ក្រុម​​​សង្គម​ស៊ីវិល​ជំរុញ​​​ពលរដ្ឋ​​ឲ្យ​ប្រើ​អ៊ីនធឺណិត​​ប្រកប​ដោយ​សុវត្ថិភាព​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច

ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ជជែក​អំពី​លំហរ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ក្នុង​វេទិកា «Open Cyber Talk» នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩។ Open Cyber Talk

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ លើកឡើងថា ​ការប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត​កាន់តែទូលំទូលាយ នឹង​ជួយ​ជំរុញ​អភិបាល​កិច្ច​ល្អ និង​ការ​បង្ហាញ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ពី​តាម​សហគមន៍​មូលដ្ឋាន ប៉ុន្តែ ក៏​បាន​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​ប្រកប​ដោយ​សុវត្ថិភាព។

ថ្លែងក្នុងវេទិកា​ «អ៊ីនធឺណេតបើកទូលាយ» ឆ្នាំនេះ ប្រធានអង្គការបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ ដែលជាអង្គការមួយក្នុងចំណោមអង្គការ៦ផ្សេងទៀតបានផ្តួចផ្តើមរៀបចំការវេទិការនេះ មានប្រសាសន៍ថា

 គោលបំណងនៃការរៀបចំពិធីនេះឡើងដើម្បីផ្តល់ការយល់ដឹងកាន់តែស៊ីជម្រៅដល់អ្នកប្រើប្រាស់អ៊ីនធឺណេត ទាំងផលប្រយោជន៍ ​និងហានិភ័យ​ផងដែរ។

លោក ទឹម ម៉ាឡៃ បន្ថែមថា៖ «យើងនិយាយអំពីការឆ្លុះបញ្ចាំង ឱកាស និងហានិភ័យដល់អ្នកប្រើប្រស់អ៊ីនធឺណេត​បច្ចុប្បន្ន ​ដើម្បីឱ្យគាត់ដឹង​ថា​ប្រសិនបើជាគាត់មានឱកាស តើគាត់ត្រូវម៉េចដើម្បីឱ្យការប្រើប្រាស់អ៊ីនធឺណេតឱ្យមានប្រយោជន៍។ ទីពីរ បង្ហាញពីការចូលរួមយល់ដឹងឱ្យកាន់​តែស៊ីជម្រៅ​អំពីគោលការណ៍ ឬ​តួនាទី​ការប្រើប្រាស់បណ្តាញ​សង្គមហ្នឹង​ក្នុងអភិបាលកិច្ចល្អ​ក្នុងសង្គមកម្ពុជា។ ទីបីចុងក្រោយហ្នឹង គឺផ្តល់នូវបច្ចេកទេសមួយចំនួនដល់អ្នកប្រើប្រាស់ឱ្យកាន់តែមានសុវត្ថិភាពប្រសើរឡើង»

វេទិកាអ៊ីនធឺណេតបើកទូលាយឆ្នាំនេះ ក្រោមប្រធានបទ​ធំគឺ «ឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណេតសម័យថ្មី» រួមនឹងប្រធានបទតូចៗចំនួន ៥ផ្សេងទៀត ដែលមានចូលរួមជាង៣រយនាក់។ វេទិកានេះ ត្រូវបានបណ្តុំអង្គការមិនមែនរដ្ឋាភិបាល​មួយចំនួន រៀបចំឡើងជាលើកទីប្រាំហើយ ​។

នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី ថ្លែងថា​ ការ​ទទួលបានព័ត៌មានពិត​ក្នុងការបណ្តាញសង្គម គឺ​ជាប្រយោជន៍សម្រាប់ពលរដ្ឋទូទៅ​ក្នុងការគិតពិចារណាឱ្យបានស៊ីជម្រៅ ប៉ុន្តែ​លោក​ថា បញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺ ព័ត៌មានក្លែងក្លាយ ដែល​លោក​មើល​ឃើញ​ថា កំពុងធ្វើឱ្យប៉ះពាល់ធ្ងន់ដល់មនុស្សរស់នៅក្នុងសង្គម។

លោកបន្ថែមថា៖​ «ដូច្នេះ បើសិនជាយើងមកពិនិត្យមើលអំពី ព័ត៌មានក្លែងក្លាយ ដូចជាឧទាហរណ៍ដែលខ្ញុំបានលើកមិញហ្នឹង។ ខ្ញុំគិតថា អាហ្នឹងវាប៉ះពាល់ធ្ងន់សម្រាប់ជីវិត ក្នុងការរស់នៅ ប្រចាំថ្ងៃរបស់បងប្អូន។ សំខាន់ជាងអាហារទៅទៀតព័ត៌មាន ព្រោះ កាលណាព័ត៌មានក្លែងក្លាយ វាស្មើនឹងយើងទទួលទានអាហារហួសឌឺឡែ ទទួល​ទានអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង»

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ​ប្រព័ន្ធអ៊ីនធឺណេត គឺជាផ្នែកមួយ​ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ តាមរយៈបញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងការទទួលបានព័ត៌មានត្រឹមត្រូវ ព្រមទាំងការអនុវត្តសកម្មភាពការងារយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច ​សង្គម និងវប្បធម៌ផងដែរ។

អ្នកស្រីថា ដើម្បីជៀសវាងនូវហានិភ័យផ្សេងៗសម្រាប់ខ្លួនឯង និងដល់អ្នកដទៃផងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏ត្រូវស្វែងយល់ច្បាស់ពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន និងត្រូវមានសេចក្តីក្លាហាន។

អ្នកស្រីបន្ថែមទៀតថា៖ «ប៉ុន្តែខ្ញុំគិតថា ទាមទារឱ្យយើងត្រូវមានភាពក្លាហាន ហើយយើងយល់អំពីសិទ្ធិសេរីភាពរបស់យើង ដែលខ្ញុំបានគូសបញ្ជាក់ពីខាងដើម។ ពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការបញ្ចេញមតិ មានសិទ្ធិក្នុងការទទួលបានព័ត៌មាន ហើយបើយើងមិនប្រើប្រាស់សិទ្ធិរបស់យើងទេ ហើយយើងចាំឱ្យគេផ្តល់ឱ្យយើង អត់បានទេ។ ទាល់តែយើងប្រើប្រាស់»។

អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានមើលឃើញថា ទៅថ្ងៃអនាគត ប្រព័ន្ធបច្ចេកវិទ្យា​កាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ ដែលទាមទារឱ្យពលរដ្ឋកម្ពុជា ពិសេសយុវជនដើរឱ្យទាន់។

ជាមួយគ្នានេះ លោក​ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រយោជន៍ និងប្រកបដោយក្រមសីលធម៌នោះ គឺ​ត្រូវចាប់ផ្តើមពីប្រមុខដឹកនាំ និងអ្នកនយោបាយមុនគេ។

លោកមានប្រសាសន៍ថា៖ «គឺមិនមែនជំរុញឱ្យតែប្អូនៗជាយុវជន ត្រូវតែគោរពឱ្យយើងមានក្រមសីលធម៌ទេ  វាត្រូវមានទាំងប្រមុខរដ្ឋាភិបាល ក៏ត្រូវមានសីលធម៌ក្នុងការប្រើប្រាស់ហ្នឹងដែរ។ បើយើងយកអ៊ីនធឺណេតមកសម្រាប់តែ​ជេប្រទិចប្រមាថអ្នកនៅក្រោមបង្គាប់ អាហ្នឹងវាក៏អត់មានសីហធម៌អីជាគម្រូរសម្រាប់យើងដែរ ហើយអ្នកនយោបាយក៏ត្រូវមានសីលធម៌ដូចគ្នាដែរ»

បណ្ដាញ​ទំនាក់​ទំនង​សង្គម Facebook ស្ថិត​នៅ​លើ​គេ​ក្នុង​ចំណោម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ធំៗ​របស់​ពិភព​លោក ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍ស្រាវជ្រាវ​របស់ internetworldstats.com  បានឲ្យដឹងថា ​គិតមក​ដល់ឆ្នាំ២០១៧ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេ​សប៊ុកនៅកម្ពុជា មាន​ប្រមាណ ៦​លាន ៣​សែន​នាក់ ឬ​ប្រហែល​នឹង ៣៩​ភាគរយ នៃ​​ប្រជាជន​ជាង ១៦​លាន​នាក់​នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ