មន្ត្រី​​នគរបាល​​នៅខេត្តត្បូងឃ្មុំស្នើសន្តិសុខ​ខណ្ឌ​ដូនពេញ​បញ្ឈប់​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ

មន្ត្រី​នគរបាល​ចរាចរណ៍ណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក សួន បូណា បង្ហាញមុខរបួសដែលក្រុមសន្តិសុខខណ្ឌដូនពេញប្រើអំពើហិង្សាមកលើខ្លួន។ រូបភាព៖ ហ្វេសប៊ុក Sophea Sin

មន្ត្រី​នគរបាល​ម្នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​ប្ដឹង​សន្តិសុខ​​ ២​រូប​​នៅ​ក្នុង​ខណ្ឌ​ដូនពេញ ដោយ​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ចរាចរណ៍ណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក សួន បូណា បាន​អះ​អាង​ថា រូប​លោក​បាន​រង​របួស​បែក​ក្បាល ក្រោយ​ពី​រង​អំពើ​ហិង្សា​ពី​សំណាក់​សន្តិសុខ ២​រូប​នៅ​ក្នុង​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

មន្ត្រី​នគរបាល​រូប​នេះ បញ្ជាក់​ថា សន្តិសុខ​ខណ្ឌដូនពេញ​ទាំង ២​រូប​ដែល​ប្រើអំពើ​ហិង្សា​លើ​រូប​លោក​មាន​ម្នាក់​ឈ្មោះ រដ្ឋ និង​ម្នាក់​ទៀត ឈ្មោះ សូ សុផល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏ជានគរបាលចរាចរណ៍​មួយរូបដែរ ខ្ញុំក៏ធ្លាប់រៀបចំ​សណ្តាប់ធ្នាប់ជូនសង្គមដែរ ហើយក៏ធ្វើការជូនជាតិដែរ។ ការបញ្ចៀសចរាចរណ៍ ការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍​ យើងគ្រាន់តែប្រាប់តៃកុងឡាន​ឱ្យគាត់ដូរគោលដៅ​ពីកន្លែងដែលគាត់ឈប់ហ្នឹង ឱ្យគាត់ទៅមុខទៅ កុំមានការប្រើហិង្សា ឬ​មានអី។ ទោះជារូបភាពណាមួយក៏ដោយ សុំកុំឱ្យមាន​ការប្រើអំពើហិង្សាទៅលើមនុស្ស»

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​លើក​សរសើរ​ពី​គុណធម៌​របស់​លោក សួន បូណា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាប័ន​នេះ​ផ្ទាល់ ក្រោយ​ពី​លោក​បាន​ដឹក​យាយ​តា ២​នាក់​ពី​ខេត្ត​ត្បូងឃ្មុំ មក​កាន់​រាជ​ធានី​ភ្នំពេញ​ដោយ​មិន​យក​កំរៃ ប៉ុន្តែ ​ថា លោក បូណា ត្រូវ​បាន​​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ​ឲ្យ​បែក​ក្បាល និង​ជំរិត​ទារ​ប្រាក់ ៥​ម៉ឺន​រៀល។

ក្រោយកើតហេតុមួយថ្ងៃ មន្ត្រីនគរបាលរូបនេះ ក៏បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្តឹង​សន្តិសុខទាំងពីរនាក់ និងបក្ខពួក ពីបទហិង្សា​ដោយចេតនាមានស្ថានទម្ងន់។

អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានទទួល​ស្គាល់​ថា​ ពិត​ជា​មាន​ករណី​នេះ​កើត​ឡើង​មែន ហើយ​ថា បណ្ដាល​មក​ពី​មន្ត្រីនគរបាល​រូបនោះ ឈប់ដាក់អ្នក​ដំណើរ​នៅកន្លែងហាម​ឃាត់ ដោយមិនព្រមចេញ ខាងកងសន្តិសុខមានបំណងឃាត់យកមកអប់រំនៅសាលាខណ្ឌ។

យ៉ាងនេះក្តី លោកបានបញ្ជាឱ្យកងសន្តិសុខទាំងនោះចូលបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនាថ្ងៃនេះ ប៉ុន្តែ លោកច្រានចោលការលើកឡើងថា សន្តិសុខរបស់លោកជំរិតទារប្រាក់ពីមន្ត្រីរូបនោះ។

លោកមានប្រសាសន៍ថា៖ «ជំរិតយកលុយប្រាំម៉ឺន ជារឿងចោទប្រកាន់ហើយ គ្មានការពិតទេរឿងហ្នឹង ហើយខ្ញុំឱ្យប្រជាការពារចូលបំភ្លឺនៅនាយកដ្ឋានបទល្មើសព្រហ្មទណ្ឌនៅក្រសួងមហាផ្ទៃហើយ។ ខ្ញុំជាអ្នកឱ្យចូលបំភ្លឺផ្ទាល់ ព្រោះខ្ញុំក៏មិនគាំទ្រដែរ ប្រសិនបើមានអំពើល្មើសច្បាប់ ប៉ុន្តែ នេះខ្ញុំជឿថា អាចជាការយល់ច្រឡំ ឬជាការចោទប្រកាន់គ្នាទៅវិញទៅមក​»

ប្រធានការិយាល័យផ្នែកអង្កេតនៃអង្គការលីកាដូ អំ សំអាត ដែលធ្លាប់ត្រូវបានកងសន្តិសុខខណ្ឌដូនពេញវាយដំយ៉ាងដំណំកាលពីចុងឆ្នាំ២០១៦ ដែរនោះ មានប្រសាសន៍ថា វប្បធម៌និទណ្ឌភាព និងការលើកទឹកចិត្តដល់អ្នកប្រើអំពើហិង្សានោះហើយ ដែលនាំឱ្យបញ្ហានេះនៅតែកើតមានឡើង។

លោក សំអាត បន្ថែមថា ចំណាត់ការផ្លូវច្បាប់ពិតប្រាកដទៅលើក្រុមសន្តិសុខខណ្ឌដូនពេញដែលប្រើអំពើហិង្សាទៅលើមន្ត្រីចរាចរណ៍ពេលនេះ នឹងក្លាយជាគំរូមួយឈានទៅកាត់បន្ថយការប្រើប្រាស់ហិង្សាទៅលើពលរដ្ឋពីសំណាក់កងកម្លាំង ឬកងសន្តិសុខផងដែរ។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ប្រសិនបើមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយអ្នកដែលប្រើប្រាស់អំពើហិង្សាត្រូវទទួលទោសទៅតាមផ្លូវច្បាប់ អាហ្នឹងវាជាគំរូមួយល្អ​នៃការប្រើប្រាស់អំពើហិង្សាពីសំណាក់កងសន្តិសុខហ្នឹង ហើយក៏ជាគំរូ​សម្រាប់អ្នកក្រោយហ្នឹង គាត់មានការគិតពិចារណា មុននឹងប្រើអំពើហិង្សា ព្រោះកាលណាប្រើប្រាស់អំពើហិង្សាខ្លួនត្រូវប្រឈមុខចំពោះមុខច្បាប់ ប្រឈមមុខនឹងការជាប់ពន្ធនាគារ»

កងសន្តិសុខខណ្ឌដូនពេញ ចូលរួម​ក្នុង​ការ​បង្ក្រាប​លើ​ការ​ប្រមូល​ផ្ដុំ ឬ​បាតុកម្ម​នានា ជាពិសេស​ការ​តវ៉ា​របស់​សកម្មជន​ដី​ធ្លី ពិធី​ជួប​ជុំ និង​ដង្ហែក្បួន​របស់​សកម្មជន​សិទ្ធិ​មនុស្ស កម្មករ និង​ក្រុម​បក្ស​ប្រឆាំង​។

សកម្មជន​សិទ្ធិ​មនុស្ស​ លោក អំ សំអាត ផ្ទាល់ បាន​រង​ការ​វាយ​ដំ​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦​កន្លង​មក អំឡុង​ពេលលោក និង​ក្រុម​សកម្មជន​ដី​ធ្លី បាន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ