សង្គម​ស៊ីវិល​ជំរុញ ACU បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​លើ​មន្ត្រី​ខេត្ត​កណ្តាល​និង​រតនគិរី​

ស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា (ឆ្វេង) និង លោក​ឧត្ដមសេនីយ៍​ត្រី គឹម រស្មី មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

សង្គមស៊ីវិលទទូចឱ្យមានការកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីឈានទៅសន្និដ្ឋានឬ ចាត់វិធានការ​ផ្លូវច្បាប់ និងបង្ហាញដល់សាធារណជនឱ្យបានដឹងលម្អិត ជុំវិញការស៊ើបអង្កេតទៅលើសំណុំរឿងអតីត​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តរតនគិរី និង​ស្នងការរងនគរបាលខេត្តកណ្តាល។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា​ពលរដ្ឋយ៉ាង​ច្រើនកំពុងរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើសំណុំរឿងទាំងពីរនេះ។ លោកបន្តថា វាគួរមានការឆ្លើយតបអំពីលទ្ធផលនៃការស៊ើបអង្កេត​នោះ ដោយថាដើម្បីបង្ហាញ​តម្លាភាព​ការងាររបស់ខ្លួនផងដែរ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ

លោកបន្តថា៖ «យើងចង់ឱ្យមានដំណើរការមួយដែលអនុវត្តទៅ ហើយនៅពេលចេញជាលទ្ធផល ACU គប្បីបង្ហាញអំពី ព័ត៌មានលម្អិតទាក់ទង ករណីដែលលើកឡើង ដែលចាប់អារម្មណ៍ដោយក្រុមមហាជន »។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា​សំណុំរឿង​ពុក​រលួយ​ខ្លះ​អាច​នឹង​មាន​ភាពស្មុគស្មាញ ប៉ុន្តែសំណុំរឿងអតីតមេប៉េអឹម ខេត្តរតនគិរី និងស្នងការរងខេត្តកណ្តាលនេះ លោកថាមិនមាន​អីស្មុគស្មាញ ហើយត្រូវចំណាយពេលដល់រាប់ឆ្នាំនោះទេ។

លោកថា ករណីទាំងពីរនេះ ប្រសិនបើស៊ើបអង្កេតរួចរាល់ ប៉ុន្តែគ្មានការសន្និដ្ឋាន ឬការផ្សព្វផ្សាយនៃសេច​ក្តី​សន្និដ្ឋាន​ណា​មួយ​នោះ​ទេ សាធារណជននឹងមានមន្ទិលសង្ស័យ ហើយនឹងវាយតម្លៃអង្គភាពប្រឆាំងអំពើពុក​រលួយក្នុងន័យអវិជ្ជមានទៀតផង។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(រូបពីលោក ព្រាប កុល)

លោកបន្ថែមថា​៖ «ហើយក្នុងនាមជាសាធារណជន ក៏ដូចជាក្នុងនាមសង្គមស៊ីវិល យើងចង់ឃើញដំណើរការ​នៃ​ការស៊ើបអង្កេតឈានទៅដល់ការសន្និដ្ឋានមួយច្បាស់លាស់ ។ប្របកដោយ តម្លាភាព និងអាចជឿទុកចិត្ត​បាន។ វាមិនគួរស៊ីពេលយូរពេកដែរ ព្រោះថាករណីអស់ហ្នឹង វាកើតឡើងដោយសារមានការ​ផ្សព្វផ្សាយជាសាធារណៈ។ ដូច្នេះយើងសង្ឃឹមថាអង្គភាព អាចបញ្ចប់ការស៊ើបអង្កេតក្នុងពេល         ឆាប់ៗ ហើយធ្វើសេចក្តីសន្និដ្ឋាន  និងផ្សព្វផ្សាយឱ្យសាធារណជនបានដឹងអំពីការរកឃើញឬក៏បើសិនជា​មានការប្រព្រឹត្តខុសឬក៏មានបទល្មើសអីមួយ សុំឱ្យមានការអនុវត្តច្បាប់ »។

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង និយាយដោយខ្លីថាការស៊ើបអង្កេត​សំណុំ​រឿង​ទាំងពីរនេះ មិនមែនជារឿងត្រូវផ្សព្វផ្សាយតាមសារព័ត៌មាននោះទេ ។

លោកបន្ថែមថា៖ «ករណីនេះ វាមិនទាក់ទងអីត្រូវផ្សព្វផ្សាយតាមសារព័ត៌មានទេ»។

កាលពីចុងខែមុន អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា អង្គភាពមួយនេះបានបញ្ចប់ការ​ស៊ើបអង្កេតបំណុល និងទ្រព្យសម្បត្តិ​របស់ អតីតមេញ្ជាការកង​រាជអាវុធហត្ថ​ខេត្តរតនគិរី លោក គឹម រស្មី និងភរិយា រួមទាំងកូនចំនួន ៣ នាក់ របស់លោករួចរាល់ហើយដែរ។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ព្រះមហាក្សត្រ​ចេញពី​រាជក្រឹត្យ​លុបឈ្មោះ​អតីតមេញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ឧត្តមសេនីយត្រី(ផ្កាយ១) លោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ  បន្ទាប់​ពី​មាន​ការ​​ស្នើសុំរបស់លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន។

ការ​ស្នើសុំលុបលោក គឹម រស្មី ចេញពី​ក្របខណ្ឌរដ្ឋនេះ ធ្វើឡើងក្រោយពី​​​មានវីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម ថា លោក គឹម រស្មី បាន​ចែក​លុយ ១០ម៉ឺនដុល្លារ ឲ្យកូន ៥នាក់​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ ក្នុង​ពិធី​ខួបកំណើ​ត​របស់ខ្លួន​។

លិខិតអង្គភាពប្រឆាំងអំពើពុករលួយដដែល បញ្ជាក់ទៀតថា ពួកគេកំពុង​ដំណើរការស្រាវជ្រាវ​​ទ្រព្យ​សម្បត្តិ និង​បំណុល​​ស្នងការ​រង​ខេត្តកណ្តាល គឺ លោក ស្រេង សុខា ផងដែរ។

ការប្រកាសស៊ើបអង្កេតACUលើ​លោកស្រេងសុខា នេះ ធ្វើឡើងក្រោយពី​មាន​ការ​​​ចែករំលែកតាមបណ្ដាញ​សង្គម​ហ្វេសប៊ុក បន្ទាប់ពីស្នងការរងរូបនេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​​បាន​ជូន​​ថ្លៃ​បណ្ណាការ​ចំនួន ១០​ម៉ឺន​ដុល្លារ ចិ​ញ្ចៀ​ន​ពេជ្រ និង​រថយន្ដ​លុ​ច្ស​ស៊ី​ស ៥៧០ មួយ​គ្រឿង​ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​។

រហូតដល់ថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ឈានដល់ការសន្និដ្ឋានលើមន្ត្រីទាំងពីររូបនេះថា មានកំហុស ឬអត់នោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ