សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​សិប្បកម្ម​ឡ​ឥដ្ឋ​ដែល​មាន​ក្មេង​ស្រី​ដាច់ដៃ​

ទីតាំងសិប្បកម្មឡឥដ្ឋ ស្ថិតនៅ ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល ក្រោយពេលដែលហេតុការណ៍ក្មេងស្រីម្នាក់ត្រូវម៉ាស៊ីនកិនឥដ្ឋកិនដាច់ដៃម្ខាង កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៩​។ រូបភាព៖ FN

សមត្ថកិច្ចខេត្តកណ្តាលកំពុងចុះពិនិត្យសិប្បកម្មមួយកន្លែងដែលកើតមានហេតុការណ៍គ្រោះថ្នាក់រហូតបណ្តាលឲ្យកុមារីម្នាក់ដាច់ដៃម្ខាង ដោយថា នឹងពិរណាចាត់វិធានការក្រោយទទួលបានរបាយការណ៍ច្បាស់លាស់។

វេបសាយនគរបាលជាតិបានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​សិប្បកម្ម​ឡឥដ្ឋ​ ភូមិ​ព្រះ​ប្រសប់​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ក្មេង​ស្រី​អាយុ ​៩​ឆ្នាំ​ម្នាក់​ បាន​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​កិន​ឥដ្ឋ​បណ្តាល​ឱ្យ​ដាច់​ត្រឹម​ស្មា​ ហើយ​ត្រូវ​បាន​ក្រុមការងារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នង ឲ្យ VOD ដឹងនៅរសៀលថ្ងៃនេះថា ក្រុមការងារលោកទើបតែ​បានចុះទៅព្រឹកមិញនេះ ដើម្បី​ប្រមូលព័ត៌មានបន្ថែមនៅកន្លែងកើតហេតុ មុន​នឹង​ចាត់វិធានការបន្ត។

លោក ធុល នង មានប្រសាសន៍ថា៖ «ព្រឹកមិញក្រុមការងារខ្ញុំបានចុះទៅហើយ ដើម្បីសួរនាំរឿងហ្នឹង។ អញ្ចឹង ដើម្បីខ្ញុំក្តាប់របាយការណ៍សិន។ យើងអត់ទាន់នេះដែរ! ចាំមើលលទ្ធផលគេចុះទៅមើលសិនណា ហើយការងារហ្នឹង យើងពីចារណក្រោយ!»

អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិរបស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO) លោក វន វិត សម្តែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ទៅលើក្មេងស្រីម្នាក់ដែលបណ្តាលឲ្យដាច់ដៃម្ខាងនៅសិប្បកម្មឡឥដ្ឋ។ លោកសូមឲ្យមានការជំរុញ​បន្ថែមទៀតចំពោះការការពារកុមារពីការងារប្រភេទនេះ។

លោក វន វិត មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់គ្រោះថ្នាក់ពីការងារនេះ ខ្ញុំគិតថា វានៅតែជាចំណុចមួយដែលយើងត្រូវធ្វើការបន្តថែមទៀត ដើម្បីជំរុញធ្វើម៉េចឲ្យកុមារ ឬ​ក៏ជាថៅកែ ក៏ដូចជាអ្នកពាក់ព័ន្ធហ្នឹង រួមចំណែកដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់នេះ ជាពិសេសទម្រង់ទៅលើពលកម្មកុមារ បាទ។ ខ្ញុំគិតថា វាជាផ្នែកមួយដ៏សំខាន់ដែលយើងត្រូវតែរួមគ្នាលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់កំលាំងពលកម្មលើកុមារ ជាពិសេសកុមារក្រោមអាយុ ១៨ឆ្នាំនេះ»

របាយការណ៍របស់អង្គការ ILO អំឡុងឆ្នាំ២០១២ រកឃើញថា មានកុមារ ១៩ភាគរយក្នុងចំណោមកុមារ ៤លាននាក់មានសកម្មភាពក្នុងការចេញទៅធ្វើពលកម្ម។​ ក្នុងចំណោមកុមារទាំងនេះមានកុមារជាង ៧ម៉ឺននាក់ធ្វើការនៅក្នុងការិយាល័យ តូប ហាង និងមួយចំនួនទៀតធ្វើការក្នុងរោងចក្រ និងសិប្បកម្មឡឥដ្ឋ។ របាយការណ៍ ILO ដដែល កាលពីឆ្នាំ២០១២ កុមារប្រហែល ១១ភាគរយនៅទូទាំងប្រទេសមិនបានចូលរៀនទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ