ស្នងការ​​រាជធានី​​ព្រមាន​​បណ្ដេញ​​​មន្ត្រី​​​ប្រើប្រាស់​​គ្រឿងញៀន​​ចេញ​​ពី​​ក្រប​ខណ្ឌ​​នគរបាល​

ឧត្តមសេនីយ៍ឯក ស ថេត ក្នុងពិធីប្រកាសចូលកាន់តំណែង ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

មេ​​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ​ព្រមាន​​បណ្ដេញ​​មន្ត្រីនគរបាល​​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ ហើយ​ថា នឹង​ដាក់​មន្ត្រី​នគរបាល​ទាំង​អស់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ទឹក​នោម។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក ស ថេត បាន​ព្រមាន​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​នៅ​ព្រឹក​នេះ ​ដោយ​​បាន​ហាម​មន្ត្រី​នគរបាល​រាជធានី​ទាំង​អស់​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។

លោក​សរសេរ​ថា៖ «នៅ​ពេល​គោរព​ទង់​ជាតិ ខ្ញុំ​ក៏​បាន​លើក​ឡើង​អំពី​ការ​វិវត្តន៍​សភាព​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដល់​កង​កម្លាំង ហើយ​ខ្ញុំ​ក៏​បាន​ប្រកាស​ថា ​មន្ត្រី​នគរបាល​​ដាច់​ខាត​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​នៅ​ពេល​ខាង​មុខ នឹង​ធ្វើ​តេស្ត​ទឹកនោម ប្រសិន​បើ​រក​ឃើញ​មន្រ្តី​ណា​មាន​សារធាតុ​ញៀន នឹង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ»

លោក ស ថេត ​បាន​​ថ្លែង​ប្រាប់ ​VOD បន្ថែម​ថា​ ការ​ព្រមាន​នេះ ​គឺ​ជា​ការ​រំលឹក​ដល់​មន្ត្រី​នគរបាល​រាជធានី​ទាំង​អស់ ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រឿងញៀន​ ខណៈ​មន្ត្រី​ទាំង​នោះ​ក្រៅពី​​ដេញ​ចេញ​ហើយ ​នឹង​ត្រូវ​សម្រេច​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​​ផង​ដែរ។

លោក​ថា៖ «ចុះញៀនមានអីប្រសិនជាគាត់ស្ម័គ្រចិត្តគាត់អាចទៅព្យាបាលនៅមណ្ឌលបានតើ។ វាមិនមែនជាការជួញដូរទេអ្នកញៀនគឺជាជនរងគ្រោះ។ បើសិនជាយើងរកឃើញគាត់អាចស្ម័គ្រចិត្តខ្លួនគាត់ ក៏អាណាព្យាបាលយកទៅព្យាបាលនៅមណ្ឌលទៅ»

ទី​ប្រឹក្សាកម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា លោក ឈាង សុខា មាន​ជំនឿ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​វិធានការណ៍​ថ្មី​នេះ​ ដោយ​សារ​ការ​អនុវត្តន៍​វិធាន​ការ​កាល​ពី​កន្លង​ទៅ​គឺ​ច្រើន​តែ​ខុស​ពី​ការ​លើក​ឡើង​។

លោកថា៖ «បើសិនជាឃើញហើយមិនត្រូវរើសមុខទេ បើឃើញហើយកូនអ្នកណាក៏ដោយខ្សែអ្នកណាក៏ដោយ គឺយើងធ្វើឲ្យអស់លទ្ធភាពដើម្បីបង្ហាញពីតម្លាភាពទៅមហាជន ហើយបើធ្វើបែបនេះបានវាជារឿងមួយល្អ ដែលជាគំរូភាពមួយល្អហើយពលរដ្ឋក៏ចាប់ផ្ដើមមានទំនុកចិត្តជាមួយរដ្ឋាភិបាលដែរ។ គ្រាន់តែថាជាទូទៅយើងឃើញហើយថាវាកម្រណាស់អ្វីដែលបាននិយាយបានត្រឹមនិយាយ តែដល់ធ្វើមិនធ្វើដូចការនិយាយដែលធ្វើឲ្យពលរដ្ឋគាត់អស់សង្ឃឹមដែរនិយាយឲ្យស្មោះត្រង់ទៅ»

កាល​ពី​ថ្ងៃ​ទី​២១ មីនា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ជំរុញ​ដល់​មន្ដ្រី​ទាំង​អស់​ចូលរួម​ទប់​ស្កាត់​បង្ក្រាប​ការ​ចរាចរណ៍​ និង​ប្រើប្រាស់​គ្រឿង​ញៀន ខណៈ​លោក​ក៏​ព្រមាន​ផង​ដែរ​ទៅ​លើ​មន្ត្រី​ណា​ដែល​ហ៊ាន​​ចេញ​មុខ​អន្តរាគមន៍​​ការ​អនុវត្តន៍​របស់​មន្ត្រី​ជំនាញគ្រឿង​ញៀន។

ក្នុងឆ្នាំ២០១៨ កម្ពុជា​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ជាង​ ៨ពាន់​ករណី ក្នុង​នោះ​ឃាត់​ខ្លួន​ជន​សង្ស័យ បាន​ជាង ១ម៉ឺន ​៦ពាន់​នាក់ ក្នុង​នោះ​ស្រី ១,៣៣៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ