តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​មេដឹកនាំ​សហជីព​៧​រូប​នៅ​ក្នុង​សប្ដាហ៍​នេះ

មេដឹកនាំសហជីព លោក​ ប៉ាវ ស៊ីណា

តុលាការក្រុងភ្នំពេញ គ្រោង​នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​មេដឹកនាំ​សហជីព​លោក ប៉ាវ ស៊ីណា និង​មន្ត្រី​សហជីព​មូលដ្ឋាន​នៅ​រោងចក្រ​ អូសេអង់ ហ្គាមិន នៅថ្ងៃ​ទី​២១ ខែ​មីនា​ បន្ទាប់​ពី​សវនាការ​ជម្រះ​ក្ដី​នៅ​ថ្ងៃ​នេះ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា និង​មន្ត្រី​សហជីព​មូលដ្ឋាន ៦​រូប​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បង្គាប់​ឲ្យ​ចូល​រួម​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ។

មេដឹកនាំ​សហជីព​រូប​នេះ និង​មន្ត្រី​សហជីព​មូលដ្ឋាន ៦​រូប​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា និង​ជេ​រ​ប្រមាថ​ជា​សាធារណៈ ពាក់​ព័ន្ធ​នឹង​វិវាទ​ការងារ​នៅ​រោងចក្រ អូសេអង់ ហ្គាមិន កាល​ពី​ខែ​សីហា ឆ្នាំ​២០១២​កន្លង​មក។

លោក ប៉ាវ ស៊ីណា បាន​ប្រាប់ ​វីអូឌី​ ថា ក្នុងសវនាការរយៈពេលជាងមួយម៉ោងនៅព្រឹកនេះ លោក​បាន​បដិសេធ​ថា លោក និង​មន្ត្រី​សហជីព​ដទៃ​ទៀត មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ហើយ​លោកបានស្នើឱ្យតុលាការ​ពិចារណាទម្លាក់បទចោទប្រកាន់មកលើពួកលោកទាំង ៧​នាក់​ផង​ដែរ។

មេដឹកនាំ​សហជីព​រូប​នេះ អះ​អាង​ទៀ​ថា ចាប់​តាំង​ពី​រង​បណ្ដឹង​ពី​ភាគី​រោងចក្រ​អូសេអង់ ហ្គាមិន ចាប់​តាំង​ពី​២០១២​មក រូប​លោក​មិន​ធ្លាប់​ទទួល​បាន​ដី​កា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ណា​មួយ​ឡើយ​ជុំ​វិញ​សំណុំ​រឿង​មួយ​នេះ។

លោកបន្ថែមថា ប៉ុន្តែ រូប​លោក​ត្រូវ​បាន​តុលាការ​ភ្នំពេញ កាត់​ក្ដី​កំបាំង​មុខ​ឲ្យ​លោក​ជាប់​ពន្ធនាគារ ៨​ឆ្នាំ​កាល​ពី​ចុង​ឆ្នាំ​មុន ដែល​លោក​ហៅ​សេចក្ដី​សម្រេច​របស់​តុលាការ​ថា «អយុត្តិធម៌»។

លោកបន្ថែមថា៖ «អីចឹងហើយបានខ្ញុំប្រាប់ទៅអង្គសវនាការទាំងមូលថា រឿងនេះមិនមាន​ពាក់ព័ន្ធរឿងទាមទារលក្ខខណ្ឌការងារទេ គឺកើតចេញពីការតវ៉ាដោយឯកឯងរបស់​បងប្អូនកម្មករដោយផ្ទាល់។ ហើយក៏គ្មានការប្រើប្រាស់ហិង្សា​ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជេរប្រមាថអីដែរ គឺអត់មានទាំងអស់។ ជាធម្មតាក្រុមហ៊ុនគេប្តឹងគេចោទ។ ដូច្នេះ នៅក្នុងអង្គសវនាការមិនមានដើមបណ្តឹង​ចូលរួមសូម្បីតែម្នាក់។ ដូច្នេះ យើងមិនអាច​យកជាការបានទេ។​ អីចឹងសុំឱ្យចៅក្រមគាត់ពិចារណា ក្នុងការទម្លាក់បទចោទ មកលើពួកខ្ញុំទាំងអស់គ្នានេះ»

កាលពីឆ្នាំ​២០១២ ភាគីក្រុមហ៊ុន អូសេអង់ ហ្គាមិន ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្តឹងប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា និងមន្ត្រីសហជីពមូលដ្ឋាន ៦រូបទៀត ពីបទធ្វើឱ្យខូចខាតដោយចេតនា និងជេរប្រមាថជាសាធារណៈ។

លោក ប៉ាវ ស៊ីណា អះអាងថា ប្រសិនបើការប្រកាសសាលក្រមសម្រេចនៅថ្ងៃទី២១ មីនាខាងមុខ សាលាដំបូងរាជធានីភ្នំពេញនៅតែ​​មិនអាច​ផ្តល់យុត្តិធម៌ដល់មន្ត្រីរបស់ខ្លួនបាន ខាងលោកនឹងប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ