លោក ហ៊ុន សែន សម្រេច​ឲ្យ​សាង​សង់​ផ្លូវ​ភ្ជាប់​ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ​ឡើង​វិញ​ជិត​មួយ​ឆ្នាំ​ក្រោយ​ប្រកាស​ផ្អាក

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្វាគមន៍​ជាមួយ​ក្រុម​យុវជន​យុវតី​ក្នុង​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំ ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩។ រូបថត៖ SPM

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ឡើង​វិញ​អនុញ្ញាត​ឲ្យសាង​សង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ខេត្ត​កំពង់ឆ្នាំង ទៅ​កាន់​ខេត្ត​កំពង់ធំ ហើយ​លោក​ថា គម្រោង​សាង​សង់​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​​ចរន្ត​ត្រី​នោះ​ឡើយ។

លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​ចិត្ត​ឡើង​វិញ​របស់​លោក​បែប​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​លោក​ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ ដែល​រៀបចំ​នៅ​ក្នុងខេត្ត​កំពង់ឆ្នាំង។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ថ្ងៃ​នេះ ខ្ញុំសម្រេច​ចិត្ត​ផ្ដល់​ការ​អនុញ្ញាត​ការ​សាង​សង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​រវាង​កំពង់ឆ្នាំង ទៅ​​ខេត្ត​កំពង់ធំ»

លោក ហ៊ុន សែន បាន​អះ​អាង​ទៀត​ថា គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​ប្រវែង​ជាង ៥៧​គីឡូ​ម៉ែត្រ​នេះ នឹង​ជួយ​ផល​ចំណេញ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​កាន់​ខេត្ត​កំពង់ធំ។

មេដឹកនាំ​បក្សកាន់​អំណាច​រូប​នេះ បាន​អះ​អាង​បន្ថែម​ទៀត​ថា គម្រោង​សាង​សង់​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ នឹង​មិន​ប៉ះ​ពាល់​ដល់​ចរាចរណ៍​ផ្លូវ​ទឹក និង​ការ​បន្លាស់​ទី​របស់​ត្រី​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​បាន​សិក្សា​យ៉ាង​ល្អិន​ល្អន់​ហើយ​នោះ។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​៖ «ហើយ​សង្ឃឹម​ថា ពលរដ្ឋ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍ពី​គម្រោង​មួយ​នេះ ដែល​យើង​បាន​សិក្សា​ជាក់​លាក់​រួច​មកហើយ​ថា មិន​មាន​ផល​ប៉ះ​ពាល់​ណា​មួយ​បំផ្លាញ​ទៅ​ដល់​ធនធាន​ធម្មជាតិ ឬ​ក៏​បង្វែរ​ចរន្ត​ទឹក ដែល​ធ្វើ​ឲ្យ​ស្ទះ​នូវ​ចរាចរណ៍​ផ្លូវ​ទឹក និង​ការ​បំលាស់​ទី​របស់​ត្រី​នោះ​ទេ»

គម្រោង​សាង​សង់​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវ​បានលោក ហ៊ុន សែន ប្រកាស​ឲ្យ​ផ្អាក​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន អំឡុង​ពេល​លោក​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ