លោក​ សម រង្ស៊ី​៖​ ​​កឹម សុខា​ ចង់​បង្កើត​បក្ស​ថ្មី​ ជា​សង្រ្គាម​​ចិត្ត​សាស្រ្ត​​របស់​​​លោក​ ហ៊ុន​ សែន​​

លោក កឹម សុខា លោក ហ៊ុន សែន និងលោក សម រង្ស៊ី

លោក សម រង្ស៊ី ថ្លែងពីក្រៅប្រទេសថា លោកហ៊ុន សែន កំពុងភ័យស្លន់ស្លោ ដោយចង់គេចផុតពីសម្ពាធអន្តរជាតិ ដែលត្រូវបង្ខំដោះលែងលោក កឹម សុខា ហើយក៏បង្កើតជាសង្គ្រាមចិត្តសាស្ត្រថា លោក កឹម សុខា មានបំណងចង់សុំសិទ្ធិធ្វើនយោបាយឡើងវិញ និង ចង់ទៅបង្កើតគណបក្សថ្មីមួយទៀត។

ថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ស្នើឱ្យពលរដ្ឋ កុំជឿលើការឃោសនារបស់លោក ហ៊ុន សែន និងបក្សពួកដែលភូតភរថា លោក កឹម សុខា មានបំណងចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីខ្លួន​ ដោយថា នេះគ្រាន់តែជាសង្រ្គាមចិត្តសាស្ត្រប៉ុណ្ណោះ។

លោក សម រង្ស៊ី អះអាងថា លោក កឹម សុខា នៅតែស្មោះត្រង់ជាមួយប្រជារាស្ត្រ និងជាមួយគណបក្សសង្គ្រោះជាតិជានិច្ច ដោយថា​ លោក ហ៊ុន សែន ទៅវិញទេ ដែលកំពុងតែភ័យស្លន់ស្លោ ហើយចង់គេចផុតពីសម្ពាធអន្តរជាតិ ដែលបង្ខំឲ្យ​ដោះលែងរូបលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។

លោក សម រង្ស៊ី បានសរសេរលើ​ទំព័រហ្វេសប៊ុកថា៖ «ដោយសារតែ ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោនេះហើយ បានជាគាត់ដើរភូតកុហកគេឯងថា កឹម សុខា ចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីគាត់។ ហ៊ុន សែន ឃោសនាបែបនេះ ដើម្បីទៅបញ្ចុះបញ្ចូលអន្តរជាតិថា មិនចាំបាច់ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ ពីព្រោះ កឹម សុខា ចង់ទៅបង្កើតគណបក្សថ្មីមួយទៀត។ នេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រទេ»។

ក្រៅពីសារនយោបាយទាំងនេះ លោក សម រង្ស៊ី ក៏ធ្លាប់ប្រកាសជាច្រើនដងថា លោក ហ៊ុន សែន បានព្យាយាមបំបែកបំបាក់បក្សប្រឆាំងជាច្រើនលើកច្រើនសារ ពិសេសបំបែកក្រុម សម រង្ស៊ី និង កឹម សុខា ឱ្យចេញឆ្ងាយពីគ្នា។

ថ្លែងនៅថ្ងៃ​នេះក្នុងពិធីចែកសញ្ញាប័ត្រឱ្យនិស្សិតជាង ១ពាន់នាក់នៃសកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការបែកបាក់គណបក្សសង្រ្គោះជាតិ និងមន្ត្រីនៅក្នុងបក្សនេះ គឺមិនមែនជាស្នាដៃរបស់លោកនោះទេ។

លោកថា ការបែកបាក់ផ្ទៃក្នុងបក្សប្រឆាំងជា រឿងអសមត្ថភាពរបស់មេបក្ស ដែលមិនអាចគ្រប់គ្រងផ្ទៃក្នុងរបស់បក្សខ្លួនបាន ​។

លោកបន្តថា៖ «អ្នកប្រើពាក្យអំពី ហ៊ុន សែន បំបែកបំបាក់ អ្នកនិយាយបែបនេះ គឺ ស្មើនឹងអ្នកបង្អាប់ខ្លួនឯងទេ មិនមែនបង្អាប់ ហ៊ុន សែន ទេ។ អ្នកត្រូវដឹង បក្សនយោបាយមួយ អ្នកមិនអាចទាំងគ្រប់គ្រងផង ធ្វើឱ្យបក្សបែកបាក់ទៅជាចំរៀកៗ មានពួកក្នុងបក្ស មានក្រុមក្នុងបក្ស អ្នកមិនអាចធ្វើការសម្របសម្រួលបានផង។ តើអ្នកទៅដឹកនាំរាជរដ្ឋាភិបាលអាម៉េច? អ្នកទៅដឹកនាំកម្លាំងប្រដាប់អាវុធរបៀបម៉េច? »។  

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាជាធម្មតា នយោបាយកម្រនិយាយប្រាប់ថា ខ្លួនជាអ្នកកម្ចេចបក្សមួយ ឬ ក្រុមមួយនោះឡើយ ប៉ុន្តែមានយន្តការជាច្រើនដែលបង្ហាញថា អ្នកដឹកនាំគណបក្សកាន់អំណាច​បានចូលរួមបំបែកក្រុមបក្សប្រឆាំងផងដែរ។

ក្រៅពីនេះលោកថា បក្សប្រឆាំងខ្លួនឯងក៏មិនទាន់រកសំឡេងរួមពិតប្រាកដបានដែរ តែយ៉ាងណាលោកថា បើថ្ងៃអនាគត លោក សម រង្ស៊ី និង កឹម សុខា បែកបាក់ នឹងគ្មានវាសនាឈ្នះបក្សកាន់អំណាចបានឡើយ។

លោកមានប្រសាសន៍ថា៖ «គណបក្សប្រឆាំងយើងមិនដឹងថារូបភាពហ្នឹង អាចរក្សាឈ្មោះដដែល ឬក៏មិនបានទេ។ ប៉ុន្តែបើអ្នកនយោបាយបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា នៅថ្ងៃអនាគតឈានទៅរកការបែកបាក់​ ឬក៏វិវត្តទៅរកបក្សពីរផ្សេងគ្នាវិញ នោះគឺសំឡេង វាបាត់បង់ឱកាសយកជ័យជម្នះ ទៅលើគណបក្សកាន់អំណាចហើយ »។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយលោក ហ៊ុន សែន ចោទពីបទក្បត់ជាតិ។ ជាងពីរខែក្រោយការចាប់ខ្លួន លោក កឹម សុខា ​ ​តុលាការកំពូលក៏សម្រេច រំលាយចោលគណបក្សប្រឆាំង​ និងបានរំលាយចោលតំណែងមន្ត្រីបក្សនេះតាំងពីថ្នាក់ឃុំ រហូតដល់តំណែងអ្នកតំណាងរាស្ត្រ​ ព្រមទាំងហាមប្រាម​មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចំនួន១១៨ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ 

បច្ចុប្បន្នមានអតីតមន្ត្រីបក្សប្រឆាំងជាប់បម្រាមចំនួន៩ រូបហើយ ដែលបានដាក់លិខិតសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន និងបានទទួលសិទ្ធិធ្វើនយោបាយវិញ ព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទីហើយដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ