លោក​ ហ៊ុន សែន​ ណែនាំ​ឱ្យ​កាត់​បន្ថយ​ចំនួន​មន្ត្រី​​ហែហម​ និង​ចូលរួម​ពិធី​ផ្សេងៗ​ជាមួយ​លោក​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហែហមដោយមន្ត្រីថ្នាក់ដឹកនាំផ្សេងទៀត អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។ រូបភាព៖ ហ្វេសប៊ុក FN

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសទៅអភិបាលខណ្ឌទាំងអស់ ព្រមទាំងអាជ្ញាធរក្រុងភ្នំពេញ ដោយថា ត្រូវទៅបំពេញការងារ​ជូនពលរដ្ឋ និង​មិនត្រូវមកចំណាយពេលអង្គុយស្តាប់លោកក្នុងពិធីចែកសញ្ញាបត្រនោះទេ។

ថ្លែងក្នុងពិធីចែកសញ្ញាជូននិស្សិត​នៅព្រឹកនេះ លោក ហ៊ុន សែន ប្រាប់​ទៅ​ក្រុម​មន្ត្រី ឱ្យកាត់បន្ថយចំនួនមន្ត្រីដែលមកហែហម និងចូលរួមពិធីផ្សេងៗជាមួយលោក ដោយមិនត្រូវចំណាយពេល​ច្រើន​មកអង្គុយស្តាប់លោក ដែលធ្វើឱ្យខាតមន្ត្រីបម្រើការងារជូនពលរដ្ឋ។

លោក ហ៊ុន សែន បានស្តីបន្ទោសទៅអ្នករៀបចំពិធីការ ដោយថា មិនត្រូវចេះតែហៅមន្ត្រីឱ្យចូលរួមកម្មវិធីជាមួយលោកឡើយ ហើយវត្តមានអភិបាលខណ្ឌនីមួយៗអាចមានបាន វាលើកលែងតែលោក ចុះទៅខណ្ឌនោះប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ឥលូវនេះពីថ្ងៃនេះទៅ យកល្អ លោក​អភិបាលខណ្ឌទាំងឡាយហ្នឹង មិនបាច់មកចូលរួមអង្គុយស្តាប់នៅហ្នឹងទេ។ អស់លោកមានការងារធ្វើ ហើយត្រូវធ្វើនៅខាងក្រៅណោះ មកអង្គុយស្តាប់ធ្វើអីទៀតនៅហ្នឹងនោះ។ ឬក៏គេហៅតម្រូវ​ត្រូវតែឱ្យមកអីចឹង។ ក្រុងអីនេះ មិនបានមកទេ អាចអភិបាលរងអីមួយមកបានហើយ ឯក្រៅពីនោះ លោកខណ្ឌទាំងឡាយនេះ មានការងារច្រើនណាស់ មកអង្គុយស្តាប់អីនោះហ្នឹង»។

លោក ហ៊ុន សែន ជាមេដឹកនាំមួយកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានកាន់អំណាច​ជាង ៣០ឆ្នាំមកហើយ។

មេដឹកនាំរូបនេះ នៅពេលចេញទៅណាមកណា​ ពិសេសការចូលរួមរបស់លោក​ក្នុងវេទិកាម្តងៗ ទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា គេតែងសង្កេតឃើញថា មានមន្ត្រីហែហមអមក្បួនដំណើររាប់រាយនាក់ បន្ថែមលើកងកម្លាំង និង​កងអង្គរក្សរាប់រយនាក់ផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ