អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​ប្រើ​ប្រព័ន្ធ ​ICT​ ​​ក្នុង​ការ​​បើក​ចំហ​ព័ត៌មាន​​ពី​​សេវា​​សាធារណៈ​​ដល់​​ពលរដ្ឋ​​

សិក្ខាសាលា ស្ដីពី តួនាទីនៃ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ITC) នៅក្នុងវិស័យសេវាសាធារណៈនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ហៅ​កាត់​ថា អូឌីស៊ី​ ​បាន​​​ប្រើ​ប្រាស់​គេហទំព័រ​របស់​ខ្លួន​ដើម្បី​​ចែក​រំលែក​ព័ត៌មាន​ពី​សេវា​សាធារណៈ​ដល់​ប្រជាជន​កម្ពុជា​​ ដែល​ចង់ស្វែងរក​ព័ត៌មាន​ទាក់ទងនឹងសេវានានារបស់​រដ្ឋ​​​។

នាយក​ប្រតិបត្តិ​អូឌីស៊ី​ លោក ធី ទ្រី មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សិក្ខាសាលា​មួយ​នៅ​ព្រឹក​នេះ​ថា ​ការ​រៀប​ចំ​ទិន្នន័យ​សាធារណៈ​នេះ​ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ស្វែង​រក​ពី​ទី​តាំង និង​តម្លៃ​សេវា​សាធារណៈ​របស់​រដ្ឋ រាប់​ចាប់​ពី​​សេវា​អត្រានុកូលដ្ឋាន ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​យានយន្ត សេវា​ដឹក​ជញ្ជូន​សាធារណៈ និង​ទី​តាំង​ទឹក​ស្អាត​ជា​ដើម​។

លោក​ថា៖ «នៅ​លើ​ផែន​ទី​អន្តរកម្ម​របស់​យើង​ គឺ​យើង​មាន​ទីតាំង​សេវា​ដែល​ផ្ដល់​ដោយ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ទីតាំង​សកល​វិទ្យាល័យ​ ទីតាំង​សាលា​បឋម​ វិទ្យាល័យ​ឬ​អនុវិទ្យាល័យ​ គឺ​យើង​មាន​ព័ត៌មាន​ទាំង​អស់​នោះ។ ជា​ពិសេស​ទៅ​ទៀត​ គឺ​ព័ត៌មាន​ពី​ការ​ទទួល​ ឬ​ការ​ផ្ញើ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​នៅ​កន្លែង​ណា​ ថា​តើ​ទីតាំង​មួយ​ណា​ដែល​នៅ​ជិត​យើង »។

អនុប្រធាន​អង្គភាព​ត្រួតពិនិត្យ​ និង​តាមដាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​ លោក ជេជ្ឋ គីម​ជុង យល់​ថា​ ការ​រៀប​ចំ​បង្កើត​ព័ត៌មាន​ស្ដីពី​សេវា​សាធារណៈ​របស់​រដ្ឋ​ដាក់​បញ្ចូល​ក្នុង​គេហទំព័រ​នេះ​ជា​ផ្នែក​មួយ​ជំរុញ​ដល់​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ លោក បន្តថា ​វា​នឹង​ធ្វើ​​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​មាន​សកម្មភាព​ និង​ការ​ផ្ដល់​សេវា​ដល់​ពលរដ្ឋ​បាន​រហ័ស​ផង​ដែរ។

លោក​ថា៖ «ព្រោះ​យើង ​(គ.ជ.អ.ប) បាន​គិត​រួច​ហើយ​ថា​ ការ​ទទួល​បាន​ព័ត៌មាន​ជា​សាធារណៈ​ក្នុង​វិស័យ​សាធារណៈ​តាម​ប្រព័ន្ធ​ ICT នេះ​វា​មាន​សារៈសំខាន់​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ការងារ​របស់​ខ្លួន សម្រាប់​ពេល​ខាង​មុខ និង​អនាគត»។

សម្រាប់​​អ្នក​ដែល​ចង់​ស្វែង​រក​សេវា​សាធារណៈ​ដែល​នៅ​ជិត​ខ្លួន​អាច​ចូល​ទៅ​កាន់​គេហទំព័រ​របស់​អូឌីស៊ី បាន​តាម​រយៈ www.opendevelopmentcambodia.net

បើ​តាម​អូឌីស៊ី គម្រោង​នៃ​ការ​ប្រមូល​ និង​ចែក​ចាយ​ទិន្នន័យ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៦ ក្រោម​ជំនួយ​របស់​រាជាណាចក្រ​ស៊ុយអែត​ ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​នេះ តែ​ការ​អង្គការ​នឹង​នៅ​តែ​​ធ្វើ​បច្ចុប្បន្ន​ភាព​បន្ត​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ