លោក ហ៊ុន សែន ​ចង់​បើក​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​ដាក់​ទោស​​ជន​រំលោភ​ផ្លូវ​ភេទ​កុមារ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​សួរ​សុខ​ទុក្ខ​កុមារី​រង​គ្រោះ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​មជ្ឈ​មណ្ឌល AFEPSIP កម្ពុជា។ ក្នុង​ពិធី​នោះ លោក ហ៊ុន សែន ថ្លែងថា លោក​ចង់​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​ប្រឆាំង​នឹង​ជន​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារី​នៅ​កម្ពុជា។ រូបថត៖ SPM

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​ចង់​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​កំណត់​ទោស​ប្រហារ​ជីវិត​ឡើង​វិញ ប៉ុន្តែ លោក​ថា ជា​ការ​ដាក់​ទោស​ទៅ​លើ​ជន​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​អនីតិ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​បំណង​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ អំឡុង​ពេល​លោក​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កុមារី​រង​គ្រោះ​នៅ​មជ្ឈ​មណ្ឌល​សង្គ្រោះ​កុមារី​មួយ ហៅ​កាត់​ថា  AFESIP Cambodia ដែល​បើក​ដំណើរការ និង​គ្រប់​គ្រង​ដោយ​អ្នកស្រី ម៉ម សុម៉ាលី នៅ​ជាយ​រាជ​ធានី​ភ្នំពេញ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា​៖ «កាល​ពី​ពីរ​ថ្ងៃ​មុន តា[ហ៊ុន សែន]បាន​និយាយ​ជាមួយ​នឹងយាយ[ប៊ុន រ៉ានី]​ថា ចង់​មាន​គំនិត​ផ្តួច​ផ្ដើម ដើម្បី​ធ្វើ​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ បើក​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​ចំពោះ​ជន​ណាដែល​រំលោភ​ទៅ​លើ​កូន​ខ្លួន​ឯង ឪពុក​រំលោភ​កូន​ខ្លួន​ឯង ជីតា​រំលោភ​ចៅ​ខ្លួន​ឯង គួរ​កម្រិត​ទោស​ប្រហារ​ជីវិត»

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ប៉ុន្តែ លោក​នឹង​មិន​ស្នើ​ទៅ​សមាជិក​រដ្ឋ​សភា និង​ព្រះ​មហាក្សត្រ ឲ្យ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​នោះ​ឡើយ ហើយ​មាន​សំណើ​បែប​នេះ​មែន ក៏​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «តែ​រឿង​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ប្រហែល​ជា​មិន​អាច​ធ្វើ​តាម​សំណើ​របស់​នាយករដ្ឋ​មន្ត្រី ឬ​ក៏​សមាជិក​រដ្ឋ​សភា ដែល​ធ្វើ​ជា​សេចក្ដី​ស្នើ​ច្បាប់ ឬ​សេចក្ដី​ព្រាង​ច្បាប់​ទេ ប្រហែល​ដើរ​ដល់​ការ​ធ្វើ​ប្រជាមតិ​ថា គួរ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ ឬ​អត់?»

ទោស​ប្រហារ​ជីវិត​​សម្រាប់​បទ​​ល្មើស​ឧក្រិដ្ឋ​ទាំង​អស់ ត្រូវ​បាន​លុប​បំបាត់​ចោល​កាល​ពី​ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ​ពី​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ទៅ​ជា​រដ្ឋ​កម្ពុជា។

រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​កើត​ឡើង​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ក្រោយ​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​​១៩៩៣​ ក៏​បាន​ចែង​អំពី​ការ​លុប​បំបាត់​ចោល​ទោស​ប្រហារ​ជីវិត​សម្រាប់​បទ​ល្មើស​ទាំង​អស់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ