សមាគម​ទេសចរណ៍​មួយ​នៅ​សៀមរាប​ប្តឹង​កាសែត​ខ្មែរសុវណ្ណភូមិ ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​

ធនាយកសារព័ត៌មានខ្មែរសុវណ្ណភូមិ លោក ផ្លុង រ៉េត បកស្រាយរឿងលោក គង់ មង្គល ប្ដឹងរូបលោក។ រូបភាព៖ ហ្វេសប៊ុក Ret Phlong / Screenshot

ប្រធានសមាគមទេសចរណ៍មួយនៅខេត្តសៀមរាបប្តឹងអ្នកកាសែតខ្មែរសុវណ្ណភូមិទៅតុលាការ ដោយចោទថាផ្សាយព័ត៌មានមិនពិត ក្រោយស្នើសុំបកស្រាយ និងសុំទោសតាមបណ្តាញសង្គមឡើងវិញ ប៉ុន្តែ សំណើនេះត្រូវបានបដិសេធ។

ប្រធានសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោក គង់ មង្គល ថ្លែងប្រាប់ VOD តាមទូរសព្ទកាលពីរសៀលម្សិលមិញថា ពាក្យបណ្តឹងរបស់លោកបានទៅដល់ដៃតុលាការសៀមរាបហើយ បន្ទាប់ពីបានជជែកគ្នានៅសង្កាត់ជ្រាវហើយអ្នកកាសែតខ្មែរសុវណ្ណភូមិបដិសេធមិនបកស្រាយលើបណ្តាញសង្គមតាមសំណើលោក។

លោក គង់ មង្គល មានប្រសាសន៍ថា៖ «ហ្នឹងអ្ហើយ!​ ខ្ញុំសុំឲ្យគាត់មកបកស្រាយរាល់សម្តីរបស់គាត់តាមហ្វេសប៊ុកហ្នឹង! ​ទីមួយ គាត់បាននិយាយថា មន្ទីរពាក់ព័ន្ធជំនាញកន្លងមកមិនបានទទួលអត្ថប្រយោជន៍អំពីការជីកអាចម៍ដីក្នុងគម្រោងបារាយណ៍ គាត់ថា ខ្ញុំមានបំណងធ្វើឃាតគាត់ គាត់ថា សត្វនៅក្នុងតំបន់អភិរក្សបឹងពារាំង គឺគ្មានត្រីហើយគ្មានសត្វបន្តទៀត គាត់បាននិយាយថា លក់ដីទាំងឡាយនេះ គឺយកលុយដាក់ហោប៉ៅ និងបុគ្គលប៉ុន្មាននាក់ហ្នឹង!»

ចាងហ្វាងការផ្សាយនិងនិពន្ធនាយកសារព័ត៌មានកម្ពុជាសុវណ្ណភូមិ លោក ផ្លុង រ៉េត ប្រាប់ VOD ដែរថា លោកមិនធ្វើតាមសំណើនេះទេ ដោយថា លោកមិនបានខុស និងសុំឲ្យប្រធានសមាគមសរសេរលិខិតបកស្រាយហើយលោកនឹងផ្សព្វផ្សាយឲ្យវិញ។

លោក ផ្លុង រ៉េត មានប្រសាសន៍ថា៖ «ខ្ញុំឲ្យសរសេរជាលិខិតបកស្រាយមក ខ្ញុំបង្ហោះឲ្យ! តែគេអត់សរសេរ ហើយគេទៅប្តឹងតុលការ។ ឲ្យខ្ញុំហ្នឹងទទួលកំហុសគ្រប់យ៉ាង! ព្រមស៊ីញ៉េផ្តិតខ្ចៅដៃ (ផ្តិតម្រាមដៃ) ថាខ្ញុំនិយាយហ្នឹង អ្វីៗសុទ្ធតែខុសទាំងអស់ ឲ្យខ្ញុំឡាយ (Live) វីដេអូនិយាយសារថ្មីឡើងវិញថា ខ្ញុំនិយាយខុស អញ្ចឹងខ្ញុំអត់និយាយខុសផង រឿងអីខ្ញុំត្រូវសុំទោស? រឿងអីដែលខ្ញុំផ្តិតខ្ចៅដៃទទួលកំហុស?»

លោក ផ្លុង រ៉េត ឲ្យដឹងទៀតថា លោកនឹងចូលបំភ្លឺបើតុលការកោះហៅ ហើយលោកនឹងបន្តការផ្សាយរឿងអាស្រូវនៅសង្កាត់ជ្រាវបន្តទៀត។ លោកក៏បានសំណូមពរដែរឲ្យដោះស្រាយតាមផ្លូវច្បាប់សារព័ត៌មាន។

សម្រាប់អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា ចង់ឲ្យពិនិត្យមើលលើទិដ្ឋភាពច្បាប់ស្តីពីរបបសារព័ត៌មានថាតើភាគីខាងណាមានការខុសឆ្គង?។

លោក ពុយ គា មានប្រសាសន៍ថា៖ «ពីព្រោះពាក្យថាប្តឹងទៅតុលាការទៅអីហ្នឹងវាគ្មានចំណេញអីទេ វាខាតពេលវេលាខាតអី បើថាយើងអាចយល់ឃើញថាខុសវិជ្ជាជីវៈត្រង់ណាមួយយើងចង្អុលកន្លែងហ្នឹងទៅណា ពីព្រោះអាហ្នឹងវាអាចចូលទៅដល់ក្នុងករណីច្បាប់យើងមានចែង! ផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លឺស ឬបរិហារកេរ្តិ៍? ក្នុងន័យណាមួយអញ្ចឹង! ប៉ុន្តែយ៉ាងណាក៏ដោយគឺច្បាប់សារព័ត៌មានបានគ្រប់អស់ហើយ។ បើសិនជាទៅដល់ដៃតុលាការក៏ត្រូវតុលាការគាត់ពិនិត្យមើលហើយ ករណីហ្នឹងថាតើវាបានយោងទៅតាមច្បាប់សារព័ត៌មានទេ ហើយអ្នកសារព័ត៌មានហ្នឹងគឺគាត់នៅតែរំលោភអញ្ចឹងដដែលឬក៏គាត់ធ្វើតាមហើយ ហើយភាគីម្ខាងទៀតអត់ទទួលយក? អញ្ចឹងគេត្រូវនីតិវិធីហើយយកច្បាប់ហ្នឹងជាគោលហើយ បាទ!»។

ទោះយ៉ាងណាអ្នកកាសែតជើងចាស់រូបនេះថា ករណីនេះងាយដោះស្រាយទេ ដោយគ្រាន់តែភាគីដែលត្រូវបានគេចោទ អាចចង្អុលបង្ហាញបំភ្លឺជាលាយលក្ខណ៍អក្សរមកខាងសារព័ត៌មានចុះផ្សាយ ដោយថានេះជាទម្រង់បកស្រាយដែលមានចែងក្នុងច្បាប់សារព័ត៌មាន។ លោកបន្តថា បើសារព័ត៌មាននោះមិនចុះផ្សាយទើបជំហានបន្ទាប់អាចដាក់ពាក្យបណ្តឹងទៅតុលាការ។

ចាប់តាំងពីដើមខែមីនាកន្លងមក អ្នកកាសែតរូបនេះតែងតែបង្ហោះវីដេអូអត្ថាធិប្បាយតាមហ្វេសប៊ុក និងផ្សាយព័ត៌មានមួយចំនួនលើវេបសាយរបស់លោកទាក់ទងនឹងគម្រោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ ខេត្តសៀមរាប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ