លោក​ ហ៊ុន សែន​ បង្កើត​អង្គភាព​អ្នកនាំពាក្យ ​បញ្ចៀស​ការ​ផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ពី​រដ្ឋាភិបាល​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារឆ្លើយតបនិងផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រដ្ឋាភិបាល។

យោងតាមសេចក្តីសម្រេចមួយរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ៦ ខែមីនា ដែល វីអូឌី ទើបទទួលបាននៅថ្ងៃនេះ បញ្ជាក់ថា អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនេះមានសមាសភាព ប្រធាន អនុប្រធាន និងសមាជិក តាំងពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការនាំពាក្យរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងទាំង២៧ និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលមួយផងដែរ។

សេចក្តីសម្រេចដដែល អះអាងថា ការបង្កើតអង្គភាពអ្នកនាំពាក្យនេះ៖ «មានភារកិច្ចសម្របសម្រួល​ធានាឱ្យមានឯកភាព ប្រសិទ្ធភាព សណ្ដាប់ធ្នាប់ក្នុងការផ្តល់ និងផ្សាយព័ត៌មានដែលពាក់ព័ន្ធរដ្ឋាភិបាល។ លើសពីនេះ ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល ដោយសម្របសម្រួលជាមួយបណ្តាញសារព័ត៌មានសាធារណជាតិ និងអន្តរជាតិ ព្រមទាំងធានាលំហូរព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅការពារផលប្រយោជន៍ជាតិជាអាទិភាព»។

បន្ថែមពីនេះ អង្គភាពនេះ ត្រូវពន្យល់និងផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ទៅកាន់បណ្តាញសារព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីចៀសវាងការបកស្រាយខុស ដែលនាំឱ្យមានការវាយតម្លៃអវិជ្ជមានទៅលើ​រដ្ឋាភិបាល ។

អង្គភាពអ្នកនាំពាក្យដដែលនេះ មានភារកិច្ចប្រមូល តាមដាន អង្កេត និងវិភាគនូវរាល់ព័ត៌មាន និងព្រឹត្តិការណ៍នានា ដែលបានកើតឡើងដើម្បីបំភ្លឺ ព្រមទាំងពន្យល់បញ្ចៀសការផ្សព្វផ្សាយរាល់ព័ត៌មានមិនពិត ដែលមានចរិតញុះញង់ នាំឱ្យខូចសន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងកិត្យានុភាពរបស់រដ្ឋាភិបាលឬ ស្ថាប័នពាក់ព័ន្ធជាដើម។

កាលពីរសៀលថ្ងៃម្សិលមិញ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ការបង្កើតអង្គភាពអ្នកនាំពាក្យនេះ មិនត្រឹមតែចូលរួមកិច្ចការកសាងនិងការពារអធិបតេយ្យជាតិប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការរួមចំណែកនៃការងារអភិបាលកិច្ចល្អ និងការប្រឹងប្រែងរបស់រដ្ឋាភិបាលចំពោះការកំណែទម្រង់ស៊ីជម្រៅផងដែរ៕

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា គាំទ្រចំពោះការសម្រេចនេះ ដោយថា ជាការសម្រួលយ៉ាងណាឱ្យព័ត៌មាននៅតាមស្ថាប័នរដ្ឋ ត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់មហាជន។

លើសពីនេះលោកថា​ទំនាក់ទំនងរវាងអ្នកនាំពាក្យ ជាមួយអ្នកសារព័ត៌មាននឹងកាន់តែប្រសើរ ត្បិតកន្លងមកលោកថា មានអ្នកនាំពាក្យតាមស្ថាប័នរដ្ឋខ្លះ មិនទាន់សកម្មនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «តែមានមួយចំនួនទៀតសកម្ម ក្នុងការនាំពាក្យហ្នឹង គឺថាយើងសួរអី គាត់ឆ្លើយភ្លាមៗ ហើយមានភាពស្និទ្ធស្នាលជាមួយអ្នកសារព័ត៌មាន។ ដូច្នេះ ខ្ញុំគិតថាពេលនេះ រាជរដ្ឋាភិបាលគឺចង់ឱ្យស្ថាប័នទាំងអស់ហ្នឹង ធ្វើម៉េចគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវតែសកម្ម មានទំនាក់ទំនង ហើយនិងឆ្លើយតបដល់អ្នកសារព័ត៌មានហ្នឹងឯង បាទ»។

លោក ប៉ែន បូណា មាន​សង្ឃឹមថា អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នឹងកាន់តែសកម្ម ហើយនិងមានកិច្ចសហការកាន់តែល្អជាមួយអ្នកសារព័ត៌មានបន្ថែមទៀត។

របាយការណ៍​របស់​ក្រសួងព័ត៌មាន ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ ​មានកាសែតដែលផ្សាយជាប្រចាំ​ចំនួន ៥១២​អង្គភាព ព្រឹតិ្ដបត្រ​ព័ត៌មាន​ដែលផ្សាយតាមអនឡាញចំនួន ៧២អង្គភាព។ ស្ថានីយ៍ទូរទស្សន៍​ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និង​ផ្សាយបន្តផ្ទាល់ មានចំនួនជាង ២០០ និងស្ថានីយ៍ផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន ៥។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដោយបានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាដល់ទៅ ១០លេខ ពោលគឺនៅឆ្នាំ២០១៨ កម្ពុជាស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២ កាលពីឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ