អ្នក​ស្លាប់​និង​រង​របួស​ដោយសារ​មីន​កើន​ឡើង​១០០​ភាគរយ​នៅ​ដើម​ឆ្នាំ​នេះ​

គ្រាប់មីន

ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន​ បានលើកឡើងថា រដ្ឋាភិបាលមានការសោកស្តាយ និងព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះការកើនឡើងនៃការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលបានកើនឡើង១០០ភាគរយ នៅដើមឆ្នាំ២០១៩នេះ។​

ទំព័រហ្វេសប៊ុកអាជ្ញាធរមីននៅថ្ងៃនេះ ដោយដកស្រង់ប្រសាសន៍ទេសរដ្ឋមន្ត្រី និង អនុប្រធានទី១ នៃអាជ្ញាធរមីន​ លោក លី ធុជ បានបង្ហាញក្តីបារម្ភនិងសោកស្តាយចំពោះអ្នករងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះនេះ ហើយលោកក៏ស្នើសុំឲ្យគ្រប់ប្រតិបត្តិករទាំងអស់បង្កើនការយកចិត្តទុកដាក់​អប់រំការយល់ដឹងពីមីន និងស្នើសុំឲ្យនគរបាលជាតិ​ផ្សព្វផ្សាយច្បាប់ស្តីពីគ្រប់គ្រងគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅតាមភូមិ ឃុំ។

ទំព័រហ្វេសប៊ុកស្រង់ប្រសាសន៍លោក លី ធុជ ៖ « ​ កិច្ចប្រជុំនេះនឹងផ្តល់ជាវេទិកាដល់ប្រតិបត្តិករជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធបង្ហាញពីសមិទ្ធផលដែលសម្រេចបាន ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនៅក្នុងវិស័យសកម្មភាពមីនទាំងមូល និងលើកទិសដៅបន្តឈានទៅរកការអនុវត្តការងារប្រកបដោយប្រសិទ្ធ​ភាពខ្ពស់ និងប្រសិទ្ធផល »។

គិតចាប់ពីខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ មានជនរងគ្រោះស្លាប់ និងរបួសចំនួន ៣៥នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើងស្ទើរតែ ១០០ ភាគរយ។

កន្លងមក សហរដ្ឋអាមេរិក ធា្លប់អះអាងថា ​ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ខ្លួនបានចំណាយថវិកាជាង១៣១លានដុល្លារសំរាប់គម្រោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលសល់ពីជម្លោះផ្ទៃក្នុង និងជម្លោះក្នុងតំបន់កាលពីសម័យសង្គ្រោម។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាគិតត្រឹមខែវិច្ឆិកា ​ឆ្នាំ២០១៨ ជនរងគ្រោះដោយសារគ្រាប់មីន​​​និងគ្រាប់មិនទាន់ផ្ទុះសរុបមានចំនួនជាង៦ម៉ឺននាក់(៦៤ ៧៧១)  ​ក្នុងនោះជិត២ម៉ឺននាក់ត្រូវបានស្លាប់ និងមាន​ជាង៤ម៉ឺននាក់ទៀត​ពិការ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ