កម្ពុជា​​ស្នើ​​ចិន​​​ជួយ​​បង្កើត WeChat ជា​ភាសាខ្មែរ​​​ដើម្បី​​ពង្រឹង​​ពាណិជ្ជកម្ម និង​​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​

បុរសម្នាក់កំពុងតែកាន់ទូរសព្ទ តំឡើងកម្មវិធី WeChat ក្នុងទូរសព្ទរបស់គាត់។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

ក្រសួង​ពាណិជ្ជកម្ម ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​​ចិន​ក្នុង​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ WeChat ជា​ភាសា​ខ្មែរ​ ដោយ​ថា ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិចនៅ​កម្ពុជា និង​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​។

យោង​តាម​ការ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ម្សិលមិញ ក្នុង​ជំនួប​ជា​មួយ​អនុប្រធាន​មូលនិធិ​ហ្សិនចិន សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ លោកស្រី តៅ យីតៅ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរស័ក្កិ ​មាន​ប្រសាសន៍​ថា​ កម្មវិធី​ទូរស័ព្ទ​ដៃ WeChat ជា​ភាសាខ្មែរ​នេះ នឹង​ផ្ដល់​ឲ្យ​​អ្នក​ប្រើប្រាស់អាច​ទូទាត់​ការ​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​ប្រើប្រាស់​បាកូដ​  និង​អាច​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី តៅ យីតៅ (Tao Yitao) អនុប្រធានមូលនិធិហ្សិនចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសុវត្ថិភាពព័ត៌មាន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce

អនុ​ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ លោក ស ម៉ូរី ស្វាគមន៍​ចំពោះ​ការ​យក​បច្ចេកវិទ្យា​ថ្មី​ៗ​ដើម្បី​សម្រួល​ដល់​ទំនាក់ទំនង​ និង​ពាណិជ្ជកម្ម​របស់​ពលរដ្ឋ។ ប៉ុន្តែ ​លោក​ស្នើ​ដល់​រដ្ឋាភិបាល​គួរ​មាន​វិធាន​ការ​ដើម្បី​ការ​ពារ​ទិន្នន័យ​ និង​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ខណៈ​លោក​លើក​ឡើង​ពី​កម្មវិធី​នេះ ​ដែល​បាន​ប្រើប្រាស់​នៅ​ប្រទេស​ចិន​ត្រូវ​បាន​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​ទៅ​លើ​ទិន្នន័យ​របស់​ពលរដ្ឋខ្លួន។

លោក​ថា៖ «សម្រាប់​ករណី​នៅ​ស្រុក​ខ្មែរ ​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ទេ តែ​បើ​សិន​ជា​មាន​ការ​ប្រើប្រាស់​ WeChat នៅ​ស្រុក​ខ្មែរ​តាម​រយៈ​ជំនួយ​បច្ចេកទេស​ពី​ចិន​ ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​ និង​ភាគី​ពាក់​ព័ន្ធ​ត្រូវ​ធានា​ថា ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នោះ ​គឺ​ត្រូវ​បាន​ការពារ​ឲ្យ​មាន​សុវត្ថិភាព​បំផុត។ ព្រោះ​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​កតិកាសញ្ញា​អំពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ គឺ​បាន​ធានា​នូវ​សិទ្ធិ​មនុស្ស​គ្រប់​រូប​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្ដល់​សច្ចាប័ន​ដែរ​ អញ្ចឹង​សិទ្ធិ​នោះ​គឺ​ត្រូវ​បាន​ការ​ពារ​ទាំង​ក្រៅ និង​ក្នុង​លំហ​បច្ចេកវិទ្យា​ដូច​គ្នា»។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ឡុង កែមវិចិត្រ មាន​ប្រសាសន៍បញ្ជាក់បន្ថែម​​ថា ​អ្វី​ដែល​រដ្ឋមន្ត្រី​ស្នើ​សុំ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ក្នុង​ការ​យក​បច្ចេកវិទ្យា​ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច​កម្ពុជា​ប៉ុណ្ណោះ។ ​លោក​បន្ថែម​ថា ​ប្រសិន​ជា​មាន​ការ​វិវត្តជា​វិជ្ជមាន​បន្ថែម​ទៀត​នោះ​ក្រសួង​នឹង​ភាគី​ពាក់​ព័ន្ធ​ នឹងពិនិត្យផងដែរដើម្បីធានាដល់សិទ្ធិរបស់ពលរដ្ឋ។

លោកថា៖ «WeChat ឬក៏​សេវា​ដទៃ​ទៀត​ដែល​ក្រុមហ៊ុន​នោះ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​អ្វី​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​អម្បាញ់មិញ។ អញ្ចឹង ​មិន​មែន​ថា ​យក​គាត់​មក​ហើយ​យើង​អត់​មើល​តាម​ដាន​នោះ​ទេ​ ព្រោះ​នេះ​ជា​អ្វី​ដែល​យើង​គួរ​តែ​តាម​ដាន​ផង​ដែរ » ។

ទោះ​ជា​យ៉ាង​ណាក្នុងជំនួប​កាលពីម្សិលមិញ ​គណៈប្រតិភូ​ចិន​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ ដោយ​ថា ​យក​ទៅ​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ដែល​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ​សិន។

កម្មវិធី​ WeChat ជា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​របស់​រដ្ឋាភិបាល​ចិន ដែល​វា​មាន​មុខងារ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត​ផង​ដែរ តែ​វា​អាច​ឲ្យ​អ្នក​ប្រើប្រាស់​អាច​​ប្រតិការ​ចំណូល​ចំណាយ​ពាណិជ្ជកម្ម​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦ របស់​អង្គការ​ Amnesty អន្តរជាតិ​បាន​រក​ឃើញ​ថា កម្មវិធី​ទូរស័ព្ទ​ WeChat នេះ​មិន​បាន​ការពារ​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ ​ដោយ​ក្នុង​នោះ​រាប់​ចាប់​ពី​ការ​អនុញ្ញាត​ឲ្យ​ភាគី​ទី​៣​ចូល​មើល​សារ​ទំនាក់ទំនង​របស់​អ្នក​ប្រើប្រាស់​បាន​ និង​ការ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​សុំ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​បាន​ដោយ​សំងាត់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ