ​ទេ​​ ដោយ​ឲ្យ​អ្នក​សារព័ត៌មាន​ទាក់​ទង​​អ្នក​នាំពាក្យ​សាលា​រាជធានី​វិញ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា អាជ្ញាធរ​គោរព​រាល់​សិទ្ធិ និង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ហើយ​ក៏​ចូលរួម​ប្រារព្ធ​ទិវា​​នារីអន្តរជាតិ​​នេះ ​ដូច​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ផង​ដែរ។ ប៉ុន្តែ លោកថា ​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រឹក​នេះ​ ដោយ​សារ​ខាង​អ្នក​តវ៉ា​មិន​គោរព​តាម​សេចក្ដីសម្រេច​របស់​សាលា​រាជធានី​ដែល​ហាម​ប្រាម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតកាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក ម៉េត មាសភក្ដី

លោកថា៖ « ចង់​ជម្រាប​ជូន​ថា​ សិទ្ធិ​អត់​មាន​អី​ត្រូវ​ទាមទារ​ទៀត​ទេ ព្រោះ​ទាំង​អស់​គ្នា​មាន​សិទ្ធិ ​មាន​ការ​សាទរ​ទាំង​អស់។  ហើយ​ការ​សាទរ​ក៏​អត់​ចាំ​បាច់​ទាល់​តែ​ដើរ​តាម​ផ្លូវ​ ទាល់​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គេ ប៉ះពាល់​សណ្ដាប់​ធ្នាប់ ប៉ះពាល់​ចរាចរណ៍​ទេ។ ព្រោះ​យើង​ដឹង​ហើយ​ថា​ភ្នំពេញ​របស់​យើង​ហ្នឹង ធម្មតា​ក៏​ស្ទះ​ ពួក​យើង​កំពុងតែ​រួម​គ្នា​រក​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ទៅ​លើ​បញ្ហា​អី​ផ្សេងៗ អញ្ចឹង​ទេ ​រឿង​នេះ​គាត់​បាន​ធ្វើ​ដែល​ខុស​ពី​ការ​ប្រជុំ​ពិភាក្សា​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន » ។

ទោះយ៉ាងណាក៏ដោយ ក្នុង​ការ​ប្រារព្ធ​របស់​សង្គម​ស៊ីវិល​នៅ​ព្រឹក​នេះ ​អាជ្ញាធរ​រាជធានី​ក៏​បាន​​​ទទួល​ញត្តិ​របស់​អ្នក​ចូលរួម ដោយ​សន្យា​ថា ​នឹង​ប្រគល់​ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ផង​ដែរ។

​ក្នុង​ញត្តិ​នោះ​ ក្រុម​អង្គការ​ទាំង​នេះ​បាន​លើ​ពី​បញ្ហា​ចំនួន៧ ទៅ​រដ្ឋាភិបាល ដោយ​មាន​ការ​ស្នើសុំឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​អ្នក​ការពារ​សិទ្ធិ​មនុស្ស ការ​បៀតបៀន និង​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី​នៅ​កន្លែង​ការងារ​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ពង្រឹង​យន្ត​ការ​ការពារ​សិទ្ឋិ​ពលករ​ចំណាក​ស្រុក​ពី​ការ​កេង​ប្រវ័ញ្ច​ការងារ ការ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប ផ្ដល់​ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សម្រាប់​កម្មករ​ស្ត្រី​ដែល​ធ្វើ​ការងារ​តាម​ផ្ទះ និង​កំណែ​ទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​​កាត់​ដេរ​ជាដើម។

រដ្ឋធម្មនុញ្ញ មាត្រា៤១  ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ។ ជន​ណា​ក៏​ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ​នាំ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ដល់​ទំនៀម​ទំលាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខជាតិ​បាន​ឡើយ៕​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ នៅ​ព្រឹក​នេះ​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ