របាយការណ៍​​អន្តរជាតិ​​មួយ​​ចាត់​​ថ្នាក់​​សេរីភាព​​សង្គម​​ស៊ីវិល​​នៅ​​កម្ពុជា​​ស្ទើរ​​តែ​​គ្មាន​​ទាល់​​តែ​​សោះ​

សមត្ថកិច្ច បិទទ្វារស្តាតអូឡាំពិក មិនឲ្យក្រុមអង្គការសង្គមស៊ីវិលដែលប្រារព្ធទិវា នារីអន្តរជាតិ ហែញត្តិយកទៅដាក់នៅទីស្តីការគណៈរដ្ឋមន្រ្តី។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍ /Screenshot

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​ បាន​វាយ​តម្លៃ​សេរីភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​រង​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ រាប់​ចាប់​តាំង​ពី​ការ​ចោទប្រកាន់ និង​ការ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្នុង​របាយការណ៍​របស់​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​សកល​ (CIVICUS) ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ខែ​មីនា​នេះ​ ចែក​ចំណាត់​ថ្នាក់​សេរីភាព​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ចំនួន​ ១៩៥​ ​ទូទាំង​ពិភពលោក​ ជា​ ៥​ចំណាត់​ថ្នាក់​ដែល​រួមមាន ​​ចំណាត់​ថ្នាក់​សេរីភាព​ពេញ​លេញ ​តូច​ចង្អៀត ​ការ​រាំង​ខ្ទប់ បង្ក្រាប និង​ចំណាត់​ថ្នាក់​គ្មាន​សេរីភាព​ទាល់​តែ​សោះ ក្នុង​នោះ​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដែល​សង្គម​ស៊ីវិល​រង​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល។

របាយការណ៍​ដដែល​នោះ​ បាន​លើក​ឡើង​​ថា​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​មក​ ការ​ធ្វើ​សកម្មភាព​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​បាន​រារាំង​ ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មាន​​លំហសេរីភាព​​តិច​បំផុត ហើយ​​សង្គម​ស៊ីវិល​មួយ​ចំនួន​ ក៏​រង​នូវ​ការ​គំរាម​កំហែង​ពី​ការ​ប្រើ​ច្បាប់​ដោយ​រដ្ឋាភិបាល​ផង​ដែរ។

ក្នុង​របាយការណ៍​នោះ​សរសេរ​ថា៖ «ចំនួន​ច្បាប់ និង​បទបញ្ជា ​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​សង្គមស៊ីវិល​ រួម​មាន​ច្បាប់​អង្គការ​សង្គម​ស៊ីវិល ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​ច្បាប់​ពន្ធដារ​ជា​ដើម។ ការ​ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រឆាំង​សកម្មជន​សង្គម​ស៊ីវិល ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទម្រង់​ផ្សេងៗ​នៃ​ការ​បំភិតបំភ័យ​ បាន​បន្ថែម​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ប្រតិបត្តិ​របស់​សង្គម​ស៊ីវិល​ផង​ដែរ»

VOD មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ផាត សុផានិត បាន​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ដើម​ឆ្នាំ​នេះ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើក​ឡើង​ថា ​គ្មាន​សង្គម​ស៊ីវិល​ណា​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​​ចាត់​ចូល​ក្នុង​បញ្ជី​ខ្មៅ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ទេ ខណៈ​លោក​​អះអាង​ថា ​វិធានការ​កាល​ពី​កន្លង​ទៅ​របស់​រដ្ឋាភិបាល​ គឺជា​ការ​អនុវត្ត​ច្បាប់ និង​ពង្រឹង​នីតិរដ្ឋ​​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​សមាគម​ការពារ​​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា​ ទោះ​បី​ជា​មាន​ការ​ធានា​អះអាង​ពី​ថ្នាក់​ដឹកនាំ​រដ្ឋ​ក៏​ដោយ​ តែ​លោក​សង្កេត​ឃើញ​ថា​ បញ្ហា​នេះ​នៅ​តែ​កើត​មាន​នៅ​ឡើយ។

សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ បាន​​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​ទទួល​យក​របាយការណ៍​នេះ​មក​ពិនិត្យ​ ដើម្បី​ឲ្យ​ដឹង​ពី​អ្វី​ដែល​គេ​រិះគន់​ និង​​កែសម្រួល​ផង​ដែរ។

លោក ស៊ឹង សែនករុណា ប្រាប់​ថា៖ « ខេត្ត​មួយ​ចំនួន​មិន​បាន​គោរព​តាម​សេចក្ដី​ណែ​នាំ​របស់​ក្រសួង​មហាផ្ទៃ​ទេ ហើយ​ឃើញ​ថា ​អាជ្ញាធរ​ឃុំ​អាជ្ញាធរ​ប៉ូលិស​នៅ​មូលដ្ឋាន​អី​ហ្នឹង​ តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​សមាជិក​អង្គការ​ខាង​ខ្ញុំ​ ដែល​ចុះ​បំពេញ​ការងារ​ តែងតែ​មាន​ការ​កោះ​ហៅ​ពី​មន្ត្រី​ប៉ូលិស​ទៅ​សាកសួរ មាន​ជន​ស៊ីវិល​ទៅ​ជ្រៀតជ្រែកពេល​ដែល​យើង​បំពេញ​ការ​ងារ​ជា​ដើម​»

កាល​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​គ្រប់គ្រង និង​ធានា​ការ​អនុវត្ត​ច្បាប់​សមាគម​ និង​អង្គការ​បរទេស​ដែល​ធ្វើ​ការ​នៅ​កម្ពុជា ខណៈ​សង្គម​ស៊ីវិល​ចាត់​ទុក​វិធាន​ថ្មី​នេះ​ជា​ការ​គំរាមកំហែង​មួយ​ទៀត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ជំរុញឲ្យមាន​​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ អង្គការ​សមាគម​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ ៥ ៣៦៣ អង្គការ នៅ​ក្នុង​នោះ​សមាគម​មាន​ចំនួន ២,១៧៩ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ ៣ ១៤៩៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ