លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​តំណែង​មេ​​ប៉េអឹម​​ខេត្ត​ក្រចេះ ​ក្រោយ​​កូន​ប្រុស​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ​

លោក សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​កំពង់ចាម​ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ត្រី និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍​ត្រី សាន្ត ប៊ុនថាន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​។ រូបភាព៖ បណ្ដាញសង្គម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​មេ​ប៉េអឹម​ខេត្ត​ក្រចេះ ក្រោយ​ពី​កូន​ប្រុស​របស់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ ត្រូវ​បាន​ចោទ​ថា បាន​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូនប្រុសដែលដកកាំភ្លើងគំរាមពលរដ្ឋនៅខេត្តកំពង់ចាម ចូលមកដោះស្រាយនៅតុលាការ បើមិនចង់បាត់បង់តួនាទី។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ផ្តាំទៅមេប៉េអឹមខេត្តក្រចេះផង! បញ្ចុះបញ្ចូលកូនឲ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក! វាអត់ទាន់មានរឿងអីទេ ប៉ុន្តែ បើសិនស្រឡាញ់កូនពេក អ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង»

លោក សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​កំពង់ចាម​ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ត្រី និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍​ត្រី សាន្ត ប៊ុនថាន មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​តុលាការ​ខេត្តកំពង់ចាម​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ ក្រោយ​ពី​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម​ប្ដឹង​ថា បាន​ប្រើ​អំពើ​ហិង្សាដោយ​ចេតនា និង​គំរាម​កំហែង​បាញ់​សម្លាប់នៅ​ក្នុង​ជម្លោះ​មួយ​កាល​ពី​សប្ដាហ៍​មុន។

វីដេអូ​កាមេរ៉ា​សុវត្ថិភាព​មួយ បាន​បង្ហាញ​បុរស​ម្នាក់​​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​ បាន​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀត នៅ​ឯ​ហាង​បម្រើ​សេវា​អ៊ីនធឺណិត​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ